Thursday, November 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការផលិតរថយន្ត ចិនបានឡើងវ៉ាជប៉ុនហើយ មិនត្រឹមតែនាំចេញច្រើននោះទេ គឺដើរលឿនក្នុងការផលិតរថយន្តអគ្គិសនីដ៏ច្រើនផងដែរ 

បើនិយាយពីរថយន្តវិញ នរណាៗក៏នឹកឃើញដល់ប្រទេសជប៉ុនជាប្រទេសដែលផលិតរថយន្តបានច្រើនជាងគេដែរ តែពេលនេះ មិនដូច្នោះទេ គឺប្រទេសចិនបានឡើងវ៉ាជប៉ុនវិញហើយ, បើតាមទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តជប៉ុន (JAMA) បានបង្ហាញកាលពីចុងខែមករា ឆ្នាំ២០២៤ ថា ប្រទេសចិនបានឡើងវ៉ាដាច់ប្រទេសជប៉ុន ក្លាយជាអ្នកនាំចេញរថយន្តដ៏ធំបំផុតក្នុងពិភពលោកកាលពីឆ្នាំមុន។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយដោយសមាគមក្រុមហ៊ុនផលិតរថយន្តជប៉ុនថា ប្រទេសជប៉ុន បាននាំចេញរថយន្តចំនួន ៤,៤២លានគ្រឿងក្នុងឆ្នាំ២០២៣ ខណៈដែលសមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) បានរាយការណ៍ថា ប្រទេសចិនបាននាំចេញចំនួន ៤,៩១លានគ្រឿង ក្នុងឆ្នាំ ២០២៣ ដូចគ្នា។ ទោះជាសមាគមក្រុមហ៊ុនផលិតរថយន្តចិនអះអាងបែបនេះមែន ប៉ុន្តែការិយាល័យគយរបស់ប្រទេសចិនបានបញ្ចេញរបាយការណ៍ថា តួលេខនាំចេញរថយន្តរបស់ចិន ខ្ពស់ជាងនេះ គឺ ៥,២២លានគ្រឿងឯណោះ ដែលកើនឡើងយ៉ាងខ្លាំង គឺ ៥៨% បើធៀបនឹងឆ្នាំ២០២២។

គេបានពិនិត្យឃើញថា វិស័យរថយន្តរបស់ប្រទេសចិន បានរីកដុះដាលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយផ្នែកធំដោយសារតែការវិនិយោគយ៉ាងច្រើនក្នុងការផលិតរថយន្តអគ្គិសនី ពោលគឺ ជាវិស័យមួយដែលក្រុមហ៊ុនជប៉ុនមានការប្រុងប្រយ័ត្នជាងចិន ហើយមិនទាន់ធ្វើឱ្យលេចធ្លោ។

ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន បានផ្តោតជាយូរមកហើយលើរថយន្តកូនកាត់ដែលរួមបញ្ចូលគ្នានូវថាមពលអាគុយ និងម៉ាស៊ីនចំហេះប្រើឥន្ធន: ដែលជាវិស័យមួយធ្វើឱ្យក្រុមហ៊ុនជប៉ុនបានលេចធ្លោជាមួយនឹងរថយន្ត Toyota Prius, ប៉ុន្តែចិនមិនដូច្នេះទេ គឺចិនបានឡើងដល់ការផលិតរថយន្តប្រើថាមពលអគ្គិសនីទៅហើយ និងនាំចេញច្រើនទៀត។

ក្រុមហ៊ុនចិន BYD ក្នុងខែកុម្ភ: ឆ្នាំ២០២៤ នេះ ដណ្តើមបានមកុដរបស់ក្រុមហ៊ុន Tesla ក្នុងនាមជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីច្រើនជាងគេ ដោយទាញយកប្រយោជន៍ពីការគាំទ្ររបស់រដ្ឋាភិបាលចិនសម្រាប់វិស័យដែលកំពុងរីកចម្រើននេះ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×