Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលម្នាក់ និងប្រជាការពារពីរនាក់ ត្រូវបានចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្នរង់ចាំជម្រះ

រាជធានីភ្នំពេញ ÷ ជនសង្ស័យ ៣នាក់ ដែលក្នុងនោះមាន មន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យ៣ម្នាក់ និង២នាក់ទៀតជាប្រជាការពារក្នុងមូលដ្ឋានត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានី លោក ទិត សុទ្ធីបូរ៉ាឆាត សម្រេចឃុំខ្លួនហើយ រង់ចាំការជំនុំជម្រះពេលក្រោយ ពាក់ព័ន្ធនឹងបទល្មើស «កំហែងយក និងបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងមុខងារសាធារណៈ»។ នេះបើតាមប្រភពពីតុលាការប្រាប់ដល់អ្នកសារព័ត៌មានកាលពីម្សិលមិញ។

ជនសង្ស័យទាំង៣នាក់នេះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន ក្រោយពេលទទួលបានព័ត៌មានថា មានយុវជន ០៥នាក់ បានផ្ដល់សម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅលើបណ្ដាញសង្គម កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដោយចោទប្រកាន់ថា មានសមត្ថកិច្ចគាបយកលុយ នៅចំណុចស្ថានីយប្រេងឥន្ធនៈតេលាលូប្រាំ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ បានធ្វើឱ្យមានការចាប់អារម្មណ៍ដល់ថ្នាក់ដឹកនាំខណ្ឌមានជ័យទ និងស្នងការនគរបាលរាជធានីភ្នំពេញតែម្ដង ទើបឈានទៅដល់ការស្រាវជ្រាវឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។

ជនសង្ស័យទាំង ៣នាក់ រួមមាន ៖ ១-ឈ្មោះ នាង វណ្ណី ហៅ ប៉ាន់នី ភេទប្រុស ជនជាតិខ្មែរ ជាប្រជាការពារ, ២-ឈ្មោះ គឹម សុខា ហៅ ហង្ស១៣ ភេទប្រុស ជនជាតិខ្មែរ ជាប្រជាការពារ, និង ៣-អនុសេនីយ៍ឯក ព្រុំ វណ្ណរឿន ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣។ អ្នកទាំង៣ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង បានចោទប្រកាន់ ពីបទ «កំហែងយក និងបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងមុខងារសាធារណៈ» តាមមាត្រា ៣៦៣ និង៦០៩ នៃក្រមព្រហ្មទណ្ឌ ហើយមកដល់ពេលនេះត្រូវបានចៅក្រមសម្រេចឃុំខ្លួន។

ករណីកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនមន្ត្រីប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ៣ ម្នាក់ និងប្រជាការពារ ២នាក់ ពីបទកំហែងយកប្រាក់នេះ ត្រូវបានសាធារណជនសាទរយ៉ាងខ្លាំង ព្រោះនេះជាទម្រង់ការងារបោសសម្អាតក្រុមមន្ត្រីយកអំណាចតួនាទីភារកិច្ចរបស់ខ្លួនគាបសង្កត់ ជិះជាន់ និងធ្វើស៊ីប្រជាពលរដ្ឋស្លូតត្រង់ ដែលកន្លងមក មិនថាតែក្នុងទឹកដីខណ្ឌមានជ័យប៉ុណ្ណោះទេ គឺកើតមានញឹកញាប់ណាស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយត្រូវបានសារព័ត៌មានចុះផ្សាយជារឿយៗ ដូច្នេះសូមកម្លាំងនគរបាលក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អនុវត្តបែបនេះ ឬបង្ក្រាបបែបនេះជាបន្តទៀត ដើម្បីតម្លៃសេចក្ដីថ្លៃថ្នូររបស់មន្ត្រីនគរបាលជាតិ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×