កំពង់ចាម : នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ មន្ទីរសុខាភិបាលខេត្តកំពង់ចាម បញ្ជាក់ថា បញ្ហាលើការទទួលសេវាសង្គ្រោះរបស់អ្នកជួបគ្រោះថ្នាក់ចរាចរឈ្មោះ ឈាន ជីអូន មិនមែនកើតឡើងនៅមន្ទីរពេទ្យបង្អែកចំការលើនោះឡើយ ។ កូនប្រុសពៅរបស់នាយឧត្តមសេនីយ៍ វ៉ា ប៉ោអ៊ាន ដែលជួបគ្រោះថ្នាក់នៅស្រុកចំការលើ ។
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណជនឲ្យបានជ្រាបថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី មន្ទីរពេទ្យបង្អែកចំការលើ ក្នុងខេត្តកំពង់ចាម បានទទួលអ្នកជំងឺ៤នាក់ មានរបួស និងអ្នកជំងឺចំនួន៦នាក់ផ្សេងទៀត ដឹកតាមរថយន្តគិលានសង្គ្រោះ២គ្រឿង និងរថយន្តឯកជន១គ្រឿង ដោយសារ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅត្រង់ចំនុចភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ ក្នុងចំណោម អ្នកជំងឺទាំងអស់ ក៏មានឈ្មោះ ឈាន ជីអូន ភេទ ប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិព្រែកព្នៅ ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលមានបងប្អូនសាច់ញាតិបង្ហោះសារលើកឡើងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា៖ «អត់មានលុយបង់ឲ្យ គេទាមទាររកកាតទាហាន ត្រូវការបញ្ចូលឈាមតែបូមឈាមពីបងប្អូនរួចទុកចោល គេទុកអ្នកជំងឺចោលថាគ្មានលុយបង់ បូមឈាមយកទៅពិនិត្យតែ ទុកចោលព្រោះគ្មានលុយបង់» ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើ ក្រុមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានចុះធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវករណីនេះភ្លាមៗ នៅថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១១:២០នាទី ដោយបានសហការជាមួយ លោកអភិបាលនៃគណៈអភិបាលស្រុកចំការលើ អធិការនគរបាលស្រុកចំការលើ និងក្រុមគ្រូពេទ្យបម្រើការងារមន្ទីរពេទ្យបង្អែកចំការលើនៅថ្ងៃកើតហេតុ ទទួលបានរបាយការណ៍ដូចខាងក្រោម៖
១-ឈ្មោះ ឈាន ជីអូន ភេទ ប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិព្រែកព្នៅ ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានចូល មកសម្រាកនៅមន្ទីរពេទ្យបង្អែកចំការលើ ដោយសាររបួសគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង ១៧:០០នាទី ដោយមានការឈឺត្រគាកខាងឆ្វេង ប៉ុន្តែអ្នកជំងឺអាចដើរបាន លោកគ្រូពេទ្យបានពិនិត្យរាងកាយរបស់គាត់ឃើញថា មិនមានដាច់រយះស្បែកឬមានការហូរឈាមឡើយ តែនៅត្រគាកខាងឆ្វេងមានស្នាមជាំផ្នែកខាងលើ ប្រហែល ៨សង់ទីម៉ែត្រ រួចបានថតកាំរស្មីអ៊ិច ព្រមទាំងព្យាបាលនិងតាមដានតាមបច្ចេកទេសជូនគាត់ ។
២-នៅវេលាម៉ោង ២០:៣០នាទី ក្រុមគ្រួសារបានស្នើសុំយកអ្នកជំងឺឈ្មោះ ឈាន ជីអូន ទៅព្យាបាលនៅមន្ទីរពេទ្យ រាជធានីភ្នំពេញ មានកិច្ចសន្យាផ្តិតមេដៃទទួលខុសត្រូវរបស់ក្រុមគ្រួសារ ដោយដឹកតាមរថយន្តផ្ទាល់ខ្លួន។
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត សូមធ្វើការបញ្ជាក់ថា ការបង្ហោះសារសំឡេងដោយសាច់ញាតិក្នុងបណ្តាញសង្គម ដូចបានរៀបរាប់ខាងលើគឺ ពុំមែនកើតឡើងនៅក្នុងមន្ទីរពេទ្យបង្អែកចំការលើ នោះទេ។ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៥ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកចំការលើ បានធ្វើការទំនាក់ទំនងទៅអ្នកជំងឺផ្ទាល់ដើម្បីតាមដានស្ថានភាពជំងឺរបស់គាត់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ដោយគាត់បានប្រាប់ថាអាការៈជំងឺរបស់គាត់ល្អប្រសើរខ្លះៗហើយ រួចក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យរបស់យើងផងដែរ ៕ រក្សាសិទ្ធដោយ : សុទ្ធលី
