ភ្នំពេញ៖នាថ្ងៃអាទិត្យទី១៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៧:០០នាទីព្រឹក នៅសាលារាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ និងសមាជិកក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី រួមជាមួយមន្រ្តីរាជការចំណុះឲ្យសាលារាជធានីភ្នំពេញ បានអញ្ជើញជាអធិតីភាពក្នុងពិធីអបអរសាទរការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។
សូមបញ្ជាក់ថា៖ការចុះបញ្ជីបូជនីយដ្ឋាន ចង ចាំនៃកម្ពុជា មានគោលបំណងការពារបូជនីយដ្ឋានចងចាំនៃកម្ពុជា និងគាំទ្រដល់ដំណើរការរៀបចំដាក់ទីតាំងចំនួនបី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមាន អតីតមន្ទីរឃុំឃាំង១៣ (ខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)។
មុននឹងចាប់ផ្តើមពិធីទូងស្គរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃរដ្ឋបាលរាជធានីភ្នំពេញ បានច្រៀងចម្រៀងបទគោរពទង់ជាតិ បទពង្សសាវតាខ្មែរនិងធ្វើពិធីស្មិងស្មាធិ៍គោរពវិញ្ញាណក្ខន្ធដល់វរះជនស្នេហាជាតិគ្រប់ជំនាន់និងជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
កាលពីរាត្រីថ្ងៃទី១១កក្ដដា២០២៥នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋកន្ត្រីនៃ ព្រះជាណាចក្រកម្ពុជា បានផ្សព្វផ្សាយដល់ជនរួមជាតិនូវសារលិខិតអបអរសាទរឱកាសនៃការចុះ « បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងងសន្តិភាព » ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បន្ទាប់មក នៅវេលាម៉ោង៧និង០០នាទីគត់ ក៏បានទូងស្គរបន្លឺឡើងអបអរសាទរយ៉ាងគគ្រឹកគគ្រេង ជាមួយនឹងស្នូរទះដៃលាន់លឺយ៉ាងកងរំពង ក្នុងស្មារតីស្រឡាញ់ គាំទ្រ និងមោទនភាពជាតិដ៏ជ្រាលជ្រៅបំផុត។
សូមបញ្ជាក់ជូនថា បូជនីយដ្ឋានចងចាំនៃកម្ពុជា ត្រូវបានគណ:កម្មាធិការបេតិកភណ្ឌពិភពលោក អនុម័តចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងបារីស សាធារណរដ្ឋបារាំង នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥៕ រក្សាសិទ្ធដោយ : សុទ្ធលី

















