ភ្នំពេញ ៖ យុវជនម្នាក់បានបាត់បង់ជិវិតស្លាប់ភ្លាមៗ ខណ:កំពុងតែជិះម៉ូតូសុខៗ ត្រូវរថយន្តសណ្តោងធុនធំមួយគ្រឿងកិនបែកក្បាល។
ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះខាងលើមានឈ្មោះ ឆែម ឈុនលីម អាយុ២៣ឆ្នាំ មានស្រុកកំណើត នៅភូមិបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដាMSX ពណ៌ខ្មៅលាយត្រួយចេកពាក់ផ្លាកលេខភ្នំពេញ1GS-6641 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំនុចកើតហេតុក៏មានរថយន្តសណ្តោងរ៉ឺម៉កមួយគ្រឿង ពណ៌ខៀវពាក់ផ្លាកលេខភ្នំពេញ3G -0773 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណក្នុងទិសដៅស្របគ្នា បានជ្រុលចង្កូតបុកកិនពីក្រោយជនរងគ្រោះ បណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។

ចំណែកអ្នកបើកបរព្យាយាមបើករថយន្តគេចខ្លួន បានប្រហែលជិត១គីឡូម៉ែត្រ ក៏បើកទ្វារថយន្តចុះរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយកម្លាំងជំនាញចរាចរណ៍នគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកវាស់វែង និងយករថយន្តបង្កនិងម៉ូតូជនរងគ្រោះ ទៅរក្សាទុក ដើម្បីដោះស្រាយគ្នានៅពេលក្រោយ។
ចំណែកសពយុវជនរងគ្រោះខាងលើ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធដោយ ៖ សួង សាម






