Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំក្រុមមន្ត្រីចុះពិនិត្យមើលការយាមល្បាតការពារដីព្រៃលិចទឹកទន្លេមេគង្គ និងចែកជូនគ្រឿងឧបភោគ-បរិភោគ

ខេត្តត្បូងឃ្មុំ ៖ តាមរយៈការឆ្លើយឆ្លងតាមទូរស័ព្ទរបស់លោកមេឃុំ និងសមត្ថកិច្ចមូលដ្ឋាន នារសៀលថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០២៤ បានបង្ហាញពីតំបន់ជាច្រើន ដូចជា ឃុំឈូក ឃុំជំនីក ឃុំទ្រា ឃុំព្រែកអាជី និងឃុំទួលស្នួល ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មិនទាន់រកឃើញជនខិលខូចលួចកាប់ទន្ទ្រានព្រៃលិចទឹកនៅឡើយទេ, ចំណែកថ្នាក់ដឹកនាំខេត្តក៏បានជំរុញ និងលើកទឹកចិត្តឱ្យអាជ្ញាធរមូលដ្ឋានស្វះស្វែងទប់ស្កាត់ និងបង្ក្រាបឱ្យបានការកាប់ទន្ទ្រានព្រៃលិចទឹក។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំ អមដំណើរដោយថ្នាក់ដឹកនាំខេត្ត ស្នងការនគរបាលខេត្ត ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរស្រុក និងក្រុមការងារគណៈកម្មាការទប់ស្កាត់ការឈូសឆាយទន្រ្ទានដីព្រៃលិចទឹកខេត្ត នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ទៅឧបត្ថម្ភដល់កងកម្លាំងចម្រុះ ដែលកំពុងបំពេញបេសកកម្ម ការពារតាមគោលដៅដីព្រៃលិចទឹកនៅតាមដងទន្លេមេគង្គ ទាំង ៤ ទីតាំង គ្រប់ដណ្តប់លើ ៩ ឃុំ ក្នុងចំណោម ១២ ឃុំ នៃស្រុកក្រូចឆ្មារ ដើម្បីត្រួតពិនិត្យសកម្មភាពជនខិលខូចលបលួចឈូសឆាយទន្រ្ទានដីព្រៃលិចទឹកដោយខុសច្បា់ប។

គួរជ្រាបថា ទីតាំងទាំង ៤ រួមមាន ៖ ទី១ – តំបន់ក្របីក្រៀក (គ្រប់ដណ្តប់ ឃុំឈូក និងឃុំជំនីក), ទីតាំងទី២- តំបន់ពស់អំបែង (គ្រប់ដណ្តប់ឃុំទួលស្នួល), ទីតាំងទី៣- តំបន់ចម្ការចិន (គ្រប់ដណ្តប់ ឃុំប៉ើស១ ឃុំប៉ើស២ និងឃុំស្វាយឃ្លាំង) និងទីតាំងទី៤- តំបន់ក្រពើខាំតា ខ្នងព្រែក (គ្រប់ដណ្តប់ ឃុំក្រូចឆ្មារ ឃុំទ្រា និងឃុំព្រែកអាជី) ក្នុងភូមិសាស្រ្តស្រុកក្រូចឆ្មារ។ សកម្មភាពរបស់សមត្ថកិច្ចមូលដ្ឋាន នៅតែបន្តយាមល្បាត២៤ម៉ោងលើ២៤ម៉ោង រហូតមកដល់រសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ គឺមិនទាន់ទទួលបានរបាយការណ៍ណាមួយដែលបង្ហាញថា មានជនខិលខូចលបលួចចូលទៅកាប់បំផ្លាញព្រៃលិចទឹកនៅក្នុងភូមិសាស្ត្រកម្មឃាត់ខាងលើឡើយ ។

លោកបណ្ឌិតអភិបាលខេត្ត បានលើកឡើងថា ពាក់ព័ន្ធនឹងដីអភិរក្សនៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបនេះ រាជរដ្ឋាភិបាល ធ្លាប់បានកាត់ឆ្វៀលជូនប្រជាពលរដ្ឋរួចរាល់ហើយសម្រាប់កន្លែងដែលអាស្រ័យផលជាក់ស្តែង។ ប៉ុន្តែទន្ទឹមនេះ រាជរដ្ឋាភិបាល ក៏បានហាមផ្តាច់មិនឱ្យមានការឈូសឆាយទន្ទ្រានដីព្រៃលិចទឹកនៅក្នុងតំបន់ទាំងនោះបន្តទៀតឡើយ ក្នុងន័យនេះសំដៅថា ដីព្រៃលិចទឹកនៅតាមដងទន្លេមេគង្គក៏ត្រូវតែអភិរក្ស និងការពារដាច់ខាតផងដែរ។ ដីព្រៃលិចទឹក គឺជាជម្រកសម្រាប់ត្រីពងកូន ដ៏មានសារៈសំខាន់នៅក្នុងរដូវវស្សា បើដីព្រៃលិចទឹកនេះ ត្រូវបាត់បង់វាក៏នឹងប៉ះពាល់ដល់ជីវៈចម្រុះក្នុងបឹងទន្លេសាបផងដែរ និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×