ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ ព្រមទាំងទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើន។
ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅព្រឹកថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ជា សុមេធី បានគូសរំលេចផងដែរពីតួនាទីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការចូលរួមចំណែកយ៉ាងក្នុងការអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ពិសេសទាក់ទងគោលនយោបាយអាទិភាពទី២ គឺការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស និងគោលនយោបាយទី៣ គឺការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ដែលមានមូលនិធិជាតិជំនួយសង្កម គឺជាប្រតិបត្តិករអនុវត្តកម្មវិធីជាតិជំនួយសង្គមរបស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រី បានបង្ហាញផងដែរថា បច្ចុប្បន្នក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កំពុងដើរតួនាទីដ៏សំខាន់អនុវត្ត កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង កម្មវិធីកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ដែលប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនេះ នឹងផ្តល់ប្រយោជន៍ដល់គ្រួសារមានបណ្ណសមធម៌ប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២,៨លាននាក់ ដោយគ្រោងនឹងចំណាយថវិកាប្រមាណ ៦៧៤,៥ប៊ីលានរៀល ស្មើនឹង ១៦៥លានដុល្លារក្នុងឆ្នាំ២០២៤។
កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារគឺជាបណ្តុំនៃកម្មវិធីជាតិជំនួយសង្គម ដោយសំយោគកម្មវិធីដែលមានស្រាប់ រួមផ្សំនឹងកម្មវិធីថ្មីបន្ថែម ដើម្បីទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ ដោយប្រកាន់ភ្ជាប់នូវគោលការណ៍បរិយាបន្ន និងសមធម៌ ព្រមទាំងការចៀសវាងបានការធ្លាក់ចុះយ៉ាងគំហុកនៃប្រាក់ចំណូលសម្រាប់គ្រួសារដែលមានបណ្ណសមធម៌ទាំងអស់ ក៏ដូចជាគិតគូរដល់សមាជិកគ្រួសារដែលរស់នៅជាមួយមេរោគ និងជំងឺអេដស៍។

ឯកឧត្តម ជា សុមេធី បញ្ជាក់ថា សមិទ្ធផលថ្មីដែលសម្រេចបាន ក្នុងនោះគឺការអនុវត្តគោលនយោបាយ កម្មវិធីជាតិ ពាក់ព័ន្ធវិស័យសង្គមកិច្ច សំដៅបង្កើតនូវសេវាសាធារណៈដើម្បីជួយដល់ជនរងគ្រោះ និងក្រុមជនងាយរងគ្រោះ អតីតមន្ត្រីរាជការស៊ីវិល អតីតយុទ្ធជន និងកិច្ចគាំពារសង្គមដល់ប្រជាពលរដ្ឋជាដើម។ សមិទ្ធផលថ្មីៗ ដែលក្រសួងសម្រេច បាននាពេលកន្លងមករួមមាន ការរៀបចំកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ដើម្បីឱ្យស្របនឹងស្ថានភាពវិវត្តន៍ប្រែប្រួលនៃវិស័យ សង្គមកិច្ច និងបានរៀបចំ និងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវ មជ្ឈមណ្ឌលសំចតប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែវ ផុស មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កណ្តាលស្ទឹង មណ្ឌលថែទាំមនុស្សចាស់ បានកសាងនឹងគ្រោងដាក់ឲ្យដំណើរការឆាប់ៗខាងមុខ ព្រមទាំងបាននិងកំពុង កសាងមជ្ឈមណ្ឌលជាតិជនពិការកម្ពុជា ដែលស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល។

ឯកឧត្តមក៏បានឱ្យដឹងទៀតថា ក្រសួងបានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី៥ ពីថ្ងៃទី ១៥-១៧ ខែមីនា ឆ្នាំ២០២៣ និងបានសម្រេចដាក់ចេញនូវ “សេចក្តីថ្លែងការណ៍ភ្នំពេញ” ដែលបានអនុម័តរួមគ្នា ហើយជាឯកសារដ៏សំខាន់សម្រាប់ប្រទេសក្នុងតំបន់អាស៊ីនិង ប៉ាស៊ីហ្វិក យកទៅអនុវត្តដើម្បីសម្រេចឱ្យបាននូវការពង្រឹងភាពអង់អាចផ្នែកសង្គម និងសេដ្ឋកិច្ច របស់ជនមានពិការភាពក្នុងអំឡុងពេលនិងក្រោយនៃការរាតត្បាតនៃជំងឺកូវីដ-១៩។
រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានបញ្ជាក់ទៀតថា ទន្ទឹមនឹងសមិទ្ធផលដែលបានសម្រេចបាន ក៏នៅមានបញ្ហាប្រឈមជាច្រើនទៀត ដែលទាមទារឱ្យរួមគ្នាបន្តខិតខំរិះរកដំណោះស្រាយដូចជា ការប្រែប្រួលអាកាសធាតុ ការផ្ទុះចេញជាជំងឺឆ្លងប្លែកៗ បញ្ហាចំណាកស្រុក បញ្ហាជនអនាថា ការជួញដូរមនុស្ស ជួញដូរពលកម្ម ការកេងប្រវ័ញ្ញផ្លូវភេទ ការប្រើប្រាស់គ្រឿងញៀន និងបម្រែបម្រួលផ្នែកប្រជាសាស្ត្រជាដើម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី



