ភ្នំពេញ៖ របាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឲ្យដឹងថា រោងចក្រធុនធំចំនួន ២៤១រោងចក្រ ត្រូវបានបង្កើតថ្មី នៅឆ្នាំ២០២៣នៅកម្ពុជា ក្នុងតម្លៃទុនវិនិយោគសរុបប្រមាណ ១.៨៧៥លានដុល្លារអាមេរិក ដែលតួលេខនេះ ធ្វើឲ្យចំនួនរោងចក្រធុនធំសរុបនាពេលបច្ចុប្បន្ន កើនដល់ ២.១២៥រោងចក្រ នៅទូទាំងប្រទេសកម្ពុជា ដែលមានតម្លៃទុនវិនិយោគសរុបប្រមាណ ១៨,៥៦ពាន់លានដុល្លារអាមេរិក។

រោងចក្រធុនធំ ទាំងនោះរួមមាន៖ រោងចក្រផ្គុំ និងដំឡើងរថយន្ត រោងចក្រផលិតគ្រឿងអេឡិចត្រូនិក រោងចក្រផលិតស៊ីម៉ង់ត៍ រោងចក្រផលិតបរិក្ខាអគ្គិសនី រោងកច្រផលិតបន្ទះសូឡា និងរោងចក្រផលិតសំបកកង់រថយន្ត ជាដើម។

ការទាក់ទាញឧស្សាហកម្មធុនធ្ងន់ ជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា ចង់បានយ៉ាងខ្លាំង ដើម្បីឆ្ពោះទៅសម្រេចគោលដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។វត្តមានរោងចក្រទាំងនេះ បានបង្កើតការងាររាប់សែនកន្លែងជូនដល់ប្រជាពលរដ្ឋ ជាមួយការផ្តល់ប្រាក់ចំណូលសម្រាប់ជួយដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា នៅឆ្នាំ ២០២៣ កម្ពុជា បានអនុម័តលើគម្រោងវិនិយោគសរុបចំនួន ២៦៨គម្រោង ដែលមានទុនវិនិយោគសរុប ៤,៩ប៊ីលានដុល្លារអាមេរិក កើនឡើង ២២% បើធៀបឆ្នាំ ២០២២។
យោងតាមរបាយការណ៍លទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២២ បានឲ្យដឹងថា នៅប្រទេសកម្ពុជា មានអង្គភាពសេដ្ឋកិច្ចសរុបទូទាំងប្រទេសប្រមា ណជាង ៧៥ម៉ឺនសហគ្រាស/អាជីវកម្ម ដែលអាចបង្កើតការងារបានប្រមាណ ២,៩៨លាននាក់។ ក្នុងនោះអង្គភាពសេដ្ឋកិច្ចខ្នាតធំ មានប្រមាណ ២១៦៥សហគ្រាស ដែលអាចបង្កើតការងារបានរហូតដល់ទៅ ១,៨៧លាននាក់ ស្មើនឹងជាង ៦២% នៃការងារសរុប។
របាយការណ៍នេះបានកត់សម្គាល់ឃើញថា ចំពោះសហគ្រាសសេដ្ឋកិច្ចខ្នាតធំភាគច្រើនប្រមូលផ្តុំនៅរាជធានីភ្នំពេញ ដែលមានរហូតដល់ជិត ៩០០សហគ្រាស បន្ទាប់មកខេត្តកណ្តាលជាង ២០០សហគ្រាស តាមពីក្រោយដោយកំពង់ស្ពឺមានជាង ១០០សហគ្រាស ខេត្តព្រះសីហនុជាង ១០០កសហគ្រាស ខេត្តស្វាយរៀង ជាង ១០០សហគ្រាស និងខេត្តតាកែវ មានជិត ១០០សហគ្រាស៕