ភ្នំពេញ ៖ យើងសូមបង្ហាញពីអត្ថន័យ នៃពិធីបុណ្យចូលឆ្នាំចិនដោយសង្ខេប, ពិធីនេះ គេអាចហៅ ម្យ៉ាងទៀត ថា ” ពិធីបុណ្យនិទាឃរដូវ ” គឺជា ពិធីបុណ្យ ប្រពៃណីជាតិរបស់ប្រទេសចិន ដែលត្រូវប្រារព្ធ ធ្វើឡើងជារៀងរាល់ឆ្នាំ មានរយរយៈពេល ៤ថ្ងៃ (បើរាប់បញ្ចូលទាំងថ្ងៃសែនចិនទៀតនោះ), ជាក់ស្ដែងសម្រាប់ពិធីបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៤នេះ គឺថ្ងៃសែនចិនទី៩ កុម្ភៈ មួយថ្ងៃ, និងចូលឆ្នាំរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ , ទី១១ និងទី១២ ខែកុម្ភ: សរុប ៤ថ្ងៃ។

ជាទំនៀមទម្លាប់ប្រពៃណី របស់ជនជាតិចិន ពិធីបុណ្យនេះ ចាប់ផ្ដើមនៅថ្ងៃទីមួយ នៃខែទីមួយ តាមច័ន្ទគតិនៃប្រតិទិន, ពិធីបុណ្យចូលឆ្នាំចិន ត្រូវ បាន ចាត់ទុកជាថ្ងៃដ៏មានសារសំខាន់សម្រាប់ប្រជាជនចិន មានអាយុកាលច្រើនសតវត្សណាស់មកហើយ ពិធីបុណ្យនេះធ្វើឡើង ដើម្បីសម្តែងការគោរពដល់ទេវតា និងជីដូនជីតាសាច់សាលោហិតរបស់កូនចៅចិន។
ពិធីបុណ្យចូលឆ្នាំចិន មានឥទ្ធិពល ទៅលើប្រទេសជិតខាកម្ពុជាផងដែរ, ចំណែកកម្ពុជាក៏មានប្រជាជនចិន និងកូនកាត់ចិនផងដែរ ដែលមានចំណង វប្បធម៌ ជាមួយ ប្រជាជនដើមកំណើតជាជនជាតិចិន ហើយធ្វើអន្តរកម្ម ជាជាមួយប្រទេសផ្សេងៗ រួមមាន ប្រជាជនដើមនៃជនជាតិតៃវ៉ាន់ , ជនជាតិ កូរ៉េ , ជនជាតិ ម៉ុងហ្គោល , ជនជាតិនេប៉ាល់ , ជនជាតិ ប៊ូតង់ , ជនជាតិវៀតណាម, និង អតីតជនជាតិជប៉ុននៅមុន ឆ្នាំ ១៨៧៣ , ជាពិសេសនៅ China Towns ដែលស្ថិតនៅក្នុងបណ្តាប្រទេសមួយចំនួនលើពិភពលោក។

នៅវេលាចូលឆ្នាំចិន សម្រាប់ជនជាតិចិនពួកគេបោសសម្អាតគេហដ្ឋានជាថ្មី ដើម្បីបណ្តេញរឿងមិនល្អ និងវិញ្ញាណអាក្រក់ ហើយទទួលយកសំណាងល្អនៅឆ្នាំថ្មី។ នៅតាមបង្អួច និងទ្វារ គេតុបតែងលម្អជាមួយនឹងក្រដាស ឬកំណាព្យពីរប្រយោគ ដែលមានពណ៌ក្រហម តំណាងឱ្យ «សំណាងល្អ សុភមង្គល ទ្រព្យសម្បត្តិ និងអាយុយ៉ឺនយូរ»។
គ្រឿងតាំងលម្អក្នុងពិធីបុណ្យចូលឆ្នាំចិននេះ ប្រជាជនចិន សែស្រឡាយចិន ឬពលរដ្ឋខ្មែរកូនកាត់ចិន មិនអាចចោលបាននោះទេ គឺផ្កាអង្គាសីល និងផ្កាស្បៃរឿង គេ មានជំនឿថា ផ្កាស្បៃរឿង តំណាងឱ្យភាពរុងរឿង ភ្លឺត្រចះត្រចង់, ចំណែកផ្កាអង្គាសីល តំណាងឱ្យសិរី សួស្តី ភាពរីករាយ ទន់ភ្លន់ សុភមង្គល និង រកស៊ីមានបានកើនទ្រព្យសម្បត្តិ, (សូមបញ្ជាក់ថា ជនជាតិវៀតណាម ក៏ចូលឆ្នាំក្នុងវេលាជាមួយគ្នានឹងជនជាតិចិនផងដែរ)។

បើតាមរឿងព្រេងរបស់ចិន បានតំណាលថា ពិធីបុណ្យចូលឆ្នាំចិននេះ ផ្ដើមឡើងចេញពីការវាយប្រយុទ្ធប្រឆាំងជាមួយសត្វ ” នៀន ” ជាសត្វក្នុងទេវកថាចិន។ កាត់មកដល់ នៅថ្ងៃទីមួយអំឡុងចូលឆ្នាំថ្មី ” នៀន ” បានមកខាំស៊ីពួកបសុសត្វ សូម្បីតែអ្នកភូមិក៏ដោយ ជាពិសេស គឺពួកក្មេងៗ។ ដើម្បីការពារខ្លួន ពួកអ្នកភូមិបានដាក់ចំណីអាហារនៅមុខផ្ទះរបស់ពួកគេជារៀងរាល់ដើមឆ្នាំ ដោយមានជំនឿថា បន្ទាប់ពី ” នៀន ” បានស៊ីចំណីអាហារ ដែលពួកគេដាក់ឱ្យនោះរួចហើយ វានឹងមិនធ្វើបាប ឬខាំស៊ីប្រជាជនទៀតទេ។

គ្រាមួយអ្នកភូមិបានឃើញ «នៀន» មានភាពភ័យខ្លាចជាមួយនឹងក្មេងៗដែលស្លៀកពាក់ពណ៌ក្រហម និងភ័យខ្លាចចំពោះសំឡេងក្នុងក្ឌុងក្ឌាំងដោយការវាយដំស្គរ វាដំឧបករណ៍ផ្សេងៗ។ សភាពនេះ ធ្វើឱ្យយល់ថា «នៀន» ខ្លាចពណ៌ក្រហម និងខ្លាចសំឡេងផ្ទុះក្ឌុងក្ឌាំង ដូច្នេះអ្នកភូមិក៏តាំងស្លៀកពាក់ពណ៌ក្រហមគ្រប់ៗគ្នាអ៊ីចឹងទៅ និងត្រៀមផាវដុតបន្លាច ” នៀន ” ។ ហេតុនេះហើយ នៅពេលដែលឆ្នាំថ្មីមកដល់ អ្នកភូមិនាំគ្នាបំពាក់គោមពណ៌ក្រហម និងបិទក្រដាសពណ៌ក្រហម នៅតាមទ្វារ និងបង្អួចផ្ទះរៀងៗខ្លួន។ អ្នកភូមិក៏បានប្រើផាវ ដើម្បីបណ្ដេញ «នៀន» ឱ្យទៅឆ្ងាយផងដែរ… ហើយតាំងពីពេលនោះមក «នៀន» ពុំបានត្រឡប់មករកអ្នកភូមិទៀតឡើយ ហេតុដូច្នេះហើយ ទើបបន្សល់ទុកនូវប្រពៃណី ទំនៀមទម្លាប់ ប្រើប្រាស់ពណ៌ក្រហម ដុតផាវ ក្នុងរដូវចូលឆ្នាំចិន ដល់សព្វថ្ងៃ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN














