ភ្នំពេញ ៖ ពាក់ព័ន្ធទៅនឹងដំណើរបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសថៃកាលពីម្សិលមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា ដំណើរទស្សនកិច្ចរបស់សម្តេចនៅថៃ ទទួលបានផ្លែផ្កាធំៗចំនួន៣។ សម្តេចបានថ្លែងទៀតថា រយៈពេល៨ខែចុងក្រោយនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ ១៧២គម្រោង ជាមួយទុនជិត ៤ពាន់លានដុល្លារ។
សម្ដេចបន្តថា កម្ពុជា និងថៃ បានឯកភាពគ្នាទាញយកផលប្រេងកាតលើតំបន់ត្រួតស៊ីគ្នា។ ការព្រមព្រៀងជាមួយថៃយកប្រេងនៅតំបន់ត្រួតស៊ីគ្នានេះ ដើម្បីប្រយោជន៍សេដ្ឋកិច្ច និងប្រភពថាមពល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែង ដោយចោទជាសំណួរថា តើការទាញយកប្រយោជន៍សេដ្ឋកិច្ច និងសន្តិសុខថាមពល ជាការក្បត់ជាតិឬ? ។ សម្តេចធិបតីបានថ្លែងថា «ត្រកូលហ៊ុន» គ្មានបំណង ឬធ្វើសកម្មភាព ដែលក្បត់ប្រយោជន៍ជាតិនោះឡើយ។

នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ និងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និង បណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០២៤-២០២៨ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅសណ្ឋាគារសុខាភ្នំពេញ ។
សម្តេចធិបតីបានធ្វើការរៀបរាប់សង្ខេបអំពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច និងគណៈប្រតិភូជាន់ខ្ពស់ ទៅកាន់ព្រះរាជាណាចក្រថៃកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាដំណើរទស្សនកិច្ចផ្លូវការដ៏ខ្លី ប៉ុន្តែនាំមកនូវផ្លែផ្កាសន្ធឹកសន្ធាប់សម្រាប់បម្រើដល់ផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ រួមមានជាអាទិ៍៖ (១) បន្តធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងដ៏យូរអង្វែង និងបើកឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន នយោបាយ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ ការងារ វប្បធម៌ ការដឹកជញ្ជូន និងការតភ្ជាប់ កសិកម្ម បរិស្ថាន ការពារជាតិ សន្តិសុខ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឱ្យកាន់តែគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រទាំងពីរ ជាពិសេសនាំមកនូវសមិទ្ធផលជាក់ស្តែងជាច្រើនដល់ប្រជាជាតិទាំងពីរ តាមរយៈការប្រកាសដំទ្បើងកម្រិតនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ដែលជាកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងការទូតទ្វេភាគីកម្ពុជា-ថៃ ។ (២) នៅអំទ្បុងដំណើរទស្សកិច្ចនេះ សម្តេចធិបតី បានអញ្ជើញថ្លែងសុន្ទរកថាបើកក្នុងវេទិកាធុរកិច្ចកម្ពុជា-ថៃ ដែលមានការចូលរួមពីក្រុមហ៊ុនកម្ពុជា និងថៃចំនួនប្រមាណ ២០០ ដោយ សម្តេច បានអញ្ជើញវិនិយោគគិនថៃឱ្យបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីឱ្យឃើញផ្ទាល់អំពីសក្កានុពលសម្រាប់ការបណ្តាក់ទុន ។

ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខថាមពល ក្នុងនេះប្រទេសទាំងពីរនឹងបន្តការពិភាក្សាអំពីការធ្វើអាជីវកម្មរួមគ្នានូវធនធានប្រេងកាត និងឧស្ម័នអ៊ីដ្រូកាបូននៅតំបន់ត្រួតស៊ីគ្នានៃព្រំដែនរវាងប្រទេសទាំងពីរ ដោយការដោះស្រាយបញ្ហាព្រំដែនទឹកនៃប្រទេសទាំងពីរនៅតែបន្តប្រព្រឹត្តទៅតាមរយៈក្រុមបច្ចេកទេសជំនាញនៃប្រទេសទាំងពីរ។ ត្រង់ចំណុចនេះ សម្តេចធិបតី បានធ្វើការបំភ្លឺទៅនឹងទស្សនៈរបស់ជនអគតិមួយចំនួនដែលបានចោទ សម្តេចធិបតី ថាបានកាត់ព្រំដែនទឹកឱ្យទៅប្រទេសជិតខាង ដោយសម្តេចបានលើកទ្បើងថា ត្រកូលហ៊ុន មិនមានបំណងចង់ក្លាយជាជនក្បត់ជាតិនោះទេ ។
ជាក់ស្តែង សម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការចចារព្រំដែន ដើម្បីបង្កើតនូវភាពច្បាស់លាស់លើបញ្ហាព្រំដែនជាមួយប្រទេសជិតខាង សម្រាប់កូនចៅខ្មែរជាច្រើនជំនាន់តទៅ ។ (៣) លទ្ធផលនៃដំណើទស្សនកិច្ចនេះ បានជួយផ្តល់នូវកិច្ចគាំពារដ៏ល្អប្រសើរជូនដល់ពលរដ្ឋទាំងសងខាង មានដូចជា ការសម្រេចបង្កើតស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តសុងក្លា និងស្ថានអគ្គកុងស៊ុលថៃនៅខេត្តសៀមរាប។ ហើយពេលកន្លងទៅសម្តេចធិបតី ក៍បានស្នើការបញ្ចុះតម្លៃទិដ្ឋាការការងាររយៈពេល ៤ ឆ្នាំ ចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៧ ដោយតម្លៃស្នើសុំទិដ្ឋាការថ្មី ២.០០០ បាត និងតម្លៃបន្តទិដ្ឋាការ ១.៩០០ បាត ត្រូវបានបញ្ចុះទៅ ៥០០ បាត ។

ភាគីទាំងពីរក៍បានចចារបន្ថែមលើការចល័តប្រព័ន្ធបេទ្បាសន្តិសុខសង្គមសម្រាប់កម្មករ-និយោជិតនៃប្រទេសទាំងពីរ ដោយការផ្ទេរទាំងអតីតភាពការងារ និងការទទួលស្គាល់ជំនាញ សម្រាប់ទទួលបានអត្ថប្រយោជន៍ពីការងារ នៅពេលចូលនិវត្ត។ ទន្ទឹមនេះ ភាគីក៏ថៃកំពុងពិចារណាក្នុងការលើកលែងការយកថ្លៃទិដ្ឋាការចេញ-ចូលសម្រាប់ពលករខ្មែរ ដែលនឹងធ្វើដំណើរត្រទ្បប់មកកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងត្រូវត្រទ្បប់ទៅថៃវិញក្នុងខែមេសា ឆ្នាំ២០២៤ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី