Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែនារីជាសង្សារសុំបែក ធ្វើឲ្យបុរសជាមេធាវី និងជាខ្មាន់កាំភ្លើង បាញ់សម្លាប់នារីសង្សារ ហើយបាញ់សម្លាប់ខ្លួនឯងតាមក្រោយ

ភ្នំពេញ ៖ បុរសជាមេធាវីនិងជាជនដៃដល់ម្នាក់ បានដកកាំភ្លើងបាញ់ប្រហារ ទៅលើនារីជាសង្សារអ្នកលក់អនឡាញ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ ដឹកបញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរ បានកើតឡើងនៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នារីជនរងគ្រោះមានឈ្មោះ អែម សុវីដេត ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរអ្នកលក់អនឡាញ (ស្លាប់ )។ ជនសង្ស័យមានឈ្មោះ ទូច វឌ្ឍនៈភេទ ប្រុស អាយុ ៣២ឆ្នាំ មុខរបរជាមេធាវី ដោយប្រើកាំភ្លើងខ្លីម៉ាក CZp07 និងបានរកឃើញសំបកគ្រាប់ចំនួន៥។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញ នារីរងគ្រោះបានបើករថយន្តម៉ាក Ford territory ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AR-4896 ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៦៦ ក្នុងទិសដៅពីកើតមកលិច ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏បានបើកមកឈុបលើចិញ្ចើមផ្លូវក្បែរបុរីមួយកន្លែង ពេលនោះដែរគេឃើញមានរថយន្តមួយគ្រឿងទៀតម៉ាក MG ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2BS-8007 បើកបរដោយបុរសជាខ្មាន់កាំភ្លើង ធ្វើដំណើរមកពីក្រោយស្របទិសគ្នា រួចក៏បានបើកមកឈប់នៅពីក្រោយរថយន្តនារីរងគ្រោះ ក្រោយមកនារីរងគ្រោះក៏បានបើកទ្វារចុះពីរថយន្ត ហើយដើរមិនបានប៉ុន្មានជុំហ៊ានផងក៏ត្រូវ បុរសជាសង្សារនិងជាខ្មាន់កាំភ្លើង ចុះពីរថយន្តដកកាំភ្លើងខ្លីបាញ់សំដៅទៅលើនារីរងគ្រោះជាច្រើនគ្រាប់ បណ្តាលឲ្យដេកដួលស្លាប់ក្នុងថ្លុកឈាម ហើយបុរសជាជនដៃដល់យកកាំភ្លើងបាញ់សម្លាប់ខ្លួនឯង តាមក្រោយបណ្តាលឲ្យដួលរងរបួសធ្ងន់ ត្រូវបានដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ។

គួររំលឹកផងដែរថា កាលពីខែ១២ឆ្នាំ២០២៣ ដោយបុរសជាមេធាវី និងជាខ្មាន់កាំភ្លើង បានបើករថយន្តម៉ាក MG ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2BS-8007 ឡើងលើស្ពានកោះនរា បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ មួយសន្ទុះក្រោយមកបុរសខាងលើ ក៏បានឡើងលើស្ពានមកបើករថយន្តទៅផ្ទះវិញ។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងជំនាញចុះមកដល់ រួចក៏បានទាក់ទងទៅជំនាញកោសល្យវិច្ច័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យទៅលើសពនារីរងគ្រោះក្រោយពិនិត្យរួច ក៏ធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯបុរសជាខ្មាន់កាំភ្លើង បច្ចុប្បន្ន កំពុងតែសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យរដ្ឋមួយកន្លែង នៅក្នុងរាជធានីភ្នំពេញ៕ រក្សាសិទ្ធដោយ ៖ សាមេត

×