Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈមេធាវី ចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញឆន្ទ: ថា  មិនគាំទ្រចំពោះអំពើហិង្សាដ៏តក់ស្លុតរបស់ លោកមេធាវី ទូច វឌ្ឍនៈ ទៅលើនារី អែម សុវីដែត ឡើយ !

រាជធានីភ្នំពេញ ÷ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ គណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញឆន្ទ: ថា គណៈមេធាវីនៃព្រះរាជាណាចកកម្ពុជា មិនគាំទ្រចំពោះការយកហិង្សាមកដោះស្រាយបញ្ហាឡើយ គឺព្រឹត្តិការណ៍ដ៏គួរឲ្យតក់ស្លុតរបស់ លោកមេធាវី ទូច វឌ្ឍនៈ ទៅលើនារី ឈ្មោះ អែម សុវីដែត អាយុ២៦ឆ្នាំ មុខរបរជាអ្នក លក់ ផលិតផលតាមអនឡាញ ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសាររសព លោក ស្រី អែម សុវីដែត និងសូមបួងសួងឱ្យ លោកមេធាវី ទូច វឌ្ឍនៈ ឆ្លងផុតពីការសង្គ្រោះបន្ទាន់នេះផងដែរ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តតាមដានការវិវត្តនៃហេតុការណ៍នេះ ហើយជូនដំណឹងដល់សមាជិក-សមាជិកាគណៈមេធាវី និងសាធារណជនជ្រាបជាព័ត៌មានបន្តទៀត។ 

ជាមួយនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ពិតជាមានការសោកស្តាយក្រៃលែងចំពោះហេតុការណ៍ដ៏គួរឱ្យរន្ធត់តក់ស្លុត រវាងលោកមេធាវី ទូច វឌ្ឍនៈ និងលោកស្រី អែម សុវីដែត ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់សមាជិក-សមាជិកាគណៈមេធាវី និងប្រជាពលរដ្ឋ ទាំងអស់សូមកុំយកហិង្សាទៅដោះស្រាយបញ្ហា ដោយជំនួសមកវិញនូវការដោះស្រាយដោយសន្តិវិធី និងតាមផ្លូវច្បាប់ ទើបជាការប្រសើរបំផុត។ 

សូមបញ្ជាក់ថា ក្នុងរាត្រីកើតហេតុហិង្សានេះ គឺលោកមេធាវី ទូច វឌ្ឍនៈ អត្តលេខ២២១៣ ធ្លាប់តែបម្រើសេវាការពារក្ដីឱ្យ ពេលនេះបាត់បង់សតិមួយភ្លែត ប្រែក្លាយមកជាកាន់កាំភ្លើងបាញ់ប្រហារទៅលើនារីជាសង្សាររបស់ខ្លួន គឺលោកស្រី អែម សុវីដែត ដែលជាអ្នកលក់ផលិតផលតាមអនឡាញម្នាក់បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមតែមួយប៉ប៊្រិចចភ្នែកគួរឱ្យតក់ស្លុត ហើយរួចមក លោកមេធាវីរូបនេះ ក៏បាញ់សម្លាប់ខ្លួនឯងតាមក្រោយ តែមិនស្លាប់ គ្រាន់តែរងរបួសធ្ងន់ ត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យ។

ហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨:៣០នាទីយប់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នារី ជន រងគ្រោះឈ្មោះ អែម សុវីដែត   អាយុ២៦ឆ្នាំ មុខរបរជាអ្នក លក់ ផលិតផលតាមអនឡាញ (បានស្លាប់ ដោយការបាញ់ប្រហារនឹងគ្រាប់កាំភ្លើងជាច្រើនគ្រាប់នៅនឹងកន្លែង) , ចំចំណែកបុរសជាជនដៃដល់ គឺលោក ទូច វឌ្ឍនៈ អាយុ៣២ឆ្នាំ មុខរបរជាមេ ធាវី បម្រើសេវាការពារក្ដី , ប្រើកាំភ្លើងខ្លីបាញ់ប្រហារ ម៉ាក CZp07 និងត្រូវបានសមត្ថកិច្ចរកឃើញសំបកគ្រាប់ចំនួន ៥ នៅកន្លែងកើតហេតុ។

បើតាមប្រភពព័ត៌មានពីសាច់ញាតិនារីរងគ្រោះ បានរៀបរាប់ឱ្យដឹងថា មុនពេលមានរឿងអាក្រក់នេះកើតឡើង គូស្នេហ៍មួយនេះបានឈានចូលដល់ដំណាក់កាលរកាំរកូសគ្នាស្ទើរតែជារៀងរាល់ពេល ពោលគឺមិនល្អូកល្អឺនផ្អែមល្ហែមដូចគ្រាផ្ដើមស្នេហ៍ដំបូងនោះឡើយ។ ខណៈពេលដែលពួកគេដើរដល់ផ្លូវបំបែកនេះ គេដឹងត្រឹមថា ភាគីខាងស្រីសូមបែកពីចំណងស្នេហ៍ ប៉ុន្តែខាងប្រុសមិនព្រមបែកនោះទេ។

ឆ្លងតាមការពិនិត្យតាមដានហ្វេសប៊ុករបស់គូស្នេហ៍នេះរៀងៗខ្លួន និងតាមប្រភពថា ភាគីខាងប្រុស គឺលោកមេធាវី ទូច វឌ្ឍនៈ បានសរសេរពាក្យបង្ហោះថា ” បើខ្ញុំមិនបាន អ្នកណាក៏មិនអាចយកបាននោះដែរ ” ។ ហើយថា តាំងពីចំណងស្នេហ៍រង្គោះរង្គើនោះមក ខាងប្រុសតែងតែគំរាមមកលើខាងស្រីជាច្រើនលើកច្រើនសា គឺគំរាមទាំងគ្រួសារតែម្ដង ដែលជាការជំរុញឱ្យក្រុមគ្រួសារខាងស្រី ភ័យខ្លាច ព្រួយបារម្ភចំពោះសុវត្ថិភាពនៃការរស់នៅ ហើយក៏ឈានមកដល់ការផ្ដាច់ផ្ដិលជីវិត នាវេលានេះ ថ្ងៃនេះតែម្ដង៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×