Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំបន់ទេទឹកពុះ ត្រូវបានប្រជាជនក្នុងតំបន់ ដែលជាជនជាតិសួយមានជំនឿថា ជាតំបន់សក្ដិសិទ្ធិ អ្នកដែលមកលេងនៅទីនេះហើយ នឹងនាំសំណាងត្រឡប់ទៅវិញ

spot_img

កំពង់ស្ពឺ ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងសារលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ នាថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៤នេះ បានឲ្យដឹងថា ទេទឹកពុះ ជាតំបន់ធម្មជាតិដ៏កម្រតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានទឹកពុះក្តៅពីធម្មជាតិ ស្ថិតក្នុងស្រុកឱរ៉ាល់ ចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ស្ពឺ។

ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍ថា តំបន់ទេទឹកពុះនេះ ត្រូវបានប្រជាជនក្នុងតំបន់ ដែលជាជនជាតិសួយមានជំនឿថា ជាតំបន់សក្ដិសិទ្ធិ អ្នកដែលមកលេងនៅទីនេះហើយ នឹងនាំសំណាងត្រឡប់ទៅវិញ ជាពិសេសអ្នកមានជម្ងឺសើស្បែក និងឈឺដៃ ឈឺជើង អាចមកត្រាំដោយទឹកថ្លាឈ្វង់នៅទីនោះ នឹងអាចមានភាពធូរស្រាលជាមិនខាន។

បើតាមឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ , ទឹកមានសីតុណ្ហភាពខ្ពស់រហូតដល់ ៧០អង្សារសេ ដែលមានទឹកចេញមកពីប្រភព៦ និងមានក្លិនស្ពាន់ធ័រ និងថ្មកំបោរ។ ផ្ទៃទឹក ទំហំ ៨០ម៉ែត្រការ៉េ និងមានផ្ទៃដីសរុប ៥ហិកតា និងពោរពេញដោយស្មៅខ្ពស់ៗ កក់(ប្រភេទត្រែងម្យ៉ាង) និងថ្មក្រហម។

ទឹកពុះ នៅមណ្ឌលកម្សាន្ត ទេទឹកពុះ ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាសាល ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងតែល្បីល្បាញថា អាចព្យាបាលជំងឺសន្លាក់ឲ្យជាសះស្បើយបាន ប៉ុន្តែគ្មានការបញ្ជាក់ពីអ្នកជំនាញសុខាភិបាលនៅឡើយទេ។ ដើម្បីទៅដល់មណ្ឌលកម្សាន្តនេះ គេត្រូវធ្វើដំណើរចេញពីរាជធានីភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ៤ រហូតដល់ទីរួមខេត្តកំពង់ស្ពឺ ត្រង់ចំណុចផ្លូវបំបែកក្រុងច្បារមន ចន្លោះគីឡូម៉ែត្រលេខ៤៧ និង៤៨ ហើយបត់ស្តាំរួចបន្តដំណើរតាមផ្លូវជាតិលេខ៤៤។ គេអាចធ្វើដំណើរចេញពីទីរួមខេត្តកំពង់ស្ពឺ ទៅកាន់ស្រុកឱរ៉ាល់ ដែលមានចម្ងាយ៥០គីឡូម៉ែត្រ និងទៅដល់រង្វង់មូលផ្សារកន្ទួត ហើយបន្តដំណើរទៅខាងលិចរង្វង់មូលផ្សារកន្ទួត តាមផ្លូវលំចម្ងាយ២២គីឡូម៉ែត្រទៀត ដល់ភូមិតាសាល ឃុំតាសាល ស្រុកឱរ៉ាល់នឹងបានឃើញមណ្ឌលកម្សាន្តទេទឹកពុះ ដែលនៅខាងឆ្វេងដៃ ដែលគេដាក់រូបសំណាកយាយទេ ផងដែរ។ មណ្ឌលកម្សាន្តទេទឹកពុះ មិនត្រឹមតែជាកន្លែងលំហែកាយនោះទេ ទីនេះត្រូវគេល្បីល្បាញថា ជាកន្លែងអាចព្យាបាលជំងឺសន្លាក់ឲ្យជាសះស្បើយផងដែរ ដោយជារៀងរាល់ថ្ងៃគេសង្កេតឃើញបងប្អូនពលរដ្ឋ ដែលមកកម្សាន្តនៅតំបន់ទេទឹកពុះ នាំគ្នាចុះត្រាំជើងក្នុងប្រឡាយ ដែលធ្វើអំពីរនាបឫស្សីនៅខាងកើតទឹកពុះបង្ហូរចូលសម្រាប់ឲ្យចូលត្រាំជើង ដើម្បីព្យាបាលជំងឺសន្លាក់។ តំបន់ទេសចរណ៍ទេទឹកពុះ ជាតំបន់ទេសចរណ៍បុរាណវិទ្យា។ តំបន់នេះភាគច្រើនមានជនជាតិដើមភាគតិចរស់នៅច្រើនជាងគេក្នុងខេត្តកំពង់ស្ពឺ សំខាន់កន្លែងនេះជាទីសក្ការៈបូជារបស់ជនជាតិខ្មែរសួយ ដែលមានរូបសំណាកលោកយាយទេទៀតផង។ តំបន់ទេសចរណ៍ក្នុងខេត្តកំពង់ស្ពឺទាំងអស់មានប្រាំបួនកន្លែង ហើយសព្វថ្ងៃនេះតំបន់ទេទឹកពុះ កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តមិនចាញ់តំបន់ទឹកធ្លាក់ជ្រាវប៉ុន្មានទេក្នុងមួយសប្តាហ៍ៗ។

រមណីយដ្ឋានទេទឹកពុះមានទេសភាពស្រស់ស្អាត ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តលំហែនៅថ្ងៃចុងសប្តាហ៍ ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ឋផង។ មិនត្រឹមតែជាកន្លែងលំហែកាយប៉ុណ្ណោះទេ វាជាកន្លែងដែលប្រជាពលរដ្ឋខ្មែរអង្គុយត្រាំជើង លប់មុខក្នុងទឹក​ ដែលជាប្រភពទឹកធម្មជាតិដែលផុសចេញមកពីខាងក្រោមដី ក្នុងគោលបំណងដើម្បីព្យា​បាលជំងឺផ្សេងៗទៅ​តាមជំនឿរៀងៗខ្លួនផងដែរ​។ ជារៀងរាល់ថ្ងៃគេអង្កេតឃើញបងប្អូនប្រជាពលរដ្ឋយើងអញ្ជើញទៅកម្សាន្តនៅតំបន់ទេទឹកពុះនេះ មានការ​កើនឡើង ក្នុងគោលបំណងធំគឺទៅបន់ស្រន់សុំសេចក្តីសុខផ្សេងៗ៕ រក្សាសិទ្ធដោយ ៖សុទ្ធលី

spot_img
×