ខេត្តកំពង់ចាម: ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចុះសំណេះសំណាល និងពិនិត្យមើលការងារ របស់មន្ត្រីសុខាភិបាល នៅមន្ទីរពេទ្យខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ចុះពិនិត្យមើលការងារសុខាភិបាល ខេត្ដកំពង់ចាម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាល សួរសុខទុកអ្នកជំងឺ ដែលមកទទួលសេវាពិគ្រោះ និងកំពុងសម្រាកព្យាបាលទៅតាមអគារមួយចំនួនក្នុងមន្ទីរពេទ្យខេត្ដ ធ្វើយ៉ាងណាឱ្យសេវាបម្រើជូនអ្នកជំងឺកាន់តែមានភាពល្អប្រសើរ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាល ជាពិសេស មន្រ្តីជំនាញ សូមខិតខំបំពេញតួនាទី ទោះបីការងារ នៅទីណាក៏ដោយ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការពង្រាយមន្រ្តីសុខាភិបាល នៅតាមមូលដ្ឋាន ឱ្យគៀកប្រជាពលរដ្ឋ ដើម្បី លើកកម្ពស់សេវាសុខាភិបាល និងសុខភាពសហគមន៍ នៅខេត្តកំពង់ចាម និងទូទាំងប្រទេសកម្ពុជា ។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏មានការកោតសរសើរជូនចំពោះមន្រ្តីសុខាភិបាល ដែលបានលះបង់ពេលវេលា កំលាំងកាយ ចិត្ត ខិតខំបំពេញភារកិច្ច ក្នុងការផ្តល់សេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីក្រមសីលធម៌វិជ្ជាជីវៈ។
ឯកឧត្តមសាស្ត្រាចារ្យ បានថ្លែង នូវគន្លឹះសំខាន់ៗ ដែលផ្តោតសំខាន់លើលទ្ធផល នៃការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ តាមរយៈការពង្រឹងរៀបចំឱ្យបានកាន់តែប្រសើរ នូវហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ការបំពាក់បរិក្ខារវេជ្ជសាស្រ្តបន្ថែម ការពង្រឹងសមត្ថភាព សម្រាប់ការគាំទ្ររោគវិនិច្ឆ័យជំងឺ និងប្រសិទ្ធិភាពនៃការថែទាំព្យាបាល រួមទាំងការត្រួតពិនិត្យ និងពង្រឹងធនធានមនុស្ស ឆ្លើយតបបានតាមតម្រូវការជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋ៕រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី











