Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពាណិជ្ជករកម្ពុជា និង ថៃ ស្វែងរកដៃគូរដើម្បីជំរុញការធ្វើវិនិយោគ នៅខេត្តបាត់ដំបង

ពាណិជ្ជករកម្ពុជា និង ថៃ មានជំនួបពិភាក្សាមួយនា ថ្ងៃទី ១៥ខែកុម្ភៈ ឆ្នាំ ២០២៤នេះ បានរៀបចំជំនួបផ្គូរផ្គងពាណិជ្ជកម្មដោយសភាពាណិជ្ជកម្មកម្ពុជានៅខេត្តបាត់ដំបង ដើម្បីជំរុញការធ្វើធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ នៅខេត្តបាត់ដំបង  ជាពិសេសក្នុងគោលបំណងលើកកម្ពស់ផលិតផលក្នុងស្រុក និងកែច្នៃនាំចេញ។

អ្នកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានលើកឡើងថា ការរៀបចំជំនួបពាណិជ្ជកម្មនេះ ដើម្បីគាំទ្រដល់ម្ចាស់សហគ្រាស និងពាណិជ្ជករខេត្តបាត់ដំបង ជាពិសេសលើកកម្ពស់ផលិតផលក្នុងស្រុក បង្កើនការផលិត និងទាក់ទាញវិនិយោគិន ឲ្យបានកាន់តែច្រើនថែមទៀតមកកាន់ទឹកដីខេត្តបាត់ដំបង ។

អ្នកឧកញ៉ា បានបញ្ជាក់ថា  ជំនួបរវាងពាណិជ្ជករ អ្នកកែច្នៃ និងអ្នកទិញ-លក់ នាពេលនេះ ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគ ដោយផ្តោតលើវិស័យ ៤សំខាន់ៗនៅខេត្តបាត់ដំបង ដូចជា វិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ។ ក្នុងនោះវិស័យកសិកម្ម  ខេត្តបាត់ដំបងមានសក្តានុពលខ្លាំងមានផ្ទៃដីធំទូលាយ និងដីមានជីជាតិដែលអំណោយផលដល់ការដាំដុះ ការធ្វើវារីវប្បកម្ម និងការចិញ្ចឹមសត្វ ប៉ុន្តែអ្នកផលិតភាគច្រើនកង្វះទុន និងការកែច្នៃផលិតផលរបស់ខ្លួន ហើយភាគច្រើននាំចេញជាផលិតផលស្រស់មិនទាន់កែច្នៃ។

អ្នកឧកញ៉ា ភួ វាសនា បានបន្តថា ជំនួបពាណិជ្ជកម្មនេះ គណៈប្រតិភូធុរកិច្ច មានការចាប់អារម្មណ៍ទៅលើការវិនិយោគដាំដុះដំណាំកសិកម្ម ការកែច្នៃផលិតផលកសិកម្មដែលមានសក្តានុពលរបស់ខេត្តបាត់ដំបង ដើម្បីនាំចេញទៅទីផ្សារក្រៅប្រទេស និងអ្វីគួរកត់សម្គាល់នោះគឺក្រុមហ៊ុនហាងលក់ទំនិញដ៏ល្បីរបស់ថៃ 7- Eleven ចាប់អារម្មណ៍លើផលិតខ្មែរ របស់អ្នកខេត្តបាត់ដំបងជាច្រើន ដើម្បីយកទៅដាក់លក់ក្នុងផ្សាររបស់ខ្លួន។

គួរបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកម្មវិធីដំណើរទស្សនកិច្ចពាណិជ្ជកម្មនៅខេត្តបាត់ដំបង រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦កុម្ភៈ ឆ្នាំ ២០២៤ ក្នុងគោលបំណង លើកកម្ពស់សមត្ថភាពសហគ្រិន ដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យម៕

×