កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំមួយដើម្បីប្រមូលព័ត៌មាន និងពិភាក្សាស្វែងរកដំណោះស្រាយ លើករណីដីធ្លី ដែលស្ថិតក្នុងភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុងសំរោងទង ខេត្តកំពង់ស្ពឺ។
មានវត្តមានក្នុងកិច្ចប្រជុំរួមមានថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល គណៈអភិបាលខេត្ត ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានភូមិ និងឃុំខាងលើ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា “ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំ ដើម្បីតាមដានការវិវឌ្ឍស្ថានភាព និងផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ២៩០ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការផ្ទេរទ្រព្យសម្បត្តិរដ្ឋ និងអនុប្បយោគដី ក្នុងភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជាមួយគ្នានោះដែរ ខ្ញុំសូមចូលរួមអបអរសាទរ ដល់បងប្អូនទាំងប្រមាណ ៦០ គ្រួសារ ដែលទទួលបានដំណោះស្រាយប្រកបដោយផ្លែផ្កានេះ” ។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា យន្តការស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋមានទុក្ខលំបាក គឺជាកិច្ចការដែលត្រូវបានបន្តយកចិត្តទុកដាក់ដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃកម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី





