បើតាមកាសែត Channel News Asia របស់សិង្ហបុរី បានឱ្យដឹងថា ប្រទេសជប៉ុនបានរអិលធ្លាក់ពីចំណាត់ថ្នាក់ ឬ តំណែងជាមហាអំណាចសេដ្ឋកិច្ចទី៣ លើពិភពលោក ដោយឡើងមកជំនួសដោយប្រទេសអាល្លឺម៉ង់វិញ បន្ទាប់ពីការដើរថយក្រោយនៃសេដ្ឋកិច្ចជប៉ុនដោយឥតរំពឹងទុកកាលពីចុងឆ្នាំមុន។
កាសែត Channel News Asia បានរាយការណ៍ថា អ្នកវិភាគមួយចំនួនកំពុងព្រមានពីការធ្លាក់ចូលក្នុងការដើរថយក្រោយនៃសេដ្ឋកិច្ចជប៉ុនម្តងទៀតនៅត្រីមាសទី១ ឆ្នាំ២០២៤នេះ ដោយសារតម្រូវការខ្សោយនៅក្នុងប្រទេសចិន ការធ្លាក់ចុះនៃការប្រើប្រាស់ និងការផ្អាកផលិតកម្ម នៅអង្គភាពមួយរបស់ក្រុមហ៊ុន Toyota Motor Corp ដែលទាំងអស់នេះបង្ហាញឱ្យឃើញផ្លូវដ៏លំបាកឆ្ពោះទៅរកការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ជប៉ុន។
លោក Yoshiki Shinke សេដ្ឋវិទូប្រតិបត្តិជាន់ខ្ពស់នៃវិទ្យាស្ថានស្រាវជ្រាវ Dai-ichi Life Research បាននិយាយថា អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាពិសេសនោះ គឺការធ្លាក់ចុះការប្រើប្រាស់ និងការចំណាយមូលធន ដែលជាសសរស្តម្ភដ៏សំខាន់នៃតម្រូវការក្នុងស្រុករបស់ជប៉ុន និងចិន បានកាត់បន្ថយតម្រូវការផលិតផលពីជប៉ុន ដោយសារតែចិនអាចធ្វើអ្វីៗបានច្រើនរួចហើយ។ លោក Yoshiki Shinke បានបន្តថា សេដ្ឋកិច្ចជប៉ុននឹងបន្តខ្វះសន្ទុះតទៅទៀតក្នុងពេលបច្ចុប្បន្ន ដោយមិនមានកត្តាជំរុញសំខាន់ៗចំពោះការធ្វើឱ្យមានកំណើនឡើយ។
យោងតាមកាសែត Channel News Asia ដដែលបរិយាយថា ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសជប៉ុនបានធ្លាក់ចុះ ០,៤ភាគរយក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ បន្ទាប់ពីការធ្លាក់ចុះ ៣,៣ភាគរយនៅក្នុងត្រីមាស២ ដែលផ្ទុយពីការព្យាករណ៍របស់ទីផ្សារដែលថា សេដ្ឋកិច្ចជប៉ុននឹងកើនឡើងវិញ ១,៤ភាគរយ ប៉ុន្តែអត់មានកើនទេ។
ការធ្លាក់ចុះពីរត្រីមាសជាប់ៗគ្នានៃសេដ្ឋកិច្ចជប៉ុននេះ ជាធម្មតាត្រូវបានចាត់ទុកថា ជាការដើរថយតក្រោយនៃសេដ្ឋកិច្ចក្នុងការប្រកួតប្រជែងលើពិភពលោកហើយ។ ទិន្នន័យបានបង្ហាញថា ផ.ស.ស (ណូមីណាល់) របស់ប្រទេសជប៉ុន មានចំនួន ៤,២១ពាន់ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ពោលគឺ ទាបជាងអាល្លឺម៉ង ដែលមាន ៤,៤៦ពាន់ពាន់លានដុល្លារដែលធ្វើឱ្យអាល្លឺម៉ង់ជាប់ចំណាត់ថ្នាក់ជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេទី៣ នៅលើពិភពលោក ជំនួសតំណែងជប៉ុន ដែលធ្លាក់ទៅកាន់ចំណាត់ថ្នាក់លេខ ៤វិញ។ ចំណុចមួយទៀត ការឡើងវ៉ាចំណាត់ថ្នាក់របស់អាឡឺម៉ង់ គិតជាប្រាក់ដុល្លារនេះ គឺដោយសារការធ្លាក់ចុះថៃ្លខ្លាំង នៃប្រាក់យ៉េនរបស់ជប៉ុននាពេលថ្មីៗនេះ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN