ភ្នំពេញ៖ ស្រ្តីម្នាក់បានរងរបួសធ្ងន់ធ្ងរ ខណៈដែលគាត់ជិះម៉ូតូ១គ្រឿង ស្របទិសគ្នាជាមួយរ៉ឺម៉កម៉ូតូ១គ្រឿង ដឹកចានស្នោសំពីងសំពោង ហើយពេលនោះស្រាប់តែចានស្នោ១ថង់ធំ ជ្រុះធ្លាក់ពីលើរ៉ឺម៉កមកលើផ្លូវ ជាហេតុធ្វើឲ្យគាត់គេចមិនទាន់ក៏បានបុកនិងកិន បណ្ដាលឲ្យដួលរងរបួសធ្ងន់។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង១២និង៥០នាទីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវ៦០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញស្រ្តីរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ1S-0620 ធ្វើដំណើរពីក្រោយរ៉ឺម៉កម៉ូតូ១គ្រឿង ដឹកចានស្នោ ក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែចានស្នោ១ថង់ធំ បានហើរជ្រុះធ្លាក់មកលើផ្លូវ ជាហេតុធ្វើឲ្យស្រ្តីរងគ្រោះគេចមិនទាន់ ក៏បានបុកនិងកិន បណ្ដាលឲ្យដួលរងរបួសធ្ងន់។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា អ្នកបើកបររ៉ឺម៉កមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ចំណែកឯស្រ្តីរងគ្រោះ ក៏ពុំត្រូវបានស្គាល់អត្តសញ្ញាណដែរ ហើយក្រោយពេលកើតហេតុត្រូវបាននគរបាលបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ភ្លាមៗ ព្រមទាំងនាំយកម៉ូតូរងគ្រោះ និងរ៉ឺម៉កម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍រង់ចាំការដោះស្រាយតាមច្បាប់៕ រក្សាសិទ្ធដោយ ៖ សួងសាម



