Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីវេទិកាការទូតសេដ្ឋកិច្ច ក្រោមប្រធានបទ កម្ពុជាទំព័រថ្មី “ឱកាសធុរកិច្ច និងការវិនិយោគ”

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ដឹកនាំដោយ ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូត និងសហការីមន្ត្រីស្ថានទូត បានរៀបចំវេទិកាការទូតសេដ្ឋកិច្ច ក្រោមប្រធានបទ៖ កម្ពុជាទំព័រថ្មី “ឱកាសធុរកិច្ច និងការ វិនិយោគ” នៅទីតាំងអគារ CW Tower នៃទីក្រុងបាងកក ប្រទេសថៃ។

តបតាមការអញ្ជើញរបស់ស្ថានទូត ឯកអគ្គរាជទូត/រដ្ឋទូត មន្ត្រីការទូត នៃស្ថានទូតបរទេសនៅទីក្រុងបាងកក តំណាងអង្គការអន្តរជាតិ តំណាងក្រសួងស្ថាប័នរដ្ឋ និងវិស័យឯកជននៅប្រទេសថៃ តំណាងសមាគមមិត្តភាពថៃ កម្ពុជា តំណាងសមាគមឧកញ៉ាកម្ពុជា អ្នកឧកញ៉ា និងឧកញ៉ាកម្ពុជា សរុបប្រមាណ ២៣០រូប បានអញ្ជើញចូលរួមវេទិការខាងលើ។

ប្រធានបទចំនួន ៤ ត្រូវបានជ្រើសរើសមកធ្វើបទឧទ្ទេសនាមជូនអង្គវេទិកា រួមមាន៖

ទី១៖ «ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា បរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងការ វិនិយោគផ្ទាល់ពីបរទេស» ធ្វើបទឧទ្ទេសនាមដោយវាគ្មិនកិត្តិយស លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ទី២៖ «ឱកាសធុរកិច្ចនៅកម្ពុជា» ធ្វើបទឧទ្ទេសនាមដោយវាគ្មិនកិត្តិយស លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

ទី៣៖ «ធុរកិច្ច និងការវិនិយោគ៖ ច្បាប់ស្តីពីការវិនិយោគ(ថ្មី) និងទិដ្ឋភាពទូទៅនៃសក្តានុពលឧស្សាហកម្ម និងបរិយាកាសវិនិយោគអំណោយផលសម្រាប់ FDI ហេតុអ្វីបានជាចាំបាច់ត្រូវវិនិយោគនៅកម្ពុជា?» ធ្វើបទឧទ្ទេសនាមដោយវាគ្មិនកិត្តិយស លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា។

ទី៤៖ «នីតិវិធីនិងដំណើរការពន្ធដារ៖ ទិដ្ឋភាពច្បាប់របស់កម្ពុជាលើនីតិវិធីនៃការវិនិយោគ និងពន្ធ ការផ្ទេរដើមទុន លក្ខខណ្ឌ និងទិដ្ឋភាពទូទៅនៃកិច្ចព្រមព្រៀងស្តីពីពន្ធត្រួតគ្នា (DTA)» ធ្វើបទឧទ្ទេសនាមដោយវាគ្មិនកិត្តិយសលោកស្រី ប៊ុន នារី អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ។

វេទិកាខាងលើត្រូវបានស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ រៀបចំឡើងដើម្បីជាសកម្មភាពមួយក្នុងចំណោមសកម្មភាពផ្សេងទៀត ដែលស្ថានទូតធ្លាប់បានធ្វើកន្លងមក ក្នុងការចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ និងណែនាំឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើរតួនាទីជាសេនាធិការសម្របសម្រួល ដឹកនាំអនុវត្តផ្ទាល់ និងណែនាំឱ្យស្ថានតំណាងកម្ពុជានៅបរទេសទាំងអស់ ត្រូវអនុវត្តឱ្យបានផុលផុស ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយម និងចក្ខុវិស័យច្បាស់លាស់វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ដើម្បីជំរុញផ្សព្វផ្សាយ អំពីសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌កម្ពុជា ឱ្យសុះសាយគ្រប់ទិសទីក្នុងសកលលោក ក្នុងគោលដៅទាក់ទាញទេសចរបរទេស និងទុនវិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជា ឱ្យកាន់តែមានសន្ទុះកើនឡើងជាបន្តបន្ទាប់ សំដៅលើកកម្ពស់កិត្យានុភាពជាតិខ្មែរ និងសម្រេចចក្ខុវិស័យកម្ពុជា ក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×