ខេត្តត្បូងឃ្មុំ ÷ ពិធីបុណ្យចាប់ត្រីនៅបឹងក្រមក្នុងឃុំជាំគ្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ គឺជាប្រពៃណីខ្មែរដែលបានធ្វើឡើងរាប់រយឆ្នាំមកហើយសម្រាប់អ្នកនៅទីនោះ, ជាក់ស្ដែង នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ គេសង្កេតឃើញមានប្រជាពលរដ្ឋអ្នកស្រុកមេមត់ អ្នកកំពង់ចាម អ្នកក្រចេះ អ្នកព្រៃវែង អ្នកស្វាយរៀង និងមួយផ្នែកទៀតមកពីវៀតណាមដែលជាខេត្តមានព្រំដែនជាប់គ្នា បានចូលរួមចាប់ត្រីលេងយ៉ាងសប្បាយ ហើយបើនិយាយពីមនុស្សអ៊ូអរវិញ គឺមានរហូតដល់ជាង ៧ម៉ឺននាក់ឯណោះ, នេះបើតាមការអះអាងរបស់ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃខេត្តត្បូងឃ្មុំ។

បឹងក្រម កន្លែងចាប់ត្រីនេះ មានទំហំដល់ទៅ ១០០ម៉ែត្រ ៤ជ្រុង មានចម្ងាយប្រមាណជាង ៣០ គីឡូម៉ែត្រពីសាលាស្រុកមេមត់ និងចម្ងាយប្រមាណ២០០០ម៉ែត្រ ពីព្រំដែនកម្ពុជា-វៀតណាម។
លោក អួច យឿន មេឃុំជាំគ្រវៀន បានឱ្យដឹងថា អាជ្ញាធរឃុំបានប្រកាសពិធីចាប់ត្រីនៅបឹងក្រមនេះ ដោយធ្វើឡើងតាំងពី ខែមករា ដើមឆ្នាំ២០២៤មកម៉្លេះ តាមបណ្ដាញសង្គមនិងរដ្ឋបាលខេត្ត ដើម្បីបញ្ជ្រាបដល់ប្រជាពលរដ្ឋនៅគ្រប់ទិសទីឱ្យបានដឹងដើម្បីធ្វើដំណើរមកចូលរួមចាប់ត្រីតាមបែបគ្រួសារ ដោយប្រើប្រាស់ឧបករណ៍បុរាណ ក្នុងនោះមាន អង្រុត ឈ្នាង និងការចាប់ដោយដៃ ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយហើយអ្នកដែលចាប់ត្រីបានច្រើនជាងគេ គឺមានរង្វាន់លើកទឹកចិត្តពីសំណាក់ លោកបណ្ឌិត ជាម ចន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ។

លោកមេឃុំជាំគ្រវៀន បានរំលឹកថា ចាប់តាំងពីរូបលោកធំដឹងក្តីមក បានសួរនាំឪពុក-ម្ដាយ និងជីដូនជីតា ហើយពួកគាត់បានប្រាប់ថា ពិធីបុណ្យចាប់ត្រីជាលក្ខណៈប្រពៃណីនេះ កើតមានតាំងពីយូរមកហើយ ហើយត្រូវបានរក្សាទំនៀមទម្លាប់នេះបន្តរហូតមកដល់សព្វថ្ងៃ។
កាលពីជាង២០០ឆ្នាំមុន នៅតំបន់បឹងក្រមនេះ សម្បូរទៅដោយធនធានធម្មជាតិព្រៃឈើ មានដើមឈើធំៗចោលម្លប់ប្រឈឹងត្រឈៃហើយពលរដ្ឋតែងតែនាំគ្នាបរទេះ មកចាប់ត្រីនៅទីនេះ ដែលមើលទៅគួរឱ្យសប្បាយរីករាយ។ ចាប់តាំងពីពេលដែលរូបលោក ឡើងធ្វើជាមេឃុំបន្តមកដល់ពេលនេះ ៤អាណត្តិហើយ គឺលោកបានយកចិត្តទុកដាក់មិនឱ្យប្រជាពលរដ្ឋទៅកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ និងព្រៃឈើដែលគ្របដណ្ដប់ជុំវិញបឹងក្រមនេះទេ ប៉ុន្តែការចាប់ត្រីកម្សាន្តសប្បាយតាមប្រពៃណីទំនៀមទម្លាប់តាំងពីបុរាណមកនោះ នៅតែអនុញ្ញាត និងរៀបចំជាពិធីធ្វើរហូតមកដល់ពេលនេះ។

មុនពិធីបុណ្យចាប់ត្រីរយ: ៣ថ្ងៃ គឺថ្ងៃទី១៤ ១៥ និង១៦ ខែកុម្ភៈ នៅពេលយប់ បងប្អូនប្រជាពលរដ្ឋបាននាំគ្នាចាក់ធុងបាស់រាំកម្សាន្តសប្បាយលេង។ តាមការសង្កេតដោយផ្ទាល់ បងប្អូនដែលបានមកចុះចាប់ត្រីនៅទីនេះ អ្នកខ្លះចាប់បាននាំគ្នាបង្កាត់ភ្លើងអាំងទទួលទានជាលក្ខណៈគ្រួសារក្រោមម្លប់ឈើ និងចាក់ធុងបាស់រាំកម្សាន្តសប្បាយ។
លោកបណ្ឌិត ជាម ចន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានបន្តខិតខំយកចិត្តទុកដាក់ដាំកូនឈើនៅតំបន់បឹងក្រមនេះ ដើម្បីឱ្យគម្របព្រៃឈើរីកធំ ហើយទៅថ្ងៃអនាគតរឹតតែចោលម្លប់ប្រឈឹងត្រឈៃថែមទៀត ងាយស្រួលដល់បងប្អូនមកចូលរួមប្រព្រឹត្តពិធីបុណ្យចាប់ត្រីកម្សាន្តសប្បាយ, ហើយជាតឹកតាង អាជ្ញាធរនឹងធ្វើរូបសំណាកត្រី និងអង្រុត ដើម្បីបង្ហាញឱ្យប្រជាពលរដ្ឋបានដឹងបានឮថា នៅទីនេះ គឺគេមានធ្វើពិធីបុណ្យចាប់ត្រីជារៀងរាល់ឆ្នាំ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី



















