Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-ម៉ាឡេស៊ី ឯកភាពសម្រួលការតភ្ជាប់គម្រោងខ្សែបញ្ជូនថាមពលក្រោមសមុទ្រ (ឡាវ-កម្ពុជា-សិង្ហបុរី) ដោយឆ្លងកាត់បាតសមុទ្ររបស់ប្រទេសម៉ាឡេស៊ី

ឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគី ជាមួយលោក ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម (Dato’ Seri Anwar Bin Ibrahim) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី។

ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន ដែលរួមមាន៖ វិស័យនយោបាយ ការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការងារ ឧស្សាហកម្មអាហារហាឡាល់ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល និងសន្តិសុខថាមពល។

ចំពោះវិស័យសន្តិសុខថាមពល ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការគាំទ្រការសម្របសម្រួលសម្រាប់គម្រោងខ្សែបញ្ជូនថាមពលក្រោមសមុទ្រ (ឡាវ-កម្ពុជា-សិង្ហបុរី) ដោយឆ្លងកាត់បាតសមុទ្ររបស់ប្រទេសម៉ាឡេស៊ី។

គួររំលឹកថា ក្នុងជំនួបពិភាក្សាការងារជាមួយលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Dato’ Seri Anwar_bin Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើសុំកិច្ចគាំទ្រ ពីរដ្ឋាភិបាលម៉ាឡេស៊ី ដល់គម្រោងនៃការសាងសង់ ខ្សែបញ្ជូនថាមពលក្រោមសមុទ្រ ពីប្រទេសឡាវ កាត់តាមប្រទេសថៃ និងឆ្ពោះទៅប្រទេសសិង្ហបុរី ដែលត្រូវឆ្លងកាត់ព្រំដែនសមុទ្រម៉ាឡេស៊ី»។

ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានឯកភាពគ្នា ក្នុងការពិនិត្យលទ្ធភាពរៀបចំកិច្ចប្រជុំ នៃគណៈកម្មការចម្រុះកិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) នាពេលខាងមុខ ដែលដឹកនាំរួមគ្នាដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងនូវសុទិដ្ឋិនិយមថា ទំនាក់ទំនងរវាងកម្ពុជា-ម៉ាឡេស៊ី នឹងកាន់តែរឹងមាំ និងអាចឈានដល់កម្រិតទំនាក់ទំនងខ្ពស់បន្ថែមទៀត។

ដោយឡែក ភាគីទាំងពីរ ក៏បានពិភាក្សាក្នុងការពិនិត្យលទ្ធភាពពង្រីកនូវជើងហោះហើរផ្ទាល់ពីម៉ាឡេស៊ីទៅកាន់តំបន់ទេសចរណ៍សំខាន់ៗកម្ពុជា ដូចជាខេត្តសៀមរាប ផងដែរ។ ក្នុងក្របខ័ណ្ឌ នៃវិស័យការពារជាតិ និងសន្ដិសុខ ភាគីទាំងពីរ បានឯកភាពលើការបន្តជំរុញនូវកិច្ចសហប្រតិបត្តិការរួមមាន៖ ការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងសមត្ថភាព ការផ្លាស់ប្តូរព័ត៌មាន និងការធ្វើលំហាត់រួមគ្នា៕

×