ភ្នំពេញ ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៩៖៣៣នាទីកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះល្បាតតាមផ្លូវលេខ៥១កែងផ្លូវលេខ២២២ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន១គ្រឿងមានគ្នា ចំនួន២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីជនបរទេស ដែលកំពុងដើរបានសម្រេច។

ភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វើការប្រដេញ និងឃាត់ខ្លួនជនសង្ស័យបានទាំង២នាក់ នៅចំណុចផ្លូវសម្តេចតេជោហ៊ុនសែន (ក្រោយវិមានរដ្ឋសភា) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទី១៖ ឈ្មោះ នៅ សុខបញ្ញា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួល ម្តុំវត្តជំពូកក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ (អ្នកបើក)។ ទី២៖ឈ្មោះ រឿន ជីវ័ន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅ ភូមិក្រាំងពន្លៃ ឃុំវាំងចាស់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។

សម្ភារៈដកហូតមាន ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KN-3282 (របស់ជនសង្ស័យ) និងទូរស័ព្ទដៃម៉ាក IPhone 13 (របស់ជនរងគ្រោះ)។ ទូរស័ព្ទខាងលើកម្លាំងជំនាញបានប្រគល់ទៅអោយនារីរងគ្រោះវិញ។
បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យខាងលើ បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តរតាមនីតិវិធី៕រក្សាសិទ្ធដោយ ៖ សុទ្ធលី
