Reuters បានដកស្រង់សម្ដីរបស់លោកJohn Bolton ទីប្រឹក្សាសន្ដិសុខជាតិអាមេរិក និយាយថា៖ ហេតុការណ៍នេះអាចជាលេសមួយត្រូវបានរដ្ឋការ Maduro បង្កើតឡើងក្នុង«គោលបំណងណាមួយនោះ»។

លោកBolton អះអាងថា អាមេរិកមិនមានពាក់ព័ន្ធអ្វីដល់ការធ្វើឃាត ដែលរដ្ឋការVenezuela ប្រកាស ដោយក្ដោបសំដៅទៅលើប្រធានាធិបតី Nicolas Maduro នៅព្រឹកថ្ងៃទី៥សីហា ខណៈពេលដែលលោកនិងមន្ដ្រីជាន់ខ្ពស់ដទៃទៀតកំពុងចូលរួមក្នុងពិធីព្យុហយាត្រាត្រូវបានផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ នៅរដ្ឋធានី Caracas។
លោកBolton ពោល ប្រសិនបើរដ្ឋការ Venezuela មានភស្ដុតាង ហើយបង្ហាញឱ្យយើងខ្ញុំឃើញថាករណីពាក់ព័ន្ធដល់អាមេរិក នោះយើងខ្ញុំនឹងពិនិត្យមើលយ៉ាងហ្មត់ចត់។
រដ្ឋការ Venezuela បានទម្លាក់កំហុសដល់ក្រុមស្ដាំនិយម ប៉ុន្ដែលោកMaduro បន្ដចោទប្រកាន់ថាប្រធានាធិបតី Colombia Juan Manuel Santos ស្ថិតនៅពីក្រោយករណីប៉ុនប៉ងធ្វើឃាតនេះ។ លោកនិយាយបន្ថែមថា ពួកអ្នកគាំទ្រហិរញ្ញវត្ថុដល់ការវាយប្រហារនេះរស់នៅរដ្ឋFlorida អាមេរិក ព្រមទាំងបានសម្ដែងការសង្ឃឹមថា«ប្រធានាធិបតីអាមេរិកDonald Trump នឹងមានវិធានការទៅលើពួកភេរវករនេះ»។
លោកMaduro ច្រានទម្លាក់កំហុសអាមេរិក ព្រោះតែប្រទេសនេះបានដាក់ទណ្ឌកម្មមកលើមន្ដ្រីរបស់ខ្លូន ហើយក៏ចោទអាមេរិកថារៀបចំផែនការផ្ដួលរំលំលោកដើម្បីបញ្ចប់ការដែលប្រទេសនេះដើរតាមលទ្ធិសង្គមនិយមជិត២ទសវត្សរ៍មកហើយ។
ខណៈពេលនោះColombiaក៏បានទាត់ចោលការចោទប្រកាន់ខាងលើ។ដោយសារក្រុមប្រឆាំង Flannel Soldiers នៅVenezuela បានប្រកាសទទួលខុសត្រូវ ដោយនិយាយថាពួកគេបានប្រើប្រាស់យន្ដហោះគ្មានអ្នកបើកបរ២គ្រឿងដែលមានបំពាក់គ្រឿងផ្ទុះ C4 ក្នុងការវាយប្រហារនេះ ហើយថាទោះបីលើកនេះបរាជ័យក្ដី ប៉ុន្ដែពួកគេនឹងមិនបោះបង់ចោលផែនការធ្វើឃាតលោកMaduro ឡើយ៕សូយន