ប្ដីប្រពន្ធលោក Fred Higgins នៅប្រជុំជន Laurencekirk (Scotland) ប៊ិះនឹងបាត់ឱកាសទទួលរង្វាន់ពិសេស ក្រោយពេលដែលត្រូវបុគ្គលិកហាងលក់ឆ្នោតហែកសន្លឹកឆ្នោតជាពីរ រួចបោះចូលក្នុងធុងសំរាម។

PPI បានដកស្រង់សម្ដីលោកFred Higgins ដែលរម្លឹកឡើងវិញអំពីបុគ្គលិកដែលធ្វើការផ្ទៀងផ្ទាត់តាមរយៈម៉ាស៊ីនថាវាមិនត្រូវទទួលបានរង្វាន់Euro Millions ក៏ហែកសន្លឹកឆ្នោតនោះគ្រវែងចោល។ តែក្រោយមកម៉ាស៊ីនផ្ទៀងផ្ទាត់នេះបានប្រកាសថាសន្លឹកឆ្នោតត្រូវរង្វាន់ពិសេស ហើយពួកគេក៏ស្ទុះស្ទារទៅរើសក្នុងធុងសំរាម ហើយប្រគល់ឱ្យលោកFred Higgins ។
បន្ទាប់ពីពិនិត្យឡើងវិញសាជាថ្មី លោក Fred Higgins បានស្រែកហ៊ោនៅពេលឃើញថាសន្លឹកឆ្នោតរបស់គាត់បានត្រូវរង្វាន់ពិសេស មានតម្លៃជិត៥៨លានផោន។
ក្រុមហ៊ុនឆ្នោត Camelot បានធ្វើការត្រួតពិនិត្យសាជាថ្មីម្ដងទៀត ហើយប្រកាសថាប្ដីប្រពន្ធលោកFred Higgins មានសិទ្ធិទទួលបានប្រាក់រង្វាន់ខាងលើ៕
សូយន