Saturday, March 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជាងជំនាញកាត់សក់ស្រ្តី និងបុរស ប្រមាណជាង ៦០ នាក់ នឹងផ្តល់សេវាកម្មកាត់សក់ដោយឥតគិតថ្លៃដល់អ្នកចូលរួម ជាង ៥០០ នាក់

ភ្នំពេញ៖ សមាគមមិត្តយើង បន្តចូលរួមកិច្ចការសប្បុរសធម៌តាមរយៈផ្តល់សេវាកម្មកាត់សក់ដោយមិនគិតថ្លៃ និងស្នាមញញឹមដល់ប្រជាពលរដ្ឋទូទៅ។កម្មវិធីសក់ និងសម្រស់ដើម្បីមិត្តយើង ជាកម្មវិធីដែលមានការចូលរួមពីសំណាក់ជាងដែលមានជំនាញបច្ចេកទេស ខាងសក់មកពីសាឡនជាច្រើនទូទាំងប្រទេស ត្រូវបានធ្វើនៅថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅរវង្វង់មូលផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជាងជំនាញកាត់សក់ស្រ្តី និងបុរស ប្រមាណជាង ៦០ នាក់ នឹងផ្តល់សេវាកម្មកាត់សក់ដោយឥតគិតថ្លៃដល់អ្នកចូលរួម ជាង ៥០០ នាក់ ហើយមហាជនគោលដៅនៃកម្មវិធីនេះមានដូចជា កម្មករ កម្មការិនី អ្នកបើកកង់បី តាក់ស៊ី និងប្រជាជនមកពីសហគមន៍ក្នុងតំបន់ជុំវិញនៃកន្លែងកម្មវិធីជាដើម។ ជាមួយគ្នានេះដែរមិត្តយើងនឹងរៀបចំកម្មវិធីនេះជារៀងរាល់ខែ ដែលកម្មវិធីបន្ទាប់នឹងរៀបចំនៅថ្ងៃទី ២៦ ខែមីនា ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ។

កម្មវិធីសក់ និងសម្រស់ដើម្បីមិត្តយើង គឺជាកម្មវិធីដ៏សំខាន់មួយរបស់ សមាគមមិត្តយើង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីជំនាញសក់ និងសម្រស់សម្រាប់អ្នកដែលកំពុងស្វែងរកការបណ្ដុះបណ្ដាលក្នុងវិស័យនេះ ដើម្បីជាមធ្យោបាយលើកកម្ពស់ជីវភាពរស់នៅ។

សូមជម្រាបថាសមាគមមិត្តយើង គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកដែលបានចុះបញ្ជីស្របច្បាប់ក្នុងឆ្នាំ ២០២១ ដែលមានចក្ខុវិស័យក្នុងការផ្តល់ឱកាសការងារ លើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទាំងអស់។ បេសកកម្មរបស់ មិត្តយើង គឺដើម្បីពង្រឹងមិត្តភាព សាមគ្គីភាព បង្កើតបណ្តាញគាំទ្រ ចែករំលែកព័ត៌មាន និងបទពិសោធន៍ជាមួយគ្នាក្នុងចំណោមអ្នកជំនាញដែលធ្វើការក្រៅប្រព័ន្ធ អ្នកជំនាញបច្ចេកទេស អ្នកផ្តល់សេវា និងអាជីវកម្មទាំងជាតិ និងអន្តរជាតិ។ មិត្តយើង មានសាខាចំនួន ៤ នៅខេត្តបាត់ដំបង កំពង់ចាម សៀមរាប និងខេត្តស្វាយរៀង ហើយបាននិងកំពុងពង្រីកទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងប្រទេសថៃ៕