ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជសារក្នុងឱកាសនៃទិវាវប្បធម៌ជាតិ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។
បើតាមព្រះរាជសារ ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា “នៅក្នុងឱកាសអបអរសាទរនៃទិវាវប្បធម៌ជាតិ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ទូលព្រះបង្គំ ជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងនូវហឫទ័យសោមនស្សរីករាយឥតឧបមា អបអរសាទរយ៉ាង ជ្រាលជ្រៅ រួមជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិ ទាំងអស់ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត “។

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលថា ទិវាវប្បធម៌ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រារព្ធឡើងដើម្បីរំលឹកដល់គុណូបការៈ ចំពោះបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាញាណ និងអាយុ ជីវិត ក្នុងការបង្កើតសម្បត្តិវប្បធម៌ដ៏សម្បូរបែបដែលមានតម្លៃមិនអាចកាត់ថ្លៃបាន និងបានថែរក្សា ការពារទុកឱ្យកូនចៅជំនាន់ក្រោយ។ ទន្ទឹមនឹងនេះដែរ ទិវាវប្បធម៌ជាតិ ជាទិវាដ៏មានសារៈសំខាន់ ក្នុងការបំផុសនូវស្មារតីស្រឡាញ់វប្បធម៌ជាតិ ទំនៀមទម្លាប់ ប្រពៃណី និងមនសិការស្នេហាជាតិ ចូលរួមលើកស្ទួយតម្លៃមរតកវប្បធម៌ជាតិ និងថែរក្សា ការពារអត្តសញ្ញាណជាតិ មាតុភូមិ ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត ។

នាព្រឹកថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០២៤ នៅទីស្តីការក្រសួង , ក្រសួងវប្បធម៌និងវិចិត្រសិល្ប: មានសន្និសីទសារព័ត៌មានទាក់ទងនឹងការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដឹកនាំដោយឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំជំនាញពាក់ព័ន្ធ ត្រៀមឆ្លើយតបនឹងអ្នកសារព័ត៌មាន។
ថ្លែងក្នុងកម្មវិធីសន្និសីទខាងលើ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ថា ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារ:សំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការ:បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយបានបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបន្តថា ទិវាវប្បធម៌ជាតិ លើកទី២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នឹងមានអ្នកចូលរួមប្រមាណជាង៤០០០នាក់ ក្នុងនោះមានតំណាងថ្នាក់ដឹកនាំនានា មរតកមនុស្សរស់ សិល្បករទាំងក្នុងនិងក្រៅប្រព័ន្ធទូទាំងប្រទេស ព្រមទាំងភ្ញៀវកិត្តិយជាច្រើនរូប ដែលនឹងត្រៀមប្រារព្ធធ្វើឡើងនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី





