រតនគិរី៖ កម្លាំងនគរបាលចាប់ខ្លួនជនដៃដល់ម្នាក់ ប្រើពូថៅកាប់សម្លាប់២នាក់ប្តីប្រពន្ធ នៅស្រុកកូនមុំ ដែលជនរងគ្រោះត្រូវជាបងស្រីបង្កើតនិងបងថ្លៃរបស់ជនដៃដល់។
លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ថា ជនសង្ស័យជាប្អូនប្រុសបង្កើតស្រ្តីរងគ្រោះ។ ជនសង្ស័យក្រោយពីធ្វើសកម្មភាពសម្លាប់បងបង្កើត និងបងថ្លៃរួច បានជិះម៉ូតូគេចខ្លួនបាត់។ លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា បញ្ជាក់ថា មូលហេតុគឺមានទំនាស់ក្នុងគ្រួសារ។

ជនដៃដល់ត្រូវបានកម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការស្រុក និងនគរបាលមូលដ្ឋាន ធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១៣និង៣០នាទីរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ទើបចាប់ខ្លួនបាននៅចំណុចអូរកញ្ជាន់ ឃុំតឺន ស្រុកកូនមុំ។
ជនរងគ្រោះទាំង២នាក់រួមមាន៖ ទី១៖ ឈ្មោះ ហាន ហន អាយុ៦១ឆ្នាំ មុខរបរកសិករស្លាប់កន្លែងកើតហេតុ។ ទី២៖ ឈ្មោះ ណែម សុខជា អាយុ៥៧ឆ្នាំ មុខរបរកសិករ (ប្រពន្ធ) ស្លាប់កន្លែងកើតហេតុ។ អ្នកទាំង២មានទីលំនៅបច្ចុប្បន្នភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីបំពេញបែបបទសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី