Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាទើបតែប្រារព្ធខួបទី ២០ នៃសន្និសីទ CamTESOL ដែលជាជំនួបសម្រាប់អ្នកជំនាញក្នុងវិស័យផ្នែកបង្រៀនភាសាអង់គ្លេសដ៏ធំ ប្រចាំអាស៊ីប៉ាស៊ីហ្វិក

ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា​ នឹង​បន្ត​ការ​គាំទ្រ​នូវ​គំនិត​ផ្តួច​ផ្តើម​ ក៏ដូចជា​លើកទឹកចិត្ត​ដល់​ការ​ចែក​រំលែក​បទពិសោធន៍​ និង​វិធីសាស្ត្រ​បង្រៀន​ថ្មីៗ​តាមរយៈ​សន្និសីទ CamTESOLដែល​ចូលរួម​ចំណែក​​ជួយ​​លើក​កម្ពស់​កម្រិត​អន្តរជាតិ​នៃ​ស្តង់ដា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង។

ក្នុង​ឱកាស​នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សូមសម្ដែង​​អបអរសាទរ IDP Education ក្នុង​ការ​ប្រារព្ធខួបគម្រប់ ២០ ឆ្នាំនៃ​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះនៃសន្និសិទ CamTESOL ដែល​ជា​ព្រឹត្តិការណ៍​​ដ៏​ធំ​ប្រចាំឆ្នាំ​ ប្រមូល​ផ្ដុំ​អ្នក​អប់រំ​​​​ភាសា​អង់គ្លេស គ្រូឧទ្ទេស អ្នកស្រាវជ្រាវ​ផ្នែក​បង្រៀន​ភាសា​អង់គ្លេស (ELT) និង​ភាសាវិទ្យា បុគ្គលិក​រដ្ឋបាល​របស់​សាលារៀន និង​សាកលវិទ្យាល័យ​ដែល​បណ្ដុះបណ្ដាល​ផ្នែក​ភាសា​អង់គ្លេស ដើម្បី​បង្កើតបណ្ដាញ​ទំនាក់ទំនង ចែករំលែក​បទពិសោធន៍ និង​ ផ្លាស់​ប្តូរវិធី​​សាស្ត្រ​បង្រៀន​ល្អៗ​ទៅ​វិញ​ទៅមក​។​

ប្រធានបទ​នៃ CamTESOL ឆ្នាំនេះ “ការ​រៀប​ចំ​អ្នក​សិក្សា​ដែល​ជោគជ័យ៖ ការ​នាំ​យក​​ភាសា​ពិត​ទៅ​ក្នុង​ថ្នាក់ ELT” (Preparing Successful Learners: Bringing Real Language into the ELT Classroom)” ឆ្លុះបញ្ចាំងពីសារៈសំខាន់នៃ​វិធីសាស្រ្ត ក្នុង​ការផ្តល់ការអប់រំភាសាអង់គ្លេសក្នុងសតវត្សទី២១ ជាក់ស្តែង​ភាសាអង់គ្លេស គឺ​ជា​ភាសាសកល​ដែល​បើក​ឱកាសជាច្រើន​សម្រាប់​ការទំនាក់ទំនង ការ​សហការ និង​ការច្នៃ​ប្រឌិត​ថ្មីៗ​។ ដើម្បី​រៀនភាសា​អង់គ្លេស​​ឱ្យចេះ​ប្រាកដ អាច​ប្រើប្រាស់​បាន​​ត្រឹម​ត្រូវ ប្រកបដោយ​ទំនុកចិត្ត សិស្សនិស្សិត​ត្រូវ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ការ​រៀន​ឱ្យ​ច្រើនលើស​ពី​ការ​រៀន​តែ​វេយ្យាករណ៍ និង​ពាក្យ​វាក្យស័ព្ទ ដែល​ក្នុង​នោះ​ទាមទារ​ឱ្យ​អ្នក​រៀន​សូត្រ​ត្រូវ​អនុវត្ត​ជាប្រចាំ ក៏​ដូច​ជា​ផ្សារ​ភ្ជាប់​នឹង​ជំនាញ​ណាមួយ​ជាក់លាក់ ដែល​នេះ​ហើយ​ជា​មូលហេតុ​ធ្វើ​ឱ្យ​សន្និសីទ​នេះ ក្លាយ​ជា​វេទិកា​ដ៏មានសារៈសំខាន់​សម្រាប់​ការ​ចែករំលែក ផ្លាស់​ប្តូរ​បទពិសោធន៍ រៀន​សូត្រ​ពី​ឧត្តមានុវត្តន៍ និង​ការសិក្សា​ស្រាវជ្រាវ​ចុងក្រោយ​បំផុត​ក្នុងវិស័យ ELT។

គួររំលឹកនាថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថាប័នអប់រំ អាយ ឌី ភី អេឌ្យូខេសិន ដែលជា​ស្ថាប័ន​ឈានមុខ​លើ​ពិភពលោក ក្នុងការ​បញ្ជូន​សិស្ស​និស្សិត​ទៅ​សិក្សា​នៅបរទេស និង​សេវាកម្ម​អប់រំ​អន្តរជាតិបានប្រារព្ធខួបលើក ២០ នៃសន្និសីទ CamTESOL​​ ដែលជាវេទិកាដ៏ធំ និងឈានមុខគេក្នុងវិស័យផ្នែកបង្រៀនភាសាអង់គ្លេស (ELT) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្នុងនោះកម្មវិធីបើកត្រូវបានចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លោកស្រី Bridgette L. Walker ភារធារីសហរដ្ឋ អាមេរិកប្រចាំកម្ពុជា លោក Marc Thayre អនុប្រធានបេសកកម្មចក្រភពអង់គ្លេសប្រចាំកម្ពុជា លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន អាយ ឌី ភី អេឌ្យូខេសិន និងស្ថាបនិកសន្និសីទ CamTESOL និងលោក Ashley Irving នាយកនៃមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (សាលា ACE)។

កម្មវិធីបើកនៃសន្និសីទ CamTESOL ប្រចាំឆ្នាំលើកទី ២០ ក៏មានរំលេចនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ ដែលជាកិច្ចស្វាគមន៍ និងបង្ហាញពីវប្បធម៌ និងសិល្បះល្អឯករបស់កម្ពុជាជូនទៅកាន់គណៈប្រតិភូជាតិ និងអន្តរជាតិរាប់ពាន់នាក់ដែលមកពីជុំវិញពិភពលោក ក្នុងនោះរួមមានរបាំអប្សរា និងការសម្ដែងតៃក្វាន់ដូ និងក្បាច់ល្បុក្កតោជាដើម។

រយៈកាល ២០ឆ្នាំមកនេះសន្និសីទ CamTESOL មានអ្នកចូលរួមសរុបប្រមាណជាង ២៥០០០ នាក់ តំណាងឲ្យ ៨០ សញ្ជាតិ មកពី ៦ទ្វីបផ្សេងគ្នា និង បទបង្ហាញសរុបប្រមាណជាង ៨០០០ ប្រធានបទផ្សេងៗ ត្រូវបានលើកយកមកបង្ហាញនៅក្នុងសន្និសីទ។

ចំណែកឯសន្និសីទ CamTESOL ប្រចាំឆ្នាំលើកទី ២០ ឆ្នាំនេះដែលស្តីពីការបង្រៀនភាសាអង់គ្លេសប្រព្រឹត្ត ឡើងនៅឯវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាធ្វើឡើងក្រោមមូលបទ ការបង្រៀនធ្វើយ៉ាងណាពង្រឹងសមត្ថភាព សិស្សឲ្យទទួលបានភាពជោគជ័យ ឬ Preparing Successful Learners: Bringing Real Language into the ELT Classrooms។ គួរបញ្ជាក់ផងដែរ សន្និសីទដ៏ធំមួយនេះបានរួមបញ្ចូលបទបង្ហាញប្រមាណជាង ៥០០ ដោយធ្វើឡើងពីវាគ្មិន និងគណៈប្រតិភូចូលរួមប្រមាណជាង ១៧០០ នាក់ដែលមកពី ៤០ ប្រទេសនៅជុំវិញពិភពលោក។​

សន្និសីទ CamTESOL ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លា និងបន្តផ្ដល់នូវវេទិកាសម្រាប់គ្រួបង្រៀន ភាសាអង់គ្លេស និងគ្រូឧទ្ទេស អ្នកស្រាវជ្រាវក្នុងវិស័យផ្នែកបង្រៀនភាសាអង់គ្លេស (ELT) និងភាសាវិទ្យា បុគ្គលិករដ្ឋបាលរបស់សាលារៀននិងសាកលវិទ្យាល័យដែលបណ្តុះបណ្តាលផ្នែកភាសាអង់គ្លេស ព្រមទាំងអ្នកអប់រំដែលមានចំណាប់អារម្មណ៍ក្នុងការអប់រំភាសាអន្តរជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអបអរសាទរដល់ស្ថាប័នអប់រំ អាយ ឌី ភី អេឌ្យូខេសិនក្នុងការរៀបចំសន្និសីទ CamTESOL ដែលជាផ្នែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងជម្រុញលើកកម្ពស់ការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា និងអន្តរជាតិ។ ក្នុងនោះឯកឧត្តមបានបន្តទៀតថា អ្នកចូលរួមនឹងទទួលបានឱកាសក្នុងការរឹតចំណង​ និងបង្កើនមិត្តភាពរវាងគ្នាដើម្បីរៀនពីគ្នា និងបន្តការអភិវឌ្ឍន៍លើវិស័យបង្រៀនភាសាអង់គ្លេសជារួម។

ឯកឧត្តម Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ “ប្រធានបទ នៃសន្និសីទ CamTESOL តែងតែផ្តោត និងជម្រុញលើគំនិតអភិវឌ្ឍថ្មីៗដើម្បីធានាបានការបង្រៀន ភាសាអង់គ្លេសប្រកបដោយគុណភាព និងជាគុណប្រយោជន៍សម្រាប់បណ្តាសិស្ស និស្សិតទាំងឡាយ។”

លោកស្រី Bridgette L. Walker ភារធារីសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានលើកឡើងថា៖ “សន្និសីទ CamTESOLគឺជាវេទិកាដ៏ឆ្នើមសម្រាប់លោកគ្រូអ្នកគ្រូបង្រៀនភាសាអង់គ្លេសក្នុងការស្វែងយល់ពីគំនិត វិធីសាស្ត្របង្រៀន និងបច្ចេកវិទ្យាថ្មីៗ ដើម្បីធ្វើយ៉ាងណាឲ្យសិស្សទទួលបានការអប់រំដ៏ប្រសើរ។”

“ភាសាអង់គ្លេសជាភាសាដែលមានការវិវឌ្ឍន៍ច្រើន ហើយវាពិតជាមានសារៈសំខាន់សម្រាប់សិស្ស និស្សិតកម្ពុជាក្នុងការស្វែងយល់បន្ថែមពីភាសាមួយនេះ ជាពិសេសអំពីវិធីដ៏សំម្បូរបែបក្នុងការប្រើ
ប្រាស់ដើម្បីបង្ហាញនូវគំនិតរបស់ខ្លួន” ដែលនេះជាការលើកឡើងរបស់លោក Marc Thayre អនុប្រធានបេសកកម្មចក្រភពអង់គ្លេសប្រចាំកម្ពុជា។

លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័នអប់រំ អាយ ឌី ភី អេឌ្យូខេសិន និងស្ថាបនិកសន្និសីទ CamTESOL បានលើកឡើងថា សន្និសីទ CamTESOL បានក្លាយជាសន្និសីទផ្នែកបង្រៀនភាសា អង់គ្លេសឈានមុខ គេប្រចាំអាស៊ី ហើយវេទិកា CamTESOL ឬប្រទេសកម្ពុជបានក្លាយជាតំបន់ក្នុង ការណាត់ជួបនឹង ស្វែងយល់អំពីគំនិតថ្មីៗ ការស្រាវជ្រាវដ៏សមស្រប វិធីសាស្ត្របង្រៀនដ៏ល្អឥតខ្ចោះ និងព័ត៌មានវិវន្តនានា ដែលពាក់ព័ន្ធនិងជាប្រយោជន៍ជួយដល់ការអភិវឌ្ឍន៍លើវិស័យបង្រៀនភាសា អង់គ្លេស។

តំណាងឲ្យស្ថាប័ន អាយ ឌី ភី អេឌ្យូខេសិន លោក ម៉ៅ ស្រេងក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក្រសួងអប់រំ យុវជន និង កីឡា ស្ថានទូតអូស្ត្រាលី សហរដ្ឋអាមេរិក អង់គ្លេស ព្រមទាំងស្ថាប័នដៃគូនានា ជាច្រើន ព្រមទាំងអ្នកជំនាញនៅក្នុងផ្នែកបង្រៀនភាសាអង់គ្លេសនៅក្នុងប្រទេសកម្ពុជា តំបន់ អាស៊ីអាគ្នេយ៍ និងអន្តរជាតិដែលបន្តគាំទ្រយ៉ាងមុតមាំក្នុងការរៀបចំសន្និសិទនេះឡើង និងពង្រីកវិសាលភាពនៃវេទិកានេះសម្រាប់ឆ្នាំក្រោយៗទៀត។

យើងឃើញថា នៅក្នុងកិច្ចពិភាក្សាបើកពេញអង្គ រួមមាន បណ្ឌិត Bophan Khan សាស្រ្តាចារ្យនៅសាកល វិទ្យាល័យភូមិន្ទភ្នំពេញ សាស្ត្រាចារ្យ Jack C. Richards មកពីសាកលវិទ្យាល័យ University of Sydney ប្រទេសអូស្ត្រាលី ព្រមទាំងបណ្ឌិត Richmond Stroupe ជានាយកគ្រប់គ្រងកម្មវិធីអនុបណ្ឌិតប្រចាំ Soka University នៃទីក្រុងតូក្យូ ប្រទេសជប៉ុន។

សម្រាប់សន្និសីទ CamTESOL នាឆ្នាំក្រោយនឹងធ្វើឡើងនៅខែកុម្ភៈ​ ឆ្នាំ ២០២៥ លើមូលបទ សំដៅយ៉ាង ណារៀបចំអនាគតនៃវិស័យផ្នែកបង្រៀនភាសាអង់គ្លេសដោយពឹងផ្អែកលើកិច្ចសហការរវាងគ្នា និងកិច្ច បង្កើតថ្មី ឬ Shaping the Future of ELT: Innovation, Collaboration, & Transformation។ ដូច្នេះអ្នក ជំនាញនៅក្នុងផ្នែកបង្រៀនភាសាអង់គ្លេស ឬលោកគ្រូអ្នកគ្រូអាចស្វែងយល់លម្អិតពីសន្និសីទ និង ព័ត៌មានក្នុងការចូលរួមបានតាមរយៈគេហទំព័រ៖ camtesol.org ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×