រាជធានីភ្នំពេញ ÷ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ចាប់ផ្ដើមបើកដំណើរការរបស់ខ្លួននៅថ្ងៃដំបូង ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះតទៅ គឺទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ដើម្បីឈានទៅដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, ប៉ុន្តែទោះជាបែបនេះក្ដី ប្រជាពលរដ្ឋភាគច្រើនបានស្នើសុំថា ចង់ឱ្យអាជ្ញាធរជាតិមួយនេះដាក់ពង្រាយការិយាល័យនៅតាមមូលដ្ឋាន ព្រោះថា នៅជិតប្រជាពលរដ្ឋ មិនចាំបាច់ពួគាត់ធ្វើដំណើរវែងឆ្ងាយមកដល់ទីតាំងធំនៅឯភ្នំពេញ។

សូមបញ្ជាក់ថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ មិនមែនជាយុទ្ធនាការកាត់ក្ដីជំនួសតុលាការនោះទេ ដោយមានគោលការណ៍នៅក្នុងការដោះស្រាយ គឺការសម្របសម្រួលផ្សះផ្សាវិវាទ, និយាយឲ្យសាមញ្ញ ចំណុះទៅលើការសម្រេចរបស់គូភាគីទាំងអស់។ អាជ្ញាធរជាតិមួយនេះ មិនអាចប្រើប្រាស់ឆន្ទានុសិទ្ធិ សម្រេចថា រឿងរ៉ាវត្រូវដោះស្រាយយ៉ាងដូចម្ដេចនោះទេ គឺត្រូវប្រើប្រាស់នូវសិល្បៈ ដើម្បីសម្រុះសម្រួលឲ្យភាគីទាំងពីរ អាចត្រូវរូវគ្នាឡើងវិញ។
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដឹកនាំដោយ ឧបនាយករដ្ឋមន្រ្តី១រូប មានអនុប្រធាន៤រូប ក្នុងនោះ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាអនុប្រធានប្រចាំការ។ ចំណែកមន្រ្តី ដែលត្រូវ អនុវត្តយក រឿងវិវាទមក សម្រុះសម្រួលត្រូវជ្រើសរើស ចេញពីចំណោមមន្រ្តីរាជការក្របខ័ណ្ឌ ឬ ចេញពីចំណោម សារការី មេធាវី និងអ្នកប្រកបវិជ្ជាជីវៈច្បាប់ផ្សេងៗ ដែលមានជំនាញច្បាប់ ឬជំនាញពាក់ព័ន្ធ នឹងការដោះស្រាយវិវាទ ។

សូមរំលឹកថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ ត្រូវធ្វើឡើងតាមរយៈ វិធីសម្រុះសម្រួលផ្សះផ្សា ហើយមន្រ្តីសម្រុះសម្រួល ដោះស្រាយវិវាទត្រូវផ្តល់ឱ្យភាគីវិវាទ នូវឱកាសព្រមព្រៀងដោះស្រាយវិវាទដោយសន្តិវិធី និងដោយគ្មានការសម្រេចសេចក្តី ដោយបង្ខំណាមួយ ឡើយ ។ គោលដៅ ឬទីកន្លែងដែលក្រុមការងារត្រូវចុះទៅដើម្បីធ្វើការសម្រុះសម្រួលវិវាទនោះ គឺ នៅមូលដ្ឋាននៅតាមសហគមន៍ ហើយ ក្រុមការងារនឹងធ្វើការពង្រាយ នូវមន្រ្តីសម្រប សម្រួលដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការនេះ គឺចុះទៅតាមមូលដ្ឋានចល័ត ដើម្បីធ្វើ កការដោះស្រាយវិវាទ ដែលមានស្រាប់នៅមូលដ្ឋានហ្នឹងតែម្តងបាទ។
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីធ្វើយ៉ាងណាជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ ដោះស្រាយវិវាទកាន់តែកៀកប្រជាពលរដ្ឋ និងធានាដល់ភាពសុខដុមរមនា, ប៉ុន្តែទោះជាយ៉ាងណាប្រជាពលរដ្ឋបានលើកឡើងអំពីការលំបាកផងដែរថា ទាស់តែទីតាំងធំ ដែលយើងហៅថា ជាក្បាលម៉ាស៊ីននោះ មានតែនៅរាជធានីភ្នំពេញមួយគត់ មិនទាន់មានការិយាល័យដាក់ពង្រាយនៅតាមមូលដ្ឋានប្រជាពលរដ្ឋនោះឡើយ ដូច្នេះប្រជាពលរដ្ឋដែលរស់នៅតាមឃុំ-ស្រុកនៃខេត្តនានា ពេលមានរឿងរ៉ាវត្រូវស្វែងរកយុត្តិធម៌ គឺទាល់តែធ្វើដំណើរមកដាក់ពាក្យបណ្ដឹងនៅទីតាំងធំនៃអាជ្ញាធរនេះក្នុងរាជធានីភ្នំពេញ ទើបអាចមានចំណាត់ការ។

ដូច្នេះ ប្រជាពលរដ្ឋដែលនៅតាមភូមិ-ឃុំនៃខេត្តឆ្ងាយៗ ពិបាកនឹងធ្វើដំណើរឡើងមកភ្នំពេញក្នុងការដាក់ពាក្យបណ្ដឹង ហើយក៏មានពេលខ្លះត្រូវស្នាក់នៅភ្នំពេញមួយយប់ទៀតផង ទើបអាចត្រឡប់ទៅផ្ទះវិញបាន, ត្រង់នេះហើយ ដែលបង្កផលលំបាកដល់ប្រជាពលរដ្ឋផងដែរ ប៉ុន្តែបើអាជ្ញាធរមួយនេះបង្កើតការិយាល័យដាក់ពង្រាយនៅតាមមូលដ្ឋានវិញនោះ គឺជាការល្អប្រសើរ បង្កើតប្រព័ន្ធយុត្តិធម៌កាន់តែកៀកប្រជាពលរដ្ឋ លើកទឹកចិត្តជីវភាពរស់នៅប្រកបដោយសុខដុមរមនាកាន់តែប្រសើរថែមទៀត។
សម្រាប់ប្រជាពលរដ្ឋ ដែលមានបំណងចង់បានព័ត៌មានបន្ថែមអំពីការដោះស្រាយនេះ អាចទំនាក់ទំនងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមលេខទូរស័ព្ទ : +855 99 456 156 ៕ ពិសិដ្ឋ CEN











