ភ្នំពេញ៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន BYD បានបំបែកកំណត់ត្រាក្លាយជាក្រុមហ៊ុនផលិត និងលក់រថយន្តបានច្រើនជាងគេលើពិភពលោក ដែលវ៉ាដាច់ក្រុមហ៊ុនTesla របស់មហាសេដ្ឋី Elon Musk ដោយក្នុង ២០២៣កន្លងទៅ ក្រុមហ៊ុន BYD បានលក់រថយន្តសរុបទូទាំងពិភពលោក បានចំនួនជាង ៣លានគ្រឿង ស្មើនឹងជាង ៦៤% នៃទីផ្សាររថយន្តអគ្គិសនីនៅលើពិភពលោក។
កាលពីខែកុម្ភៈកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD បានបើកការិយាល័យតាំងបង្ហាញលក់រថយន្តរបស់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ បច្ចុប្បន្ន កម្ពុជា មានរោងចក្រដំឡើងរថយន្តដែលជាម៉ាកល្បីៗជាច្រើន ដូចជា Hyundai, Daehan, Kia, Ssangyong, Soueast, Dongfeng, Ford, ISUZU, Toyota និងក្រុមហ៊ុន GTV MOTOR ដែលផលិតរថយន្តប្រើប្រាស់ម៉ាកយីហោក្នុងស្រុក ជាដើម។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រ ទេសអូស្រ្តាលី និងនូវែលហ្សេឡង់ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កម្ពុជា កំពុងទាក់ទាញក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) ខ្នាតយក្សរបស់ចិន មកបង្កើតរោងចក្រនៅប្រទេសកម្ពុជា ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលកាន់តែច្រើនជូនប្រជាពលរដ្ឋ។
សម្តេចធិបតីហ៊ុន ម៉ាណែត បានបញ្ជាក់ថា ឥឡូវនេះ កម្ពុជា កំពុងទាក់ទងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) BYD របស់ចិន មកបើករោងចក្រនៅកម្ពុជា ដែលក្រុមហ៊ុននេះ កំពុងមានការប្រកួតប្រជែងជាមួយក្រុមហ៊ុន Tesla របស់អាមេរិក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា សម្តេចនឹងបន្តសកម្មភាពដើរទាក់ម៉ូយ ទោះបានតិច ឬបានច្រើន នៅតែបន្តទាក់ម៉ូយ ដែលសម្តេចចាត់ទុកជា «ការទូតសេដ្ឋកិច្ច យកសេដ្ឋកិច្ចជាគោល ព្រោះសេដ្ឋកិច្ចគឺជាអាយុជីវិតរបស់ប្រជាពលរដ្ឋ គឺជាក្រពះជាតិរបស់យើង» ដែលធ្វើឲ្យប្រជាជនយើងខ្លាំង ធ្វើឲ្យពួកគាត់មានសមត្ថភាព និងចំណេះដឹងសុខភាពល្អ ហើយមានឳកាសការងារកាន់តែច្រើន ចំណូលកាន់តែច្រើនជូនគាត់។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា កំពុងទាក់ទាក់ទាញក្រុមហ៊ុនផលិតរថយន្តម៉ាកយីហោល្បីៗរបស់ពិភពលោកចូលមកបណ្តាក់ទុនបង្កើតរោងចក្រកាន់តែច្រើនឡើង ស្របតាម «ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍វិស័យយានយន្ត និងអេឡិចត្រូនិក» ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញកន្លងមក ដើម្បីទាក់ទាញការវិនិយោគលើវិស័យនេះនៅកម្ពុជា៕