Wednesday, November 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សកម្មភាពកាយយកថ្មចេញពីទន្លេបានជាង ៧០%ហើយ ខណៈសំណុំរឿងកំពុងស្ថិតក្នុងដៃតុលាការដើម្បីបន្តនីតិវិធី

ខេត្តកំពង់ចាម ÷ គិតមកដល់ព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ សកម្មភាពកាយយកថ្មចេញពីទន្លេមេគង្គរបស់លោកឧកញ៉ា ទន់ ឆៃអ៊ាង ដែលធ្លាប់ប្រព្រឹត្តបំពានច្បាប់នោះ បានប្រមាណជាង៧០%ហើយ នៅសេសសល់ម្ចាស់ទីតាំងនេះកំពុងតែញាប់ដៃជើងដើម្បីកាយយកចេញឱ្យអស់ទាំងយប់ទាំងថ្ងៃ ខណៈសំណុំរឿងនេះបានឈានចូលដល់ដៃសាលាដំបូងខេត្តកំពង់ចាមហើយ គ្រោងនឹងចាត់នីតិវិធីផ្លូវច្បាប់បន្ត ដើម្បីដាក់ទោសទណ្ឌ និងពិន័យ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានឱ្យដឹងថា ក្រោយពីមានសកម្មភាពចាក់ថ្មយកផ្ទៃទន្លេពង្រីកធ្វើជាផ្ទៃដីកម្មសិទ្ធិរបស់ខ្លួនបែបនេះកើតឡើង គឺអាជ្ញាធរខេត្តបានយកចិត្តទុកដាក់ ព្រមទាំងបានចុះត្រួតពិនិត្យមើលពីវឌ្ឍនភាពជាប្រចាំ ដោយមានការសម្របសម្រួលពីប្រធានសាលាដំបូងខេត្តផងដែរ។

កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ នៅឯការដ្ឋានកាយថ្មដែលជាកន្លែងបំពានច្បាប់ នៅចំណុចភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម គេឃើញមានសាឡង់ និងរថយន្តបែនដឹកថ្មយកទៅជាក់លើគោកទីតាំងរបស់ ឧកញ៉ា ទន់ ឆៃអ៊ាង ដែលជាអ្នកប្រព្រឹត្តចាក់ថ្មចូលទន្លេពង្រីកផ្ទៃដីរបស់ខ្លួននោះ ធ្វើយ៉ាងណាឱ្យដូចដើមវិញ, មានន័យថា ពំនូកថ្មនៅបាតទន្លេក៏ត្រូវយកចេញដែរ ដើម្បីឱ្យមានលំហូរទឹកដូចពីមុន ដោយម្ចាស់ទីតាំងសន្យាថា ប្រើពេលប្រហែល ១០ថ្ងៃទៀតប៉ុណ្ណោះ។

លោក អ៊ុន ចាន់ដា បានណែនាំថា មេភូមិ មេឃុំ នាយប៉ុស្តិ៍រដ្ឋបាល អភិបាលស្រុកស្រីសន្ធរ ត្រូវតែតាមដានមើលសកម្មភាពកាយយកថ្មចេញនៅទីនេះ និងពិនិត្យមើលទីតាំងដទៃទៀតដែលមិនប្រក្រតីកើតឡើងនៅកន្លែងណាមួយត្រូវរាយការណ៍មកថ្នាក់លើ ដើម្បីមានចំណាត់ការជាបន្ទាន់កុំឱ្យមានសកម្មភាពល្មើសច្បាប់កើតឡើងជាបន្តទៀត។ នីតិវិធីជាបន្តរបស់ទីតាំងខាងលើនេះ គឺកំពុងស្ថិតក្នុងកណ្ដាប់ដៃរបស់សាលាដំបូងខេត្ត ដើម្បីពិនិត្យមើលថាត្រូវសម្រេចទោសទណ្ឌបែបណា?!

សូមរំលឹកថា សកម្មភាពចាក់ថ្មចូលទន្លេដើម្បីពង្រីកផ្ទៃដីធ្វើជាកម្មសិទ្ធិរបស់ ឧកញ៉ា ទន់ ឆៃអ៊ាង នេះ បានកើតឡើងតាំងពីថ្ងៃទី២  ខែមករា ឆ្នាំ២០២៤ រហូតមកដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ទើបបែកការណ៍ ត្រូវបានរដ្ឋបាលខេត្តបដឹង ហើយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខេត្តបានចេញសេចក្តីប្រកាសព័ត៌មាន ចាត់វិធានការឱ្យកាយយកថ្មចេញវិញ។ ជាមួយនេះប្រជាពលរដ្ឋ ក៏ដូចសាធារណជន បាននាំគ្នាសើចពេបជ្រាយទៅលើអាជ្ញាធរទាំងថ្នាក់មូលដ្ឋាន និងថ្នាក់ខេត្តថា ឧកញ៉ា ទន់ ឆៃអ៊ាង ដំបូងឃើញកន្ទេលធំចង់បន្លំដេក ដោយចាក់ថ្មលុបទន្លេមេគង្គ ដើម្បីពង្រីកផ្ទៃដីធ្វើជាកម្មសិទ្ធិរបស់ខ្លួនអស់រយៈពេលជាងមួយខែទៅហើយ ហេតុអ្វី អាជ្ញាធរភូមិ-ឃុំមិនដឹង?! ថ្នាក់ស្រុកមិនដឹង ?! ថ្នាក់ខេត្តមិនដឹង?! បើកុះបានប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានសហការគ្នាថតរូបនេះយកមកផ្សព្វផ្សាយទាន់ កុំអីឧកញ៉ា ទន់ ឆៃអ៊ាង សម្រេចបំណងបាត់, តើច្បាប់ទម្លាប់របស់សង្គមនៅឯណា?!។

ចំណែក លោក សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម បានឱ្យដឹងផងដែរថា រដ្ឋបាលខេត្តបានបញ្ជូនសំណុំរឿងនៃសកម្មភាពចាក់ថ្មចូលទន្លេខុសច្បាប់នេះដល់ដៃ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមហើយ ដើម្បីមានចំណាត់ការផ្លូវច្បាប់លើម្ចាស់ទីតាំងដែលចាក់ថ្មចូលក្នុងទន្លេនពតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×