ទីក្រុងម៉ែលប៊ន៖ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Tanachat Pochana ប្រធានក្រុមហ៊ុន Enserv Holding Australia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
![](https://cen.com.kh/wp-content/uploads/2024/03/photo_2024-03-04_13-33-37-2-682x1024.jpg)
ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូន សម្ដេចធិបតី អំពីសកម្មភាពអាជីវកម្មរបស់ ក្រុមហ៊ុន ដែលផ្ដោតលើការដាំដុះដំណាំស្ពៅ (Sorghum) ដែលក្រុមហ៊ុនមានសមត្ថភាពកែច្នៃដំណាំនេះទៅជាអង្ករមានកាឡូរីទាបតែមានប្រូតេអ៊ីនខ្ពស់ និងអាចកែច្នៃយកទៅប្រើប្រាស់ទៅជាជីវៈឧស្ម័ន្ម (Biogas)។ ជាងនេះទៅទៀត លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចធិបតីបន្ថែមទៀតថា ដំណាំស្ពៅ (Sorghum) នេះគឺជាដំណាំដែលផ្តល់ទិន្នផលខ្ពស់ មិនរើសប្រភេទដី និងមិនត្រូវការទឹកច្រើនដូចដំណាំស្រូវ ហើយក៏អាចរួមចំណែក ក្នុងការស្រូបយកឧស្ម័នកាបូនិកពីបរិយាកាសផងដែរ។ លោកប្រធានក្រុមហ៊ុន បន្ថែមទៀតថា ដោយពិនិត្យឃើញអំពីសក្ដានុពលនៃវិស័យកសិកម្ម និងស្ថានភាពដីកសិកម្មនៅកម្ពុជាដែលមានលក្ខណៈអំណោយផលទៅលើប្រភេទដំណាំនេះ លោកប្រធានក្រុមហ៊ុន បានបង្ហាញពីបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាស វិនិយោគលើដំណាំនេះនៅកម្ពុជា ដើម្បីកែច្នៃទៅជាផលិតផលសម្រេចសម្រាប់នាំចេញទៅក្រៅប្រទេស។
![](https://cen.com.kh/wp-content/uploads/2024/03/photo_2024-03-04_13-33-37-3-1024x682.jpg)
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកប្រធានក្រុមហ៊ុន និងបានបញ្ជាក់ផងដែរថា ដូចនីតិកាលមុនៗដែរ គោលបំណងសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ គឺបង្កើននូវប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាបន្ថែមទៀត តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ ដើម្បីជួយជំរុញដល់វិស័យកសិកម្មនៅកម្ពុជា។ ទន្ទឹមនឹងនោះ សម្ដេចធិបតី ក៏បានបញ្ចាក់ផងដែរថារាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យថាមពលអគ្គិសនី ដូច្នេះការប្រេីប្រាស់បច្ចេកវិទ្យាទំនេីប និងថ្មីដេីម្បីផលិតថាមពលអគ្គិសនី គឺជាផ្នែកមួយស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យថាមពល ដោយផ្ដោតទៅលើថាមពលស្អាត។ រាជរដ្ឋាភិបាលក៏បានសម្រេចបញ្ឈប់ការផ្តល់ការអនុញ្ញាតឱ្យបង្កេីតនូវរោងចក្រដំណើរការដោយថាមពលធ្យូងថ្មថ្មីបន្ថែបទៀត ផងដែរ។ ដូច្នេះការអភិវឌ្ឍវិស័យថាមពលតាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ និងទំនើប ដើម្បីបង្កើតថាមពលស្អាតនេះ គឺជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើ បរិវត្តកម្មថាមពលនៅកម្ពុជា។ បន្ថែមពីនេះ ឆ្លេីយតបទៅនឹងបំណងវិនិយោគរបស់ក្រុមហ៊ុន សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈការសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2024/03/photo_2024-03-04_13-33-37-4-719x1024.jpg)
![](https://cen.com.kh/wp-content/uploads/2024/03/photo_2024-03-04_13-33-37-5-1024x657.jpg)
![](https://cen.com.kh/wp-content/uploads/2024/03/photo_2024-03-04_13-33-37-6-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2024/03/photo_2024-03-04_13-33-37-7-682x1024.jpg)
![](https://cen.com.kh/wp-content/uploads/2024/03/photo_2024-03-04_13-33-37-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2024/03/5609630.jpg)
![](https://cen.com.kh/wp-content/uploads/2024/03/24873669637_297bac18d1_w.jpg)
![](https://cen.com.kh/wp-content/uploads/2024/03/39742963451_df74ee6b21_c.jpg)
![](https://cen.com.kh/wp-content/uploads/2024/03/c63c742f6582b9f3492fa571ad80fe70f265a2be.jpg)
![](https://cen.com.kh/wp-content/uploads/2024/03/Koernersorghum_Friggo-re.-Ardito.jpg)