Wednesday, November 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមឃួង ស្រេង ស្នើឱ្យលោកគ្រូ អ្នកគ្រូ បន្តការខិតខំរួមគ្នា ក្នុងការធ្វើយ៉ាងណា មិនឲ្យមានគ្រឿងញៀននៅក្នុងសាលារៀន

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា វិស័យអប់រំសព្វថ្ងៃ ត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ពោលគឺខ្មែរអាចធ្វើបាន ដោយបច្ចុប្បន្ននេះយើងទទួលបានជោគជ័យយ៉ាងធំធេងលើវិស័យអប់រំនេះ ប៉ុន្តែយើងកុំភ្លេចខ្លួនចំពោះភាពជោគជ័យនេះ ដោយត្រូវរួមគ្នាបន្តធ្វើយ៉ាងណាឲ្យវិស័យអប់រំកាន់តែជោគជ័យថែមទៀត និងធ្វើឲ្យកម្ពុជាសម្រេចបាននូវចក្ខុវិយ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។

ឯកឧត្តមឃួង ស្រេងបានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីបិទសន្និបាទបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីទ្បារាជធានីភ្នំពេញ ឆ្នាំសិក្សា ២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៣-២០២៤ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរអប់រំ យុវជន និងកីទ្បារាជធានីភ្នំពេញ។

ឯកឧត្តមឃួង ស្រេង បានថ្លែងសូមឱ្យលោកគ្រូ អ្នកគ្រូជឿជាក់ មកលើការដឹកនាំរបស់ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយសូម្បីតែអ្នកក្បែរខាងយើងក៏គេទទួលស្គាល់ពីការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជាយើងដែរ។

ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា សម្រាប់សាលារៀនឯកជន ពេលនេះពិបាករកគ្រូបង្រៀន ដោយសារតែគ្រូបង្រៀនឯកជនមួយចំនួន បានបែរមកបង្រៀននៅតាមសាលារដ្ឋ ដោយសារតែនៅសាលារដ្ឋមានប្រាក់បៀវត្សរ៍ខ្ពស់ និងអាចបង្រៀនក្រៅម៉ោងបានថែមទៀត។

ឯកឧត្តមបន្តថា នៅតាមសាលារៀននៅក្នុងរាជធានីភ្នំពេញ មានអនាម័យ បរិស្ថានល្អ ហើយបង្គន់អនាម័យក៏មានលក្ខណៈល្អប្រសើរផងដែរ។

លោកក៏បានជំរុញឲ្យលោកគ្រូ អ្នកគ្រូទាំងអស់ចូលរួម អនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព។ ពាក់ព័ន្ធនឹងករណីនេះ យើងបានចងជាគ្រុបតេឡេក្រាមមួយ រវាងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចនិងលោកគ្រូ អ្នកគ្រូនៅតាមគ្រឹះស្ថានសិក្សា ពោលគឺនៅពេលមាន បញ្ហាអ្វីមួយ យើងដោះស្រាយបានភ្លាមៗតែម្ដង។

ឯកឧត្តមសូមឱ្យលោកគ្រូ អ្នកគ្រូ បន្តការខិតខំរួមគ្នា ក្នុងការធ្វើយ៉ាងណា មិនឲ្យមានគ្រឿងញៀននៅក្នុងសាលារៀន ខណៈដែលពេលនេះ នៅតាមបណ្ដាសាលានានាក្នុងរាជធានីភ្នំពេញមិនមានគ្រឿងញៀនហើយនោះ។ លោកសូមឱ្យលោកគ្រូ អ្នកគ្រូ លះបង់បន្ថែមទៀត ទៅតាមយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាវបរធិបតីហ៊ុន ម៉ាណែត ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស បើគ្មានធនធានមនុស្សយើងមិនអាចអភិវឌ្ឍប្រទេសឲ្យរីកចម្រើនបាននោះទេ។ បច្ចុប្បន្ននេះទីផ្សារការងារកំពុងមានការប្រកួតប្រជែងគ្នាខ្លាំង ដែលទាមទារអោយយើងត្រូវមានធនធានមនុស្សខ្លាំងដែរ។

ឯកឧត្តមក៏បានជំរុញ ឲ្យអាជ្ញាធរខណ្ឌនិងកម្លាំងមានសមត្ថកិច្ចរបស់ខណ្ឌ ចូលរួមក្នុងការគោរពទង់ជាតិ នៅតាមសាលារៀន ដែលធ្វើឡើង១សប្ដាហ៍២ដង ។ ការចូលរួមគោរពទង់ជាតិនេះ អាចឲ្យអាជ្ញាធរក៏ដូចជាកម្លាំងសមត្ថកិច្ចរបស់យើង បានផ្សព្វផ្សាយពីការអភិវឌ្ឍន៍រីកចំរើននៅក្នុងមូលដ្ឋាន ក៏ដូចជាបញ្ហាសន្តិសុខជាដើម។

លោក ហែម ស៊ីណារ៉ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានលើកឡើងផងដែរថា៖ អង្គសន្និបាតបានធ្វើឡើងក្នុងរយៈ១ថ្ងៃកន្លះនេះ បានដំណើរការ ពិភាក្សារួមគ្នាលើ សេចក្តីព្រាងរបាយការណ៍ ទិសដៅ និងពិភាក្សាប្រធានបទសំខាន់ៗ ចំនួន៨ ទៅតាមអនុវិស័យ ទាំង៦ គឺអនុវិស័យអប់រំកុមារតូច អនុវិស័យបឋមសិក្សា អនុវិស័យមធ្យមសិក្សានិងអប់រំបច្ចេកទេស អនុវិស័យ អប់រំក្រៅ ប្រព័ន្ធ អនុវិស័យអប់រំអប់រំកាយនិងកីឡា និងអនុវិស័យការអភិវឌ្ឍយុវជន ដោយឆ្លុះបញ្ចាំងពីចំណុច ខ្លាំង ចំណុចសេសសល់ដែលយើងបានអនុវត្តកន្លងមក ដើម្បីជាមូលដ្ឋានលើកទិសដៅអនុវត្តបន្ត ដោយបើក ទូលាយជូនមន្ត្រីគ្រប់គ្រងអប់រំគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ បានចូលរួមផ្ដល់យោបល់៕ រក្សាសិទ្ធដោយ ៖​ សុទ្ធលី

×