គ្រូបង្ហាត់ប្រដាល់សញ្ញាតិតៃវ៉ាន់ម្នាក់ បានសម្លាប់ និងកាត់សាកសពមិត្តស្រីរបស់ខ្លួនជាកង់ៗ បន្ទាប់ពីគាត់ដឹងថា មិត្តស្រីដែលគាត់ទើបទាក់ទងគ្នាថ្មីៗ មិនមែនជាស្រីបរិសុទ្ធ ហើយនាងតែងតែឆាតជាមួយនឹងប្រុសដទៃ នៅលើបណ្តាញទំនាក់ទំនងសង្គម Tinder។
ជនរងគ្រោះ មានឈ្មោះថា Yee-men Huang អាយុ ២៧ឆ្នាំ ចំណែកមិត្តប្រុសរបស់នាង មានឈ្មោះ Gary Chu អាយុ ២៨ឆ្នាំ។ អ្នកទាំងពីរ បានស្គាល់ និងទាក់ទងគ្នា បន្ទាប់ពីបានធ្វើការឆាតលេង នៅលើកម្មវិធី Tinder។
ស្ត្រីរងគ្រោះ ត្រូវគេប្រទះឃើញលើកចុងក្រោយនៅជាមួយជនសង្ស័យ នៅថ្ងៃទី ២០ ខែឧសភា មួយថ្ងៃ បន្ទាប់ពីនាងបាត់ការទាក់ទងជាមួយនឹងប្អូនប្រុសរបស់នាង។
បន្ទាប់ពីបាត់ការទាក់ទងគ្នាអស់រយៈពេល ១អាទិត្យ ប្អូនប្រុសជនរងគ្រោះ បានបង្ហោះសារនៅលើហ្វេសបុក សួររកកន្លែងនាងរស់នៅ ដោយមានការសង្ស័យថា លោក Chu (មិត្តប្រុសបងស្រីគាត់) អាចនឹងធ្វើអ្វីមួយប្រឆាំងនឹងនាង។
ប៉ូលិសបានធ្វើការស៊ើបអង្កេត បន្ទាប់ពីប្អូនស្ត្រីរងគ្រោះ បានទាក់ទងទៅពួកគេ។ អាជ្ញាធរ មិនបានឃើញលោក Chu រស់នៅក្នុងផ្ទះរបស់គាត់ស្ថិតក្នុងខណ្ឌ Banqiao នោះទេ ប៉ុន្តែនៅពេលប៉ូលិស បានធ្វើការឆែកមើលកាមេរ៉ាសុវត្ថិភាព ពួកគេបានឃើញថា លោក Chu បានដើរចេញក្រៅផ្ទះ ដែលគួរឲ្យសង្ស័យ នៅម៉ោង ១យប់ ហើយឃើញគាត់ យូរថង់សំរាមចំនួន ៧ថង់ និងបានកប់វា នៅក្បែរកន្លែងគាត់រស់នៅ។
នៅថ្ងៃបន្ទាប់ អាជ្ញាធរ ក៏បានទៅជីកកកាយកន្លែងដែលជនសង្ស័យយកអ្វីមកកប់ ហើយបានឃើញ សាកសពរបស់ជនរងគ្រោះ ដែលត្រូវបានគេកាត់ជាកង់ៗ។
នៅថ្ងៃបន្ទាប់មកទៀត មានការភ្ញាក់ផ្អើលបានកើតឡើង នៅពេលអាជ្ញាធរបានឃើញថា ជនសង្ស័យបានសម្លាប់ខ្លួន ដោយចងកនៅនឹងដើមឈើ ក្បែរក្រសួងសុខាភិបាល ដោយមានបន្សល់ទុកនៅលិខិតមួយច្បាប់ ដោយមានសរសេរថា “នាងធ្វើខុសចំពោះខ្ញុំ”។
នៅពេលបានដឹងពត៌មានចងកនោះ អតីតប្រពន្ធរបស់ជនសង្ស័យបានមកដល់កន្លែងកើតហេតុនិងបានធ្វើការលាតត្រដាងថា អតីតប្តីរបស់គាត់ ជាមនុស្សចូលចិត្តប្រើហិង្សា និងរំលោភបំពានណាស់៕ សុភ័ក្ត្រ
ប្រភពៈ Nexshark