ភ្នំពេញ ៖ ករណី ” លោកផ្កាយ៣ខាងអត្តសញ្ញាណកម្ម រស់នៅក្នុងបុរី ភូមិគ្រឹះសុភមង្គល ដើរឈ្នានីសអ្នកជិតខាង មិនឱ្យធ្វើរបងការពារផ្ទះរបស់គេ ចុះទម្រាំនៅកន្លែងការងារ ខ្វះសីលធម៌ប៉ុនណាទៅ?! ” នេះជាចំណងជើងអត្ថបទដែល CEN បានធ្វើការផ្សព្វផ្សាយ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ដើម្បីស្វែងរកអន្តរាគមន៍ពីថ្នាក់លើជួយរកយុត្តិធម៌ជូនពលរដ្ឋរស់នៅផ្ទះ ២-៤ C ក្នុងបុរីភូមិគ្រឹះសុភមង្គល ដែលគ្រាន់តែធ្វើរបងលើព្រំដីរបស់ខ្លួនការពារផ្ទះខ្លួនឯងសោះ ស្រាប់តែលោកមន្ត្រីនគរបាលផ្កាយ៣ ខាងអត្តសញ្ញាណកម្ម ចេញមកកាងមិនឱ្យគេធ្វើរបងទៅវិញ ខណៈដែលខ្លួនឯងធ្វើសំយាបដំបូលចេញបាន និងធ្វើចង្ក្រានបាយចេញបាន។

កំណត់ការិយាល័យនិពន្ធ (ក.ក.ន) ÷ ខណៈពេលដែល CEN ចេញផ្សាយបានមួយថ្ងៃ ក្រុមការងាររបស់យើងបានប្រទះឃើញ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចេញលិខិតមួយ ផ្សព្វផ្សាយតាមផេក facebook របស់អង្គភាពខ្លួន ជម្រាបមកអង្គភាពសារព័ត៌មាន CEN ដោយបញ្ជាក់ថា ករណីលោកផ្កាយ៣ ដែល CEN ផ្សាយនោះ គឺជារឿងបុគ្គលផ្ទាល់របស់គេ មិនពាក់ព័ន្ធជាមួយអង្គភាព អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលជាស្ថាប័នរដ្ឋនោះទេ និងសុំកិច្ចសហការជាមួយ CEN។ ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ CEN សូមសម្ដែងការកោតសរសើរ និងគោរពសេចក្ដីថ្លៃថ្នូររបស់អង្គភាព អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលមិនគាំទ្រចំពោះបុគ្គលណាមួយបម្រើការក្នុងអង្គភាពនេះ ហើយបែរជាទៅប្រព្រឹត្តអំពើឆ្គាំឆ្គងនៅខាងក្រៅនោះឡើយ, ហើយចំពោះលោកកាយ៣ម្នាក់នោះ ការណ៍ដែល CEN ធ្វើការផ្សព្វផ្សាយ គឺយើងបានរក្សាទុកកិត្តិយសជូនអង្គភាព អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មរួចទៅហើយ ដោយសារថា យើងមិនបានបញ្ចេញឈ្មោះលោកផ្កាយ៣ម្នាក់នោះ ហើយយើងក៏មិនបានបញ្ជាក់ប្រាប់អំពីតួនាទីរបស់គាត់ដែរ… ត្រង់នេះហើយ ជាការរក្សាកិត្តិយសសម្រាប់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម , CEN សូមគាំទ្រចំពោះសេចក្ដីថ្លៃថ្នូររបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលមិនគាំទ្រចំពោះមន្ត្រីរបស់ខ្លួន យកអំណាចបុណ្យស័ក្ដិ តួនាទី ទៅគំរាមកំហែងធ្វើបាបពលរដ្ឋទន់ខ្សោយ, ដោយចាត់ទុកទង្វើលោកផ្កាយ៣នោះ ជាទង្វើបុគ្គល មិនពាក់ព័ន្ធនឹងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនោះឡើយ ត្រង់ចំណុចនេះ គឺគួរឱ្យកោតសរសើរ និងគោរព។
ជាកិច្ចសហការ CEN សូមធ្វើការផ្សព្វផ្សាយនូវលិខិតរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ទាំងស្រុងដូចតទៅ ÷

CEN សូមបង្ហាញនូវទស្សនៈរបស់ខ្លួនផ្ទាល់ថា ខ្លឹមសារលិខិតរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មានអត្ថន័យជ្រាលជ្រៅបរិបូរណ៍ទៅដោយវាជាជីវៈ និងសេចក្ដីថ្លៃថ្នូរ ដោយឈរលើស្មារតីស្អាតស្អំ មិនអនុញ្ញាតឱ្យបុគ្គលណា ឆ្លៀតឱកាសយកឥទ្ធិពលអង្គភាព អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មទៅប្រើប្រាស់គំរាមកំហែង ធ្វើបាបពលរដ្ឋទន់ខ្សោយ, ជាពិសេស មន្ត្រីនគរបាលផ្កាយ៣ម្នាក់នេះ ដែលព្យាយាមម្ដងហើយម្ដងទៀត យកបុណ្យស័ក្ដិ អំណាច តួនាទីភារកិច្ច ទៅគ្រប់ដណ្ដប់ គំរាមកំហែងលើពលរដ្ឋជិតខាងរបស់ខ្លួន ដើរកាងមិនឱ្យគេធ្វើរបងការពារផ្ទះរបស់គេ។

CEN សូមអរគុណដល់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលបានធ្វើលិខិតជម្រាបជូនអង្គភាពសារព័ត៌មាន CEN ដោយបញ្ជាក់ច្បាស់ថា លោកកែ៣ម្នាក់នោះ គឺជារឿងបុគ្គល មិនជាប់ពាក់ព័ន្ធនឹងអង្គភាពរដ្ឋ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនោះទេ, ហើយចាប់ពីថ្ងៃនេះតទៅ បើលោកផ្កាយ៣ម្នាក់នោះ នៅតែដើរគំរាមកំហែងធ្វើបាបប្រជាពលរដ្ឋទន់ខ្សោយតទៅទៀត CEN នឹងស្រាវជ្រាវព័ត៌មានច្បាស់លាស់ ដាក់បង្ហាញទាំងឈ្មោះលោកផ្កាយ៣ម្នាក់នោះ និងតួនាទី ភារកិច្ច ឱ្យកាន់តែច្បាស់លាស់ថែមទៀត លែងយោគយល់បុគ្គលនោះហើយ គឺប្រមូលព័ត៌មាន យកមកផ្សព្វផ្សាយជូនសាធារណជន និងថ្នាក់លើនៃស្ថាប័នរដ្ឋជាបន្តបន្ទាប់ទៀត ដើម្បីមាន វិធានការ ជួយដល់ប្រជាពលរដ្ឋទន់ខ្សោយ, តទៅ CEN ពេញចិត្តនឹងសហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មជានិច្ច៕ (ការិយាល័យនិពន្ធ CEN)















