Wednesday, November 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងអធិការកិច្ច កំពុងពិនិត្យ និងតាមដានករណីចោទប្រកាន់របស់ជនអនាមិក ដែលនិយាយថា មន្ត្រីក្រសួងអធិការកិច្ចបានទារប្រាក់ ៥ ០០០ដុល្លារពីមន្ទីរសេដ្ឋកិច្ចខេត្តកំពង់ធំ ជាថ្នូរនឹងការមិនត្រួតពិនិត្យឯកសារ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអធិការកិច្ច បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយច្រានចោលការចោទប្រកាន់របស់ជនអនាមិក ដែលនិយាយមិនពិតថា មន្ត្រីក្រសួងអធិការកិច្ចបានទារប្រាក់ ៥ ០០០ដុល្លារពីមន្ទីរសេដ្ឋកិច្ចខេត្តកំពង់ធំ ជាថ្នូរនឹងការមិនត្រួតពិនិត្យឯកសារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ។

អ្នកនាំពាក្យក្រសួងអធិការកិច្ច បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ តាមរយៈការផ្សាយជាសាធារណៈរបស់ស្ថានីយវិទ្យុ អេ ប៊ី ស៊ី(ABC) មានជនអនាមិក បានទូរសព្ទចូលកម្មវិធីផ្សាយផ្ទាល់ ដោយផ្តល់ព័ត៌មានមិនពិត ចោទប្រកាន់មកលើមន្ត្រីក្រសួងអធិការកិច្ច ថាបានទារប្រាក់ចំនួន ៥ ០០០$ (ប្រាំពាន់) ដុល្លារពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ ជាថ្នូរនឹងការមិនត្រួតពិនិត្យឯកសារ។

អ្នកនាំពាក្យក្រសួងអធិការកិច្ច សូមបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់ខាងលើ និងចាត់ទុកថា ការចោទប្រកាន់នេះ គ្មានមូលដ្ឋានច្បាស់លាស់ មានចរិតមូលបង្កាច់ បង្អួចកិត្តិយសស្ថាប័នរដ្ឋ បំពុលបរិយាកាសសង្គមញុះញង់ និងបំភ្លៃការពិតដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ។

អ្នកនាំពាក្យក្រសួងអធិការកិច្ច បានជម្រាបជូនសាធារណជនជ្រាបដូចខាងក្រោម៖
១. យោងលិខិតបញ្ជាបេសកកម្ម និងផែនការប្រតិបត្តិការអធិការកិច្ច គណៈប្រតិភូចុះធ្វើអធិការកិច្ច ចាប់ផ្តើមអនុវត្តការងារពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ដោយផ្តោតលើកម្មវត្ថុ ចំនួន ៣ គឺ៖ (ទី១) ការអនុវត្តតួនាទី ភារកិច្ច (ទី២) ការគ្រប់គ្រងការផ្តល់សេវាសាធារណៈ និង (ទី៣) ការអនុវត្តគម្រោងសាងសង់ ជួសជុល ថែទាំហេដ្ឋារចនាសម្ព័ន្ធ ក្នុងការិយបរិច្ឆេទឆ្នាំ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ។ ដោយសាររយៈពេលនៃការចុះបេសកកម្មខាងលើមានកំណត់ ដូច្នេះ ការចុះធ្វើអធិការកិច្ចនេះមិនបានគ្របដណ្តប់លើគ្រប់មន្ទីរ-អង្គភាពទាំងអស់នៅជុំវិញខេត្តកំពង់ធំ នោះទេ។ ក្នុងនោះ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ ពុំបានស្ថិតនៅក្នុងគោលដៅ នៃការចុះ ត្រួតពិនិត្យនាពេលនោះទេ។
២. ការលើកឡើងរបស់ជនអនាមិកដែលបានចោទប្រកាន់ថា ការទារប្រាក់នេះបានកើតឡើងនៅ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ គឺពិតជាមិនត្រឹមត្រូវទេ ដោយគណៈប្រតិភូបានបញ្ចប់បេសកកម្ម របស់ខ្លួន និងបានវិលត្រលប់មកវិញរួចរាល់ហើយ។

ក្រសួងអធិការកិច្ច ស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធសហការជួយស្រាវជ្រាវករណីនេះ ដើម្បីស្វែងរកការពិត និងចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់។
ក្រសួងអធិការកិច្ច បន្តពិនិត្យ និងតាមដានករណីចោទប្រកាន់ខាងលើយ៉ាងដិតដល់ជាទីបំផុត ព្រមទាំងនឹងចាប់វិធានការយ៉ាងម៉ឺម៉ាត់ដល់មន្រ្តី ឬបុគ្គលទាំងឡាយណាដែលបានយកតួនាទីរបស់ខ្លួន ក្នុងស្ថាប័នទៅប្រព្រឹត្តទង្វើដែលផ្ទុយនឹងបទបញ្ញត្តិច្បាប់។
ក្រសួងអធិការកិច្ចមានប្រអប់សំបុត្រទទួលពាក្យបណ្តឹងពីគ្រប់មជ្ឈដ្ឋាន និងទទួលបណ្តឹងតាមប្រព័ន្ធអនឡាញ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×