Wednesday, November 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគមឧកញ៉ាកម្ពុជា បព្ជាក់ពីការបញ្ចប់គោរមងារ ឧកញ៉ា ពីគោរមវន្តណាម្នាក់ គឺគោរមវន្តត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ

ភ្នំពេញ ៖ សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃសៅរ៍ទី១៦ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបញ្ចប់គោរមងារ ឧកញ៉ា ពីគោរមវន្តណាម្នាក់ គឺមាត្រា២៣ បានបញ្ញត្តិ ពីការបញ្ចប់គោរមងារឧកញ៉ា ដែលស្ថិតក្នុងករណីចំនួន៥។

សមាគមឧកញ៉ាកម្ពុជា បព្ជាក់ថា ការបញ្ចប់គោរមងារ “ឧកញ៉ា” ពីគោរមវន្តណាម្នាក់ ដោយយោងតាមបទបញ្ញត្តិក្នុងមាត្រា១៩ មាត្រា២២ និងមាត្រា២៣ នៃព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា ។

សមាគមឧកញ៉ាកម្ពុជា សូមគោរពជម្រាបជូន អ្នកឧកញ៉ា ឧកញ៉ា និងសាធារណជន ទាំងអស់មេត្តាជ្រាបថា យោងតាមមាត្រា១៩ នៃព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា បានបញ្ញត្តិពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងភាពជាតំណាងគោរមវន្តទាំងអស់នៅ ព្រះរាជណាចក្រកម្ពុជា និងភាពជាដៃគូរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ សមាគមឧកញ៉ាកម្ពុជា ក៏ជាសមាជិកគណៈកម្មការអន្តរក្រសួងពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា (គ.ព.វ.គ) ដែលគណៈកម្មការនេះនឹងត្រូវរៀបចំអនុក្រឹត្យស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំ និងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់ គោរមងារឧកញ៉ា ផងដែរ។

យោងតាមមាត្រា២២ នៃព្រះរាជក្រឹត្យដដែលបានបញ្ញត្តិថា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និង ឧកញ៉ា ត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ប្រកបមុខរបរស្របច្បាប់ និងចៀសវាងសកម្មភាពណាដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់គោរមងារឧកញ៉ា។

ជាមួយគ្នានោះដែរមាត្រា២៣ បានបញ្ញត្តិ ពីការបញ្ចប់គោរមងារឧកញ៉ា ដែលស្ថិតក្នុងករណីណាមួយដូចខាងក្រោម៖
គោរមវន្តសុំលាលែងពីគោរមងារឧកញ៉ាដោយស្ម័គ្រចិត្ត
គោរមវន្តមិនបំពេញកាតព្វកិច្ចបង់វិភាគទានប្រចាំឆ្នាំរយៈពេល៣(បី) ឆ្នាំជាប់គ្នា ដោយគ្មានមូលហេតុ
គោរមវន្តត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ
ត្រូវបានរកឃើញថាគោរមវន្តបានប្រព្រឹត្តល្មើសនឹងមាត្រា២២ នៃព្រះរាជក្រឹត្យខាងលើ
ត្រូវបានរកឃើញថាសំណុំឯកសារស្នើសុំគោរមងារឧកញ៉ារបស់គោរមវន្តមានការក្លែងបន្លំ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×