សៀមរាប៖ ក្រុមហ៊ុន Angkor Wildlife & Acqurius ជាឧទ្យានកម្សាន្តមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងភូមិខ្ចាស់ ឃុំក្បូន ស្រុកសូតនិគមន៍ ខេត្ត/ក្រុងសៀមរាប ដែលរួមគ្នារវាងពាណិជ្ជករខ្មែរ.ជប៉ុន&អាមេរិក ដោយវិនិយោគលើផ្ទៃដីទំហំប្រមាណ១០០ហិកតា។
ការវិនិយោគឧទ្យានកម្សាន្ត Angkor Wildlife & Aquarium អាចចាត់ទុកថា ជាការវិនិយោគខ្នាតយក្សដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកនៅលើទឹកដីខេត្ត/ក្រុងសៀមរាប ក្នុងនោះមានដូចជា ផ្ទះបុរាណ សួនផ្កាមេអំប៉ៅ សួនសត្វខ្លា មើលត្រីបាតសមុទ្រ រួមនិងសត្វ ច្រើនប្រភេទ ដែលជាពូជសត្វក្នុងស្រុកផង និងនាំចូលពីក្រៅប្រទេសផង។ជាមួយគ្នាដែរក៏បានធ្វើការប្រលែងសត្វក្រពើភ្នំឱ្យទៅរស់នៅក្និងព្រៃតាមបែបធម្មជាតិវិញ នៅតំបន់ជួរភ្នំក្រវាញ ក្រោយពីរធ្វើការមើលថែ។
លោក អុល វណ្ណដា អ្នកគ្រប់គ្រងទូទៅនៃឧទ្យានកម្សាន្ត Angkor Wildlife & Acqurius បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមហ៊ុនគ្រោងចំណាយទុនវិនិយោគប្រមាណ ៧០លានដុល្លារ លើផ្ទៃដីទំហំ ១០០ហិកតា។ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនទើបតែធ្វើការអភិវឌ្ឍន៍បានចំនួន ១០ហិកតាប៉ុណ្ណោះ ហើយគ្រោងនិងរៀបចំធ្វើការអភិវឌ្ឍន៍បន្តទៀតក្នុងពេលឆាប់ៗនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរ នៅក្នុងស្រុក និងក្រៅស្រុកឱ្យមកកម្សាន្តនិងទស្សនានៅទីនេះកាន់តែច្រើនឡើង។
លោកអុល វណ្ណដាបញ្ជាក់ថា បច្ចុប្បន្នឧទ្យានកម្សាន្ត Angkor Wildlife & Acqurs បានផ្តល់ការងារឲ្យប្រជាពលរដ្ឋខ្មែរចំនួន១៤០នាក់។ ការវិនិយោគនេះ គឺចាប់ផ្តើមតាំងពីមុន COVID-19 និងមានភ្លៀងទេសចរណ៍ច្រើនបានចូលទស្សនាកម្សាន្ត។
ប៉ុន្តែក្រោយ COVID-19 គឺមានការធា្លក់ចុះគួរឱ្យព្រួយបារម្ភ ដោយសាវិស័យទេសចរណ៍ ពុំទាន់វិលត្រឡប់មករកភាពល្អប្រសើរវិញ។ ហើយក្នុងឆ្នាំ២០២៣ មានភ្លៀងទេសចរខ្មែរចំនួនជាង ១៤ម៉ឺននាក់ រីឯ ភ្ញៀវបរទេស មានចំនួនតិចតួច ធ្វើឱ្យការវិនិយោគពុំទាន់ទទួលបានផលចំណេញនៅឡើយ។ប៉ុន្តែនៅពេលវិស័យទេសចរណ៍ងើបឡើងវិញ ក្រុមហ៊ុននឹងបន្តគម្រោងទី២ និងទី៣បន្ថែមទៀត។
គួរបញ្ជាក់ថា ក្នុងពេលនេះ ក្រុមហ៊ុន ក៏បានស្នើដល់អាជ្ញាធរ និងក្រសួងទេសចរណ៍ ឲ្យជួយធ្វើការផ្សព្វផ្សាយអំពី Angkor Wildlife & Aquarium ក្នុងវេទិកាអន្តរជាតិ និងពិព័រណ៍ផ្សេងៗ ដើម្បីឱ្យពួកគេបានដឹងនិងកម្សាន្តនៅទីនេះ កាន់តែច្រើនឡើង៕