Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់ផ្ទះជួលប្រកាសពន្យារពេលបង់ថ្លៃឈ្នួលផ្ទះដល់កម្មកររោងចក្រ Y&W តាមការជូនដំណឹងរបស់ក្រសួងការងារ

ភ្នំពេញ៖ ម្ចាស់ផ្ទះជួលឱ្យកម្មករ Y&W ប្រកាសពន្យារពេលបង់ថ្លៃឈ្នួលផ្ទះដល់កម្មករទៅតាមការជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរហូតដល់កម្មករនិយោជិតទាំងអស់ទទួលបានការដោះស្រាយជាស្ថាពរក្នុងករណីរោងចក្រ Y&W។

ការពន្យារពេលបែបនេះបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីប្រកាសអំពាវនាវឱ្យម្ចាស់ផ្ទះជួលទាំងអស់ដែលមានកម្មករនិយោជិតនៃរោងចក្រ Y&W កំពុងស្នាក់នៅ សូមធ្វើការពន្យារពេលបង់ថ្លៃផ្ទះឈ្នួលដល់កម្មករមួយរយៈសិន រហូតមានដំណោះស្រាយជាស្ថាពរ។

លោក ផុន សុផាត ដែលជាម្ចាស់ផ្ទះជួលដល់កម្មករ Y&W បានលើកឡើងថាខ្លួនបានពន្យារពេលបង់ថ្លៃផ្ទះជួល រួមទាំងថ្លៃទឹកភ្លើងទៅដល់កម្មករនិយោជិតនៃរោងចក្រ Y&W ដែលកំពុងស្នាក់នៅផ្ទះជួលរបស់ខ្លួនរហូតដល់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោះស្រាយរួចរាល់ជូនកម្មករ។

លោកថា៖«ខ្ញុំបានប្រាប់ពួកគាត់ថាមិនយកថ្លៃផ្ទះជួលទេអំឡុងពេលមានបញ្ហាហ្នឹង លើសពីនេះទៅទៀតប្រសិនបើបងប្អូនមិនទាន់មានការងារធ្វើទេបងប្អូនអាចបន្តស្នាក់នៅបន្តិចទៀតបានក៏ប៉ុន្តែត្រូវចេញថ្លៃទឹកភ្លើងដោយខ្លួនឯង»។

លោកបានពន្យល់ថា ការពន្យារពេលបង់ថ្លៃផ្ទះជួលជូនកម្មករ Y&W នេះបន្ទាប់ពីមានការអំពាវនាវពីសំណាក់ក្រសួងការងារ និងអាជ្ញាធរមូលដ្ឋាន និងលោកបានមើលឃើញអំពីការលំបាករបស់កម្មករ កម្មការិនីដែលត្រូវបានថៅកែរត់ចោល គ្មានលទ្ធភាពក្នុងការបង់ថ្លៃផ្ទះជួលដល់ខ្លួន។

ទន្ទឹមនឹងនេះម្ចាស់ផ្ទះជួលរូបនេះអំពាវនាវឱ្យម្ចាស់ផ្ទះជួលទាំងឡាយណាដែលមានកម្មកររោងចក្រ Y&W សូមពន្យារពេលបង់ថ្លៃផ្ទះជួលទៅដល់កម្មករតាមការណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជួយសម្រាលការចំណាយរបស់កម្មករ រហូតដល់មានដំណោះស្រាយចប់រួចរាល់។

លោកថ្លែងអំណរគុណទៅដល់ក្រសួងការងារដែលមានចំណាត់ការទាន់ពេលវេលាលើករណីថៅកែក្រុម Y&W រត់ចោលកម្មករនេះ ហើយលោកគាំទ្រយ៉ាងពេញទំហឹង និងជឿជាក់លើជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយករណីក្រុមហ៊ុន Y&W ជូនកម្មករនិយោជិតទាំងអស់ឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ផងដែរថាពាក់ព័ន្ធនឹងករណីថៅកែរោងចក្រ Y&W នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្រៅពីប្រកាសឱ្យម្ចាស់ផ្ទះជួលពន្យារពេលបង់ថ្លៃផ្ទះ ក្រសួងការងារក៏បាននាំយកឱកាសការងារជាច្រើនពាន់កន្លែងថ្មីៗដល់កម្មករនិយោជិតនៃរោងចក្រ Y&W ដល់កន្លែងផងដែរ។ លើសពីនេះទៀតកម្មករនិយោជិតនៃរោងចក្រ Y&W អាចបន្តប្រើប្រាស់បណ្ណ ប.ស.ស. បានដដែល ខណៈពេលដែលក្រសួងការងារកំពុងតែដំណើរការនីតិវិធីរបស់ខ្លួនក្នុងការដោះស្រាយសំណងជូនកម្មករនិយោជិតទាំងអស់នាពេលខាងមុខ៕

×