កែប៖ កំពង់ផែទេសចរណ៍នៅលើកោះទន្សាយមួយនេះ កំពុងដំណើរការសាងសង់ទៅតាមផែនការ បើគិតមកទល់ពេលនេះ គម្រោងទាំងមូល សម្រេចការសាងសង់បានក្នុងរង្វង់៩០% ហើយ។ គម្រោងសាងសង់កំពង់ផែលើកោះទន្សាយនេះ គ្រោងចំណាយថវិកាប្រមាណជាង ១,៦លានដុល្លារ ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឲ្យដឹងថា សមិទ្ធផលជាប្រវត្ថិសាស្រ្តរបស់ខេត្តកែបមួយនេះ ជួយលើកកម្ពស់វិស័យទេសចរណ៍របស់ខេត្ត ជាពិសេសសម្រាប់ប៉ូលអភិវឌ្ឍន៍ទេសចរណ៍តំបន់ប្រជុំកោះ ដែលស្ថិតក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ២០២៣- ២០៣៥ ដើម្បីប្រែក្លាយខេត្តកែបជាគោលដៅទេសចរណ៍ធម្មជាតិ និងសមុទ្រ សម្រាកលម្ហែកម្សាន្តបែបប្រណិតកម្រិតខ្ពស់។
ឯកឧត្តម បានបន្តថា កំពង់ផែបែបស្តង់ដារមួយនេះ និងជួយរុញសក្តានុពលតាមបណ្តាកោះទាំង១២ និងថ្មប៉ប្រះទឹក១ ដែលខេត្តកែបមាន ឲ្យកាន់តែមមាញឹកក្នុងការទទួលស្វាគមន៍អ្នកទេសចរ ហើយបន្ថែមពីនោះកំពង់ផែនេះ ក៏នឹងជួយឲ្យពលរដ្ឋដែលរស់នៅលើកោះ កាន់តែងាយស្រួលក្នុងការរស់នៅ និងបានជះផលល្អដល់សេដ្ឋកិច្ចគ្រួសារ តាមរយៈវិស័យទេសចរណ៍។
ក្រៅពីគម្រោងដែលកំពុងដំណើរការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធនានា ដែលទទួលកម្ចីពី ADB កោះទន្សាយ ក៏មានវិស័យឯកជន កំពុងដំណើរការអភិវឌ្ឍគម្រោងរបស់ខ្លួនដែរ នៅលើផ្ទៃដីជាង ១៤០ហិកតា នឹងធ្វើឲ្យកោះទន្សាយនេះ ក្លាយទៅជាទិសដៅទេសចរណ៍ទាក់ទាញដ៏សំខាន់ និងប្រកបដោយទំនើបភាព៕