Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងរ៉ែ និងថាមពល នឹងចាត់វិធានការអាជីវកម្មរ៉ែមាសអនាធិបតេយ្យនានា ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ វិស័យរ៉ែ កំពុងមានការរីកចម្រើនយ៉ាងខ្លាំង បើយោងតាមក្រសួងរ៉ែ និងថាមពល វិស័យនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេស។ គិតត្រឹមបំណាច់ឆ្នាំ២០២៣ ការផលិតផលរ៉ែមាស បានចំនួន ៩,៥តោន។ ​

ដើម្បីបង្កើតឱ្យមានឱកាសការងារនៅនឹងកន្លែង និងប្រយោល និងការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម ក្រសួងរ៉ែ និងថាមពល នឹងបន្តប្តេជ្ញាបញ្ចប់នូវរាល់សកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែស្របច្បាប់ ដែលនាំមកនូវផលប្រយោជន៍ជាតិជាច្រើន។ នេះជាការលើកឡើងរបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ក្នុងកម្មវិធីសំណេះសំណាលនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ។

ឯកឧត្តម កែវ រតនៈ បានបន្តថា ការបំបាត់នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងសង្គម ព្រមទាំងចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន គឺការធ្វើអាជីវកម្មរ៉ែ ប្រកបដោយចីរភាព ដោយមានការគាំទ្រ និងការការពារពីច្បាប់។ ក្នុងវិស័យរ៉ែ និងថាមពលនេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំកៀរគរចំណូលពីការបង់ពន្ធពីសួយសាររ៉ែផ្សេងៗ ដូចជា រ៉ែមាស, ថ្ម, ខ្សាច់ ជាដើម ដើម្បីរាជរដ្ឋាភិបាល មានចំណូលបើកប្រាក់ខែជូនមន្ត្រីរាជការ និងកសាងហេដ្ឋារចនាសម្ព័ន្ធផងដែរ។

ក្រសួងរ៉ែ និងថាមពល បានបង្ហាញថា ក្នុងឆ្នំា២០២៣ កម្ពុជាប្រមូលចំណូលមិនមែនសារពើពន្ធរពីវិស័យរ៉ែ បានប្រមាណ ៥០លានដុល្លារអាមេរិក ខណៈប្រតិបត្តិការរ៉ែសំណង់ រ៉ែមាស និងរ៉ែឧស្សាហកម្មផ្សេងៗកំពុងកើតឡើង។ ក្រៅពីនេះ ការធ្វើប្រតិបត្តិការរ៉ែសំណង់ និងរ៉ែឧស្សាហកម្មផ្សេងៗ បានផ្តល់ឱកាសដល់កម្ពុជា អាចនាំធនធានរ៉ែខ្សាច់ ផលិតផលពាក់កណ្តាល់សម្រេចថ្មអារ រ៉ែដែក និងដុំមាសចេញទៅក្រៅប្រទេស។​

គួរបញ្ជាក់ថា ជុំវិញប្រតិបត្តិការនៃអាជីវកម្មរ៉ែនេះ បានធ្វើឱ្យកម្ពុជា ទទួលបានចំណូលមិនមែនសារពើរពន្ធប្រចាំឆ្នាំ មានការកើនឡើងជារៀងរាល់ឆ្នាំ គិតចាប់ពី ២លានដុល្លារ នៅក្នុងឆ្នាំ២០១៣ កើនដល់ប្រមាណ ៥០លានដុល្លារ ក្នុងឆ្នាំ២០២៣។ ចក្ខុវិស័យវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះវិស័យរ៉ែ គឺអភិវឌ្ឍន៍ធនធានរ៉ែ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច និងសង្គម ប្រកបដោយអភិបាលកិច្ចល្អ និងទទួលខុសត្រូវខ្ពស់លើផ្នែកបរិស្ថាន និងការអភិវឌ្ឍសហគមន៍មូលដ្ឋានផងដែរ៕

×