Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាននាយកដ្ឋានសត្វព្រៃនិងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ ត្រូវបានតុលាការអាមេរិក សម្រេចថាគ្មានទោសនៅក្នុងសំណុំរឿងសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅកាន់សហរដ្ឋអាមេរិក

spot_img

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃនិងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ ត្រូវបានតុលាការអាមេរិកសម្រេចថាគ្មានទោសនៅក្នុងសំណុំរឿងសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅកាន់សហរដ្ឋអាមេរិក។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបដល់សាធារណជនមេត្តាជ្រាបថា លោក គ្រី ប៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃនិងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ ត្រូវបានតុលាការរដ្ឋប្បរីដា សហរដ្ឋអាមេរិក សម្រេចកាលពី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ថាគ្មានទោសដូចការចោទប្រកាន់នៅក្នុងសំណុំរឿងសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅ សហរដ្ឋអាមេរិកនោះទេ។

នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ត្រី ប៉ះផល ត្រូវបានអាជ្ញាធរអាមេរិកប្រើអំណាចចាប់ខ្លួននៅឯអាកាស យានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណឌី ក្នុងពេលលោកកំពុងរង់ចាំបន្តដំណើរទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ ស្តីពីអនុសញ្ញាពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់ (CITES) នៅប្រទេសប៉ាណាម៉ា។ ការចាប់ខ្លួនដោយអយុត្តិធម៌ពីសំណាក់រដ្ឋអាជ្ញា និងទីភ្នាក់ងារមច្ឆជាតិនិងសត្វព្រៃអាមេរិក បានធ្វើឱ្យលោក គ្រី ប៉ះផល ត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារ និងមាតុប្រទេស អស់រយៈពេល ១ឆ្នាំ ៤ខែ និង១០ថ្ងៃ។

នៅក្នុងរយៈពេលជាង១ឆ្នាំ ៤ខែកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអាណត្តិទី៦ រហូតដល់អាណត្តិទី៧ បានខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីស្វែងរកយុត្តិធម៌ជូនដល់មន្ត្រីរបស់ខ្លួន។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមគោរពថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាលទាំងពីរអាណត្តិ គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចជាកាល តែងតែយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខ របស់មន្ត្រីរាជការស្អាតស្អំ។ ក្រសួងក៏សូមថ្លែងអំណរគុណផងដែរ ដល់ក្រសួង-ស្ថាប័ន និងតួអង្គពាក់ព័ន្ធផ្សេងទៀត រួមមាន ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ ឯកឧត្តមឯកអគ្គរាជទូត កម្ពុជាប្រចាំនៅទីក្រុងវ៉ាស៊ីងតោន និងលោកជំទាវឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងញូយ៉ក ព្រមទាំងសហការី ក៏ដូចជា មេធាវី និងក្រុមអ្នកច្បាប់ទាំងអស់ ដែលបានរួមចំណែកសហការ គាំទ្រ និងតតាំងក្តីប្រកបដោយវិជ្ជាជីវៈ រហូតទទួលបាន យុត្តិធម៌ជូនដល់មន្ត្រីកម្ពុជា។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបដល់សាធារណជន និងសារព័ត៌មានជ្រាបថា នៅក្នុងសំណុំ រឿងរបស់លោក គ្រី ប៉ះផល ក្រសួងបានរក្សាភាពស្ងៀមស្ងាត់ មិនថ្លែងការណ៍នានាទៅកាន់សារព័ត៌មាន ក្នុងគោលបំណង គោរពដំណើរការនីតិវិធីរបស់តុលាការ ដើម្បីឱ្យការកាត់ក្តីប្រព្រឹត្តទៅប្រកបដោយយុត្តិធម៌។ ប៉ុន្តែក្រសួងបានធ្វើការយ៉ាង ជិតស្និទ្ធជាមួយមេធាវីអាមេរិក ដើម្បីតតាំងក្តីប្រឆាំងនឹងរដ្ឋអាជ្ញាព្រមទាំងទីភ្នាក់ងារមច្ឆជាតិនិងសត្វព្រៃអាមេរិក ដែលចោទ ប្រកាន់ខុសលើមន្ត្រីកម្ពុជា តាមរយៈភស្តុតាងដែលប្រមូលបានដោយការស៊ើបអង្កេតមិនត្រឹមត្រូវ លាក់បាំងពីអាជ្ញាធរ កម្ពុជា និងពុំគោរពតាមឧត្តមានុវត្តអន្តរជាតិក្នុងការអនុវត្តច្បាប់ឆ្លងដែន។

ជារួម ការចោទប្រកាន់ទាំងឡាយមកលើកម្ពុជាក្នុងរឿងជំនួញសត្វស្វាក្តាម តែងបានធ្វើឡើងដោយគ្មានភស្តុតាង ត្រឹមត្រូវ តែផ្អែកលើការអះអាងរបស់បុគ្គល ឬបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលខ្លះ តាមរយៈការប្រើប្រាស់ប្រព័ន្ធសារពត៌មាន គ្មានវិជ្ជាជីវៈ និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ក្នុងន័យចោទប្រកាន់មន្ត្រីរបស់ក្រសួង បំភ័ន្តសាធារណមតិ និងបង្វែរខ្លឹមសារ នៃដំណើរការជំនុំជម្រះក្តីឆ្ពោះទៅកាន់បុរេនិច្ឆ័យប្រឆាំងនឹងមន្ត្រីកម្ពុជា។

មកទល់ពេលនេះ សត្វស្វាក្តាមទាំងឡាយដែលបាននាំចេញពីកម្ពុជា សុទ្ធតែបានធ្វើឡើងស្របតាមច្បាប់ និង អនុសញ្ញាអន្តរជាតិយ៉ាងពិតប្រាកដ។ បើទោះបីជាមានការបញ្ជាក់ម្តងហើយម្តងទៀតពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាថា ឯកសារទាំងឡាយដែលបានធ្វើចេញទៅសុទ្ធតែជាឯកសារត្រឹមត្រូវក៏ដោយ ក៏ការចោទប្រកាន់នានានៅក្នុងរឿងជំនួញ សត្វស្វាក្តាមនេះនៅតែបន្តកើតមាន។

ការសម្រេចទាត់ចោលការចោទប្រកាន់របស់រដ្ឋអាជ្ញា និងទីភ្នាក់ងារមច្ឆជាតិនិងសត្វព្រៃអាមេរិក គឺជាយុត្តិធម៌ ដែលតុលាការអាមេរិកផ្តល់ដល់លោក ត្រី ប៉ះផល។ នេះសរបញ្ជាក់ថា មន្ត្រីកម្ពុជាពិតជាបានគោរពតាមច្បាប់ បទប្បញ្ញត្តិ ព្រមទាំងអនុសញ្ញាអន្តរជាតិនានាយ៉ាងខ្ជាប់ខ្ជួន។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សាទរចំពោះលោក ត្រី ប៉ះផល ដែលបានទទួលយុត្តិធម៌ពីតុលាការ អាមេរិក។ ជាមួយគ្នានេះ ក្រសួងសូមថ្កោលទោសចំពោះទង្វើរបស់ទីភ្នាក់ងារមច្ឆជាតិនិងសត្វព្រៃអាមេរិក ដែលរំលោភ អំណាច និងពុំគោរពតាមឧត្តមានុវត្តអន្តរជាតិក្នុងការអនុវត្តច្បាប់ឆ្លងដែន។

ចំណែកកិច្ចខិតខំប្រឹងប្រែងស្វែងរកយុត្តិធម៌ជូនមន្ត្រី ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា គឺជាសក្ខីភាពបង្ហាញថា មន្ត្រីកម្ពុជាស្អាតស្អំ មិនអាចត្រូវរំលោភបំពានបានឡើយ ទោះស្ថិតនៅក្នុងកាលៈទេសៈ និងពីសំណាក់មជ្ឈដ្ឋានណាក៏ដោយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×