
មន្ដ្រីកូរ៉េខាងត្បូងម្នាក់បានឱ្យដឹងកាលពីថ្ងៃទី៧ ខែសីហាថា ប្រទេសនេះមានគម្រោងនឹងតភ្ជាប់កម្មវិធីមនុស្សធម៌ដល់កូរ៉េខាងជើងវិញ បន្ទាប់ពីមានការជំរុញថ្មីៗនេះពីអង្គការសហប្រជាជាតិ។
មួយឆ្នាំមុននេះរដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចផ្គត់ផ្គង់ដល់ប្រទេសជិតខាងដ៏ក្រីក្រនេះនូវជំនួយដែលមានតម្លៃ៨លានដុល្លារ ក៏ដូចជាផលិតផលបំប៉នសុខភាពនិងវ៉ាក់សាំង តាមរយៈកម្មវិធីស្បៀងអាហារពិភពលោកនិងមូលនិធិUNICEF ។
ប៉ុន្ដែសកម្មភាពខាងលើត្រូវបានផ្អាកព្រោះភាពតានតឹងបានកើតឡើងដោយសារទង្វើញុះញង់មិនឈប់ឈររបស់កូរ៉េខាងជើង។ថវិកាជំនួយខាងលើត្រូវបានបង្កកទុកមកដល់ពេលនេះ។
ក្រុមប្រឹក្សាសន្ដិសុខ UN បានអនុម័តសំណើថ្មីមួយរបស់អាមេរិកក្នុងការរៀបចំលក្ខណសម្បត្ដិងាយស្រួលដល់ជំនួយមនុស្សធម៌ដល់កូរ៉េខាងជើង ដែលត្រូវបានគេចាត់ទុកថាកំពុងពើបប្រទះនឹងកង្វះស្បៀងអាហារ ហើយអ្នកខ្វះអាហារូបត្ថម្ភកំពុងកើនឡើងឥតឈប់ឈរ៕
សូយន