Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទះបាយភូមិខ្មែរ មានឆន្ទៈចូលរួមអភិរក្ស និងអភិវឌ្ឍន៍ម្ហូបខ្មែរ ដែលជាកេរតំណែលជាតិ

ភ្នំពេញ៖ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិកាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ថ្វីត្បិតតែពេលនេះ មានម្ហូបបរទេសជាច្រើន បាន និងកំពុងធ្វើចរាចរណ៍នៅក្នុងប្រទេសកម្ពុជា ក៏ពិតមែន តែម្ហូបខ្មែរ នៅតែរក្សាបានប្រជាប្រិយភាព ពេញនិងទូទាំងប្រទេស ហើយការបើកផ្ទះបាយភូមិខ្មែរ នាពេលនេះ ប្រៀបបាននឹង ការកសាងស្ពានឆ្លង ដើម្បីពាំនាំមរតកម្ហូបខ្មែរដល់កូនខ្មែរជំនាន់ក្រោយកាន់តែច្បាស់។

លោកជំទាវ សូមសម្តែងការកោតសរសើរដល់ភោជនីយដ្ឋាន ផ្ទះបាយភូមិខ្មែរ ចំពោះការយកចិត្តទុកដាក់ចូលរួម ចំណែកលើកស្ទួយ និងអភិវឌ្ឍន៍ម្ហូបខ្មែរ។

ផ្ទះបាយភូមិខ្មែរ ជាភោជនីយដ្ឋានមួយ ដែលបានបើកដំណើរការ ក្រោមអធិបតីភាព លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៍ និងវិចិត្រសិល្បៈជាតំណាងដ៏ ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោកស្រី ហុក ស្រីហួរ អគ្គនាយិកានៃ ភោជនីដ្ឋានផ្ទះបាយភូមិខ្មែរ បានបញ្ចេញការតាំងចិត្តថា ការបើកដំណើរការនៃភោជនីយដ្ឋាន ផ្ទះបាយភូមិខ្មែរ នេះមិនត្រឹមតែជាភោជនីយដ្ឋានដែល មានបម្រើជូនម្ហូបខ្មែរប៉ុណ្ណោះទេ ប៉ុន្តែនឹងដើរតួយ៉ាងសំខាន់ក្នុងការចូលរួម អភិរក្ស និងអភិវឌ្ឍម្ហូបខ្មែរ ដែលជាកេរតំណែលជាតិ អោយកាន់តែល្បីរន្ទឺទៅកាន់ឆាកអន្តរជាតិ។

ភោជនីយដ្ឋាន ផ្ទះបាយភូមិខ្មែរ នឹងនាំមកជូននូវម្ហូបខ្មែរ ដែលមានរសជាតិដើមពីតាមតំបន់នានា ផ្សាភ្ជាប់នូវ ប្រពៃណី សិល្បៈ រចនាបថ និងដំណើររឿងដ៏យូរលង់នៃម្ហូបខ្មែរទាំងនោះ។ ​

សូមបញ្ជាក់ថា ផ្ទះបាយភូមិខ្មែរ មានម្ហូបខ្មែរជាង៣០០ មុខ យកពីតាមតំបន់នានា ក្នុងនោះ រួមមានខេត្តសៀមរាប បាត់ដំបង ពោធិ៍សាត់ ស្វាយរៀង កំពត មណ្ឌលគិរី រតនៈគិរី និងខេត្តស្ទឹងត្រែងជាដើម។ មិនត្រឹមតែផ្តោតលើរសជាតិអាហារប៉ុណ្ណោះទេ ភោជនីយដ្ឋាននេះ ក៏យកចិត្តទុកដាក់លើសោភ័ណភាពនៃម្ហូបអាហារ សេវាកម្មដ៏កក់ក្តៅ បរិយាកាសពោរពេញដោយផាសុកភាព រួមនឹងរចនាបថ និងការតុបតែងហាងដែលរំលេចចេញនូវសិល្បៈ និងប្រពៃណីខ្មែរផងដែរ៕

×