Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណេះដឹងលើប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ដើម្បីភាពរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍

spot_img

ភ្នំពេញ ៖ ថ្ងៃទី ២៧ ខែមីនា​​ ឆ្នាំ២០២៤ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ​​​ ខេមបូឌា​ (CBC) និងសមាគមទេសចរណ៍កម្ពុជា (CATA)បានសហការគ្នារៀបចំសិក្ខាសាលា នៅខេត្តសៀមរាប នាថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤ដើម្បីពង្រីកការយល់ដឹងអំពីប្រព័ន្ធចែករំលែកព័ត៌មានឥណទាន វិធីពិនិត្យសុខភាពហិរញ្ញវត្ថុនិងចំណេះដឹងរង្វាយតម្លៃឥណទានក្នុងការបង្កើនលទ្ធភាពទទួលបានឥណទានសម្រាប់ភាពរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យមទេសចរណ៍។

ហិរញ្ញប្បទានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់អាជីវកម្មក្នុងវិស័យទេសចរណ៍ ដើម្បីពន្លឿនកំណើន
និងការងើបឡើងវិញបន្ទាប់ពីការធ្លាក់ចុះក្រោយជំងឺរាតត្បាតកូវីទ ១៩។
ក្នុងបរិបទនៃការប្រកាសកញ្ចប់ប្រាក់កម្ចីចំនួន ៥០ លានដុល្លារពីរដ្ឋាភិបាលកម្ពុជាដល់សហគ្រាសធុនតូច
និងមធ្យមទេសចរណ៍ក្នុងខេត្តសៀមរាបសិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងផ្តោតលើកត្តាអាចឱ្យធុរកិច្ចរៀបចំខ្លួនបានល្អប្រសើរសម្រាប់ការទទួលបានប្រាក់កម្ចី។ សហគ្រាសធុនតូច និងមធ្យមទេសចរណ៍ប្រមាណ ១០០ មកពីខេត្តសៀមរាបបានចូលរួមសិក្ខាសាលានេះ។
លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តតំណាង​ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ក្នុងសុន្ទរកថាគន្លឹះក្នុងសិក្ខាសាលានេះបានលើកឡើងពីតម្រូវការសម្រាប់ម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍ ត្រូវយល់ដឹងនិងរៀបចំខ្លួនដើម្បីទទួលបានឥណទាន ហើយអាចមានលទ្ធភាពរវិនិយោគប្រកបដោយការទទួលខុសត្រូវនិងនិរន្តរភាព។ លោកបានគូសបញ្ជាក់បន្ថែមទៀតថាដោយសារវិស័យទេសចរណ៍គឺជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់យើងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយ ស៊ីប៊ីស៊ី និងធនាគារ អាចជួយជំរុញកំណើនវិស័យនេះ។
ប្រព័ន្ធចែករំលែកព័ត៌មានឥណទាន​ ដើរតួនាទីជាគ្រឹះក្នុងការពង្រីកលទ្ធភាពទទួលបានឥណទាន
និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។ នៅពេលដែលបុគ្គល ឬអាជីវកម្មស្នើសុំប្រាក់កម្ចីអ្នកផ្តល់ប្រាក់កម្ចីគ្រប់រូបត្រូវពិនិត្យមើលប្រវត្តិឥណទានរបស់ខ្លួនពីក្រុមហ៊ុន​​ ស៊ីប៊ីស៊ី។ សេវាកម្មរបស់​ស៊ីប៊ីស៊ី នឹងជួយបុគ្គលនិងអាជីវកម្មទទួលបានប្រាក់កម្ចីដោយផ្តល់ព័ត៌មានសំខាន់ៗអំពីទម្រង់ឥណទានរបស់ពួកគេដែលជួយស្ថាប័នហិរញ្ញវត្ថុដែលផ្ដល់កម្ចីអាចធ្វើការវាយតម្លៃក៏ដូចជាធ្វើការសម្រេចចិត្តផ្តល់ប្រាក់កម្ចីបានលឿន និងត្រឹមត្រូវជាងមុន។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ​ នៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា បានមាប្រសាសន៍ថា“ទិន្នន័យពី ស៊ីប៊ីស៊ី បង្ហាញថាគិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៤ ប្រាក់កម្ចីចំនួន ២.៦៨ពាន់លានដុល្លារត្រូវបានប្រើប្រាស់នៅក្នុងវិស័យទេសចរណ៍នៅទូទាំងប្រទេសដែលស្មើនឹង ១២.៦៨%នៃប្រាក់កម្ចីក្នុងវិស័យទេសចរណ៍បានផ្តល់ទៅឱ្យប្រជាជន នៅក្នុងខេត្តសៀមរាបដែលបានស្នើប្រាក់កម្ចី។
ប្រសិនបើយើងក្រឡេកមើលទិដ្ឋភាពឥណទានដ៏ទូលំទូលាយនៅក្នុងខេត្តសៀមរាប យើងអាចមើលឃើញថា
ឥណទានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់អាជីវកម្មក្នុងស្រុកដោយសារសមតុល្យប្រាក់កម្ចីអាជីវកម្មខ្នាតតូចបានកើនឡើង ៥២% ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយចាប់តាំងពីឆ្នាំ ២០១៩ ហើយបច្ចុប្បន្នស្មើនឹង ៧៣.៣៥% នៃប្រាក់កម្ចីសរុបនៅខេត្តសៀមរាប។
អាស្រ័យហេតុនេះ ស៊ីប៊ីស៊ីប្តេជ្ញាពង្រីកការយល់ដឹងអំពីរបាយការណ៍ឥណទានដើម្បីធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍ ដែលជាឆ្អឹងខ្នងរបស់ប្រទេសយើង។”

សមាគមទេសចរណ៍កម្ពុជា (CATA) ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រអាជីវកម្មរបស់សមាជិកខ្លួន
ដើម្បីពង្រីកចំណេះដឹង​ ការផ្សព្វផ្សាយ និងបង្កើតបណ្តាញសម្រាប់ការពង្រឹងអាជីវកម្មនិងប្រតិបត្តិការហិរញ្ញវត្ថុរបស់សមាជិក​។ មុនពេលជំងឺរាតត្បាត កូវីទ១៩វិស័យទេសចរណ៍បានរួមចំណែកដល់ ១៨.២% នៃផលិតផលជាតិក្នុងស្រុកសរុបក្នុងឆ្នាំ ២០១៩។
បន្ទាប់ពីវិបត្តិ កូវីទ១៩ សិក្ខាសាលានេះនឹងដើរតួយ៉ាងសំខាន់ក្នុងការរៀបចំសហគ្រាសធុនតូច
និងមធ្យមជាសមាជិករបស់ សមាគមទេសចរណ៍កម្ពុជាសម្រាប់ការទទួលបានប្រាក់កម្ចីសម្រាប់ផ្តល់ហិរញ្ញប្បទានដល់កំណើនប្រតិបត្តិការរបស់សមាជិក។លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា មានប្រសាសន៍ថា“យើងបានរៀបចំសិក្ខាសាលានេះ ដើម្បីផ្តល់ជាវេទិកាមួយសម្រាប់សហគ្រាសធុនតូច
និងមធ្យមជាសមាជិករបស់យើង ដើម្បីបង្កើនការយល់ដឹងរបស់ពួកគេលើរបាយការណ៍ឥណទាន
និងរបៀបដែលវាប៉ះពាល់ដល់លទ្ធភាពទទួលបានប្រាក់កម្ចីរបស់សមាជិករបស់យើង។
វិស័យទេសចរណ៍ដើរតួនាទីចាំបាច់ក្នុងការស្តារកំណើនសេដ្ឋកិច្ចនៃខេត្តសៀមរាបក៏ដូចជាទូទាំងប្រទេសកម្ពុជា។ យើងត្រូវជំរុញកិច្ចសហប្រតិបត្តិការរបស់យើងជាមួយវិស័យហិរញ្ញវត្ថុ សមាគមនធុរកិច្ច សមាគមផ្សេងៗ និងរាជរដ្ឋាភិបាល ដើម្បីបង្កើតបានជាធ្លុងដ៏រឹងមាំមួយ ដែលអាចសម្រេចបាននូវកំណើនក្នុងវិស័យទេសចរណ៍ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។»
ក្នុងកម្មវិធីសិក្ខាសាលានេះ សហគ្រាសធុនតូច និងមធ្យមដែលចូលរួមក៏មានឱកាសសាកល្បងទាញយក
និងប្រើប្រាស់​កម្មវិធីទូរស័ព្ទស៊ីប៊ីស៊ី​​ និងពិនិត្យមើលរបាយការណ៍ឥណទានឥតគិតថ្លៃ។ វាជាសិទ្ធិរបស់បុគ្គល
និងអាជីវកម្មគ្រប់រូបក្នុងការពិនិត្យមើលរបាយការណ៍ឥណទានរបស់ពួកគេដោយមិនគិតថ្លៃម្តងក្នុងមួយឆ្នាំ។
ស្ថាប័នហិរញ្ញវត្ថុតែងតែ ពិនិត្យមើលរបាយការណ៍ឥណទានរបស់អ្នកស្នើឥណទានមុនពេលធ្វើការសម្រេចចិត្ត
ដូចនេះវាពិតជាសំខាន់ណាស់ដែលលោកអ្នកតាមដាននិងពិនិត្យមើលរបាយការណ៍ឥណទានពីរទៅបីដងក្នុងមួយឆ្នាំ។
ក្នុងសិក្ខាសាលានេះ សហគ្រិនក្នុងស្រុកនិងថ្នាក់ដឹកនាំបានចែករំលែកទស្សនៈរបស់ពួកគេអំពីស្ថានភាពអាជីវកម្មទេសចរណ៍និងបញ្ហាប្រឈមដែលពួកគេជួបប្រទះនៅពេលស្នើឥណទាន។ នាយកប្រតិបត្តិជាន់ខ្ពស់របស់ធនាគារ
សហគ្រាសធុនតូច​ និងមធ្យម​ កម្ពុជា និង​ ធនាគារ ស្ថាបនា ក៏បានចូលរួមផងដែរ ក្នុងការផ្តល់គន្លឹះ
និងការប្រឹក្សាយោបល់ដែលអាចជួយសហគ្រាសធុនតូច និងមធ្យម ក្នុងការប្រើប្រាស់ហិរញ្ញវត្ថុរបស់ពួកគេ។

អំពីក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី)
ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី ដែលហៅកាត់ថា ស៊ីប៊ីស៊ី​ ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់នូវ
សេវាព័ត៌មានហិរញ្ញវត្ថុ ឧបករណ៍វិភាគទិន្នន័យ​ និងរបាយការណ៍ឥណទាន ដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ ក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីឆ្នាំ២០១២​មក ស៊ីប៊ីស៊ីបានជួយដល់អតិថិជន ក្នុងការគ្រប់គ្រងហានិភ័យ និងអត្ថប្រយោជន៍ជាច្រើនលើផ្នែកធុរកិច្ច និងការសម្រេចចិត្តបានកាន់តែប្រសើរ តាមរយៈដំណោះស្រាយជាច្រើនដូចជា
របាយការណ៍ឥណទានអតិថិជន របាយការណ៍ឥណទានក្រុមហ៊ុន ខេ-ស្ករ​ សេវាវិភាគទិន្នន័យ ផែនទីហានិភ័យ
ឥណទាន សេវាតាមដានឥណទាន សេវាត្រួតពិនិត្យឥណទាន សេវាវិភាគទិន្នន័យតាមតម្រូវការ និងសេវា
វាយតម្លៃអចលនទ្រព្យឌីជីថល ជាដើម។ បច្ចុប្បន្ន ស៊ីប៊ីស៊ី មានសមាជិករហូតដល់ទៅ ១៩០ស្ថាប័នហិរញ្ញវត្ថុ ដែលរួមមានធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ជើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ក្រុមហ៊ុនភតិសន្យា ប្រតិបត្តិករឥណទានជនបទ។​

អំពីសមាគមទេសចរណ៍កម្ពុជា
សមាគមទេសចរណ៍កម្ពុជាធ្វើជាសំឡេងតែមួយរបស់ភ្នាក់ងារទេសចរណ៍កម្ពុជា
និងសមាគមឧស្សាហកម្មទេសចរណ៍រៀងៗខ្លួន។

វាដើរតួនាទីជាកាតាលីករដ៏សំខាន់ក្នុងការកសាងអាជីវកម្មទេសចរណ៍ដែលមានការប្រកួតប្រជែងជាសកល
និងក្នុងការពង្រឹងវិស័យទេសចរណ៍ក្នុងស្រុក និងសមាគមទេសចរណ៍ដែលពាក់ព័ន្ធ៕

spot_img
×