Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងJICA ចុះហត្ថលេខាលើកំណត់ហេតុ កិច្ចពិភាក្សានៃគម្រោងស្តីពីការពង្រឹងប្រសិទ្ធភាពការងារគយ សម្រាប់ជំរុញការតភ្ជាប់ក្នុងតំបន់មេគង្គ

spot_img

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើឯកសារគម្រោងស្តីពីការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពរដ្ឋបាលគយសម្រាប់ជំរុញការតភ្ជាប់ក្នុងតំបន់មេគង្គ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ។

បន្ទាប់ពីមានការពិភាក្សាលម្អិតរវាង អគរ និង JICA ឯកសារនេះត្រូវបានឯកភាពគ្នា ហើយបន្ទាប់ពីចុះហត្ថលេខារួចមក នឹងក្លាយជាមូលដ្ឋាននៃការលើកផែនការលម្អិតដើម្បីអនុវត្តនាពេលខាងមុខ។ គម្រោងនេះ មានគោលដៅចម្បង ដើម្បីពង្រឹងការតភ្ជាប់និងកិច្ចសម្រួលពាណិជ្ជកម្មក្នុងតំបន់មេគង្គ តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ JICA ជាមួយរដ្ឋបាលគយក្នុងតំបន់មេគង្គ។ គម្រោងនេះនឹងផ្ដោតលើការងារសំខាន់ៗ មួយចំនួនរួមមាន៖ ១)ពង្រឹងកិច្ចសម្របសម្រួលទ្វេភាគីដើម្បីធ្វើសាមញ្ញកម្មនីតិវិធីបញ្ចេញទំនិញពីគយនៅច្រកទ្វារអន្តរជាតិរវាងប្រទេសកម្ពុជានិងប្រទេសថៃ ដោយជ្រើសរើសច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន ជាគម្រោងសាកល្បង, ២)ពង្រឹងសមត្ថភាពមន្រ្តីគយពាក់ព័ន្ធការអនុវត្តកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាត (Authorized Economic Operators), ៣) ជំរុញការអនុវត្តទស្សនទានកំពង់ផែសេរី (Free Port Concept) នៅខេត្តព្រះសីហនុ, ៤)គាំទ្រសាលាជាតិគយដែលនឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់តំបន់ប្រចាំអាស៊ីប៉ាហ្វិករបស់អង្គការគយពិភពលោក (WCO Regional Training Center in the Asia Pacific) តាមរយៈការបណ្តុះបណ្តាល​គ្រូបង្គោល រៀបចំសិក្ខាសាលា​ថ្នាក់ជាតិ និងថ្នាក់តំបន់ និង ៥) លើកកម្ពស់សមភាពយេនឌ័រនៅក្នុងរដ្ឋបាលគយ ។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន និង JICA ដែលបានផ្ដល់ជំនួយបច្ចេកទេសជាបន្តបន្ទាប់ ក្នុងការអនុវត្តយុទ្ធសាស្ត្រកែទម្រង់ និងទំនើបកម្មរដ្ឋបាលគយកម្ពុជា, កម្មវិធីកសាងសមត្ថភាពដល់មន្ត្រីគយ និងជាពិសេសការផ្ដល់អ្នកជំនាញការ JICA រយៈពេលវែងមកជួយរដ្ឋបាលគយកម្ពុជា៕ រក្សាសិទ្ធដោយ ៖​សុទ្ធលី

spot_img
×