Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសាធារណការ និងក្រុមហ៊ុន រូយ៉ាល់ រេលវេ ធ្វើបច្ចុប្បន្នភាពផ្លូវឆ្លងកាត់ផ្លូវរថភ្លើង និងផ្លាកសញ្ញាចរាចរណ៍តាមផ្លូវរថភ្លើង ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ ការចុះធ្វើបច្ចុប្បន្នភាពផ្លូវឆ្លងកាត់ផ្លូវរថភ្លើង និងផ្លាកសញ្ញាចរាចរណ៍តាមផ្លូវរថភ្លើង ដើម្បីចាត់វិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងជំរុញការបំពាក់ឧបករណ៍សុវត្ថិភាពនៅតាមទីតាំងផ្លូវឆ្លងកាត់ ដើម្បីធានាសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវរថភ្លើង។

នាថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤ ដោយទទួលបានការចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មន្ត្រីជំនាញរបស់នាយកដ្ឋានផ្លូវដែក និងក្រុមហ៊ុន រូយ៉ាល់ រេលវេ និងអង្គភាពពាក់ព័ន្ធ បានចុះធ្វើបច្ចុប្បន្នភាព ផ្លូវឆ្លងកាត់ផ្លូវរថភ្លើង និងផ្លាកសញ្ញាចរាចរណ៍ តាមផ្លូវរថភ្លើង។ ការធ្វើបច្ចុប្បន្នភាពនេះ ត្រូវបានចាប់ផ្តើមចេញពីស្ថានីយរថភ្លើងភ្នំពេញ(Pk0+000) ឆ្ពោះទៅកាន់ទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមបណ្តោយផ្លូវរថភ្លើងទិសខាងជើង។

ជាមួយគ្នានេះផងដែរ ក្រសួងស្នើសុំប្រជាពលរដ្ឋចូលរួមអនុវត្តជាចាំបាច់នូវវិធានសុវត្ថិភាពមួយចំនួនដូចខាងក្រោម៖

1.ត្រូវគោរពសិទ្ធិអាទិភាពនៃចរាចរណ៍ខ្សែរថភ្លើងគ្រប់ពេលវេលា មុននឹងធ្វើដំណើរឆ្លងកាត់ផ្លូវរថភ្លើង
2.ត្រូវពិនិត្យមើលផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងស្តាប់សំឡេងស៊ីរ៉ែនរបស់ឧបករណ៍ការពារសុវត្ថិភាពស្វ័យប្រវត្តិ សំឡេងស៊ីផ្លេរបស់រថភ្លើងឱ្យប្រុងប្រយ័ត្ន មុននឹងឆ្លងកាត់ផ្លូវរថភ្លើង
3.ត្រូវអនុវត្ត និងគោរពតាមការណែនាំ របស់ឆ្មាំរបាររថភ្លើង រាល់ពេលឆ្លងកាត់ផ្លូវរថភ្លើង
4.ត្រូវស្ថិតនៅ ឬ ឈប់នៅ ខាងក្រៅរបារសុវត្ថិភាព រាល់ពេលមានខ្សែរថភ្លើងឆ្លងកាត់ផ្លូវ។

សូមរំលឹកថា ករណីឧបទ្ទវហេតុរថភ្លើង បុកជាមួយរថយន្ដក្រុង នៅវេលាម៉ោងជាង ១១ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្លូវចូលរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបណ្ដាលឲ្យមនុស្ស៤៦នាក់រងរបួសធ្ងន់ស្រាល។

បច្ចុប្បន្នជនរងគ្រោះចំនួន ១៨នាក់ (រងរបួសធ្ងន់ ៥នាក់ និងរងរបួសស្រាល ១៣នាក់) បាននឹងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់។ ដោយឡែកជនរងគ្រោះ ដែលរងរបួសស្រាល២៨នាក់ផ្សេងទៀត បាននឹងកំពុងសង្គ្រោះ និងព្យាបាលបឋម នៅមន្ទីរពេទ្យបង្អែកក្រគរ និងមណ្ឌលសុខភាពឈើតុំ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×