Saturday, March 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងចលករសេដ្ឋកិច្ចដ៏សំខាន់នៃការបណ្តុះជំនាញវិជ្ជាជីវៈដល់យុវជន ១,៥ លាននាក់ បានចាប់ផ្តើមចុះកម្មសិក្សានៅតាមក្រុមហ៊ុនឯកជន ដែលឱកាសទទួលបានការងារសមរម្យ

ភ្នំពេញ៖ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ១,៥ លាននាក់ របស់រាជរដ្ឋាភិបាល គឺជាឱកាសគន្លឹះសម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍប្រទេស និងទាក់ទាញអ្នកវិនិយោគ ដែលកំពុងសំលឹងមកកាន់តំបន់អាស៊ីអាគ្នេយ៍។ កម្មវិធីបណ្តុះយុវជនមកពីគ្រួសារក្រីក្រឱ្យស្របទៅតាមបំណងរបស់ប្រមុខរាជរដ្ឋាភិបាល ដែលចង់ឃើញយុវជនកម្ពុជា ជាកម្លាំងចលករសេដ្ឋកិច្ចដ៏សំខាន់ មានជំនាញជាក់លាក់ច្បាស់លាស់ ស្របតាមស្តង់ដារដែលមានគុណវុឌ្ឍន៍ ជាកត្តាធ្វើឱ្យសិក្ខាកាមទទួលបាននូវការងារសមរម្យជាងមុន ដើម្បីលើកស្ទួយជីវភាពក្រុមគ្រួសារឱ្យកាន់តែប្រសើរឡើង។

កម្មវិធីបណ្តុះជំនាញវិជ្ជាជីវៈ ១,៥ លាននាក់របស់រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នមានសិក្ខាកាមមួយចំនួន បានចាប់ផ្តើមចុះកម្មសិក្សានៅតាមក្រុមហ៊ុនឯកជនហើយ។ វិទ្យាស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស បានចាប់ផ្តើមបញ្ជូនសិក្ខាកាមសិក្សាជំនាញរបស់ខ្លួនចុះកម្មសិក្សានៅក្រុមហ៊ុនឯកជនផ្សេងៗ ដើម្បីពង្រឹងសមត្ថភាពលើការអនុវត្តផ្ទាល់ ផ្សារភ្ជាប់ជាមួយការសិក្សាទ្រឹស្តីនៅក្នុងថ្នាក់។ ការចុះកម្មសិក្សានេះបន្ទាប់ពីសិក្ខាកាមបាននិងកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសបានជាង៣ខែរួចមកហើយ ចាប់តាំងពីការបើកបវេសនកម្មវិធីសិក្សានេះកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។

លោក យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  បានលើកឡើងថា៖«វិទ្យាស្ថានខ្ញុំបានបញ្ជូនសិក្ខាកាមដែលកំពុងសិក្សាក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ១,៥ លាននាក់ ចុះកម្មសិក្សានៅតាមក្រុមហ៊ុនឯកជន និងការដ្ឋានរួចរាល់ហើយកាលពីពេលថ្មីៗនេះ»

នាយកវិទ្យាស្ថានរូបនេះបានគូសបញ្ជាក់ថា ការចុះកម្មសិក្សាគឺមានសារសំខាន់ណាស់សម្រាប់សិក្ខាកាមដែលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ពីព្រោះការចុះកម្មសិក្សាគឺជាការផ្សារភ្ជាប់ទៅនឹងមេរៀនដែលបានសិក្សានៅក្នុងថ្នាក់ ហើយកម្មសិក្សាក៏ជាផ្នែកមួយលើការពង្រឹងសមត្ថភាពបន្ថែមពីលើការអនុវត្តនៅរោងជាងដែលមានស្រាប់នៅក្នុងវិទ្យាស្ថានផងដែរ។

លោកនាយកវិទ្យាស្ថានបន្ថែមថា មាន៣ចំណុចសំខាន់នៅពេលចុះកម្មសិក្សា ទី១ សិក្ខាកាមអាចពិនិត្យបរិស្ថានការងារនៅជុំវិញខ្លួនដែលជាក្រុមហ៊ុនឯកជន ទី២ សិក្ខាកាមអាចហាត់ការផ្ទាល់ជាមួយក្រុមហ៊ុនឯកជន ទី៣ សិក្ខាកាមមានឱកាសជ្រើសរើសធ្វើការនៅក្រុមហ៊ុនឯកជននោះតែម្តងបន្ទាប់ពីហាត់ការរួច។

ទន្ទឹមនេះ នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ជិន តារ៉ា ក៏បានលើកឡើងដែរថា៖«ការចុះកម្មសិក្សាពិតជាមានសារសំខាន់ណាស់សម្រាប់សិក្ខាកាមសិក្សាជំនាញ ហើយវាក៏ជាឱកាសសិក្សាមួយសំខាន់បន្ថែមពីលើការអនុវត្តដែលមានស្រាប់នៅក្នុងថ្នាក់»

លោកបន្ថែមថា ក្រុមហ៊ុនឯកជននឹងធ្វើការជ្រើសរើសសិក្ខាកាមចុះកម្មសិក្សាទាំងឡាយណាដែលមានឥរិយាបទការងារល្អអំឡុងពេលហាត់ការ ចូលធ្វើការជាបុគ្គលិកក្រុមហ៊ុននោះពេញសិទ្ធិផងដែរ។ ដូច្នេះសិក្ខាកាមដែលចុះកម្មសិក្សាត្រូវតែធ្វើយ៉ាងណាខិតខំយកចិត្តទុកដាក់រៀនសូត្រ ដើម្បីទាក់ចិត្តក្រុមហ៊ុនឯកជននោះ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១៤ វិច្ឆិកា ២០២៣ និងបើកបវេសនកាលកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅ សិក្ខាកាមបាននិងកំពុងសិក្សាជំនាញវិជ្ជាជីវៈវគ្គទី១បានជាង៣ខែដោយរលូន។ វិទ្យាស្ថានបណ្តុះបណ្តាលមួយចំនួនបានចាប់ផ្តើមឱ្យសិក្ខាកាមរបស់ខ្លួនចុះកម្មសិក្សានៅតាមក្រុមហ៊ុនឯកជនផ្សេងៗដើម្បីពង្រឹងសមត្ថភាព បន្ទាប់សិក្សាទ្រឹស្តីក្នុងថ្នាក់ និងអនុវត្តនៅតាមសាលាបណ្តុះបណ្តាលផងដែរ៕