រូបភាពផ្កាយរណបថ្មីទើបត្រូវបានប្រកាសជាសាធារណៈបង្ហាញឱ្យឃើញថាកូរ៉េខាងជើងបានរុះរើទីលានសាកល្បងគ្រឿងម៉ាស៊ីនកាំជ្រួច ស្របតាមកិច្ចព្រមព្រៀងរវាងមេដឹកនាំ Kim Jong-un និងប្រធានាធិបតីអាមេរិក Donald Trump កាលពីខែមិថុនាកន្លងមក។

តាមទីភ្នាក់ងារព័ត៌មាន Yonhap គេហទំព័រ38 North ជំនាញតាមឃ្លាំមើលបណ្ដាព័ត៌មានអំពីកូរ៉េខាងជើងឱ្យដឹងថា តាមរយៈរូបភាពផ្កាយរណបថតបាននៅថ្ងៃទី៣សីហានោះ គេឃើញមានសកម្មភាពរើរុះកំពុងប្រព្រឹត្ដទៅនៅស្ថានីយបង្ហោះផ្កាយរណប Sohae។
38 Northចុះផ្សាយថា៖ នៅតំបន់សាកល្បងគ្រឿងម៉ាស៊ីនបញ្ឈរត្រង់ដែលធ្លាប់ត្រូវបានប្រើប្រាស់ការសាកល្បងនិងអភិវឌ្ឍន៍គ្រឿងម៉ាស៊ីនអន្ដរទ្វីបកូរ៉េខាងជើងបានបន្ដរុះរើខឿនធ្វើពីដែកថែបនិងដឹកជញ្ជូនធុងដែលមានផ្ទុកសារធាតុអុកស៊ីដកម្មនិងប្រេងឥន្ធនៈចេញផុតពីលេណដ្ឋានបេតុងត្រូវបានគេរុះរើនោះ។
ក្រោយពីឃើញរូបភាពបង្ហាញពីសកម្មភាពខាងលើ ប្រធានាធិបតីអាមេរិកTrump បានពោលថា៖ បណ្ដារូបភាពថ្មីដែលបង្ហាញឱ្យឃើញកូរ៉េខាងជើងបានចាប់ផ្ដើមដំណើរការរុះរើទីលានសាកល្បងកាំជ្រួចសំខាន់មួយ យើងខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកាយវិការនេះ៕សូយន