Saturday, March 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិវាជាតិផលិតផល១ ជួយទិញផលិតផលខ្មែរ គឺជួយផ្តល់ការងារដល់ពលរដ្ឋខ្មែរ

ជួយទិញផលិតផលខ្មែរ គឺជួយផ្តល់ការងារដល់ពលរដ្ឋខ្មែរ ជាពាក្យស្លោកមួយក្នុងចំណោមពាក្យស្លោកតាមបដាជាច្រើនដែលបានចងតាមដងផ្លូវនានាក្នុងខេត្តពោធិ៍សាត់ ក្នុងទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៧ ក្រោមប្រធានបទ “ផលិត និងផ្គត់ផ្គង់ទីផ្សារ ប្រកបដោយចីរភាព គឺជាចលនាភូមិ១ ផលិតផល១។

ប្រធានគណ:កម្មាធិការជាតិ ជម្រុញចលនាភូមិ១ ផលិតផល១ បានកំណត់យកខេត្តពោធិ៍សាត់ ជាខេត្តគោលដៅ ដើម្បីប្រារព្វពិធីអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៧ ឆ្នាំ២០២៤នេះ ក្រោមការបង្ហាញផ្លូវរបស់គោលនយោបាយជាតិ និងផែនការយុទ្ធសាស្រ្តជាតិស្តីពីការជម្រុញចលនាភូមិ១ ផលិតផល១ សកម្មភាពគន្លឹះជាច្រើនត្រូវបានដាក់ចេញឲ្យអនុវត្ត ជាពិសេសការចងក្រងបណ្តាញសមាជិកចលនាភូមិ១ ផលិតផល១ សកម្មភាពបណ្តុះបណ្តាលលើបច្ចេកទេសនានា ដូចជា៖ ការគ្រប់គ្រងអាជីវកម្ម ការកែឆ្នៃ ការរកទីផ្សារ និងសកម្មភាពផ្គូរផ្គងពាណិជ្ជកម្ម ដើម្បីបង្ករលក្ខណ:​ងាយស្រួល ដល់អ្នកផលិត និងអ្នកទិញប្រើប្រាស់។

ឆ្នាំ២០២៤នេះ ផលិតផលខ្មែរ ដែលមានសក្តានុពលក្នុងខេត្តពោធិ៍សាត់ មានចំនួន២២មុខ មានដូចជា៖​ ផលិតផលកសិកម្ម ឧស្សាហកម្ម  សេវាកម្មទេសចរណ៍។ ហើយក្នុងឆ្នាំ២០២៣កន្លងទៅ ខេត្តពោធិ៍សាត់ បានដាក់ស្នើសុំចុះឈ្មោះផលិតផលចំនួន១០មុខ ដើម្បីចូលជាសមាជិកភូមិ១ ផលិតផល១។

ឯកឧត្តមបណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ជាប្រធានគណ:កម្មាធិការជាតិជម្រុញចលនាភូមិ១ ផលិតផល១ បានមានប្រសាសន៍ថា ចលនាភូមិ១ ផលិតផល១ ត្រូវបានរាជរដ្ឋាភិបាល ចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន ដែលយន្តការដ៏មានសក្តានុពលមួយ ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន បង្កើនប្រភពចំណូលក្នុងគ្រួសារ បង្កើតការងារនៅនិងកន្លែង រួមចំណែកកាត់បន្ថយចំណាក់ស្រុក ឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ឯកឧត្តម បានជម្រុញឲ្យគណ:កម្មាធិការជម្រុញចលនាភូមិ១ ផលិតផល១ រាជធានី ខេត្តទាំងអស់ ត្រូវពង្រឹង និងពង្រីកឲ្យកាន់តែសកម្មថែមទៀត នូវចលនាភូមិ១ ផលិតផល១ ក្នុងមូលដ្ឋានរបស់ខ្លូន ដើម្បីលើកកម្ពស់ផលិតផលខ្មែរ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ការជម្រុញចលនាភូមិ១ ផលិតផល១ ក្រសួង ស្ថាប័ន្តពាក់ព័ន្ធ ត្រូវបន្តសិក្សាស្រាវជ្រាវរិះរកបច្ចេកទេស និងធ្យោបាយនវានុវត្តន៍ថ្មីៗបន្ថែមទៀត ក្នុងការជួយបណ្តុះបណ្តាលដល់ផលិតករ កសិករ ធ្វើឲ្យផលិតផលក្នុងស្រុក កាន់តែមានសក្តានុពលទីផ្សារ និងសមត្ថភាពប្រកួតប្រជែងខ្ពស់ និងសូមអំពាវនាវដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បងប្អូនជនរួមជាតិ និងភ្លៀវទេសចរទាំងអស់ សូមជួយគាំទ្រផលិតផលខ្មែរ ទិញផលិតផលខ្មែរទាំងអស់គ្នា ដើម្បីយកទៅប្រើប្រាស់ ដោយជួយទិញផលិតផលខ្មែរ គឺផ្តល់ការងារដល់ពលរដ្ឋខ្មែរ៕